អូស្រា្តលីប្រកាសផ្អាកប្រតិបត្តិការទ័ពអាកាសនៅស៊ីរី
រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃអង្គារនេះបានប្រកាសផ្អាកការចូលរួមរបស់អូស្រ្តាលី នៅក្នុងប្រតិបត្តិការទ័ពអាកាស របស់សម្ព័ន្ធអន្តរជាតិ ដឹកនាំដោយអាមេរិក នៅស៊ីរី។ អូស្រា្តលីបានសម្រេចចិត្តយ៉ាងដូច្នេះ នៅបន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំង រវាងរុស្ស៊ី និងអាមេរិក។ អាមេរិកដែលបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់កងទ័ពរដ្ឋាភិបាលស៊ីរី ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី កាលពីថ្ងៃ អាទិត្យ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អូស្ត្រាលីសម្រេចផ្អាកការចូលរួមរបស់ខ្លួន នៅក្នុងប្រតិបត្តិការវាយប្រហារផ្នែកអាកាសនៅក្នុងទឹកដីស៊ីរី។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអូស្រា្តលី ចេញផ្សាយ នៅថ្ងៃអង្គារនេះ។
ការផ្អាកព្យួរប្រតិបត្តិការទ័ពអាកាសអូស្រ្តាលី នៅក្នុងទឹកដីស៊ីរី ធ្វើឡើង នៅក្នុងពេលដែលអាមេរិក និងរុស្ស៊ី កំពុងដំឡើងសំឡេងដាក់គ្នា ខ្លាំងៗ នៅក្រោយអាមេរិកបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់កងទ័ពរដ្ឋាភិបាលស៊ីរី នៅភាគខាងត្បូងទីក្រុងរ៉ាកា កាលពីថ្ងៃអាទិត្យ។ តាមកងទ័ពអាមេរិក យន្តហោះចម្បាំងរបស់ស៊ីរីបានទម្លាក់គ្រាប់បែកលើក្រុមទាហានប្រឆាំង ស៊ីរី ដែលគាំទ្រដោយអាមេរិក និងដែលកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នៅទីក្រុងរ៉ាកា។
នៅថ្ងៃចន្ទ ម៉ូស្គូ ដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលស៊ីរី បានព្រមានថា រាល់យន្តហោះ របស់សម្ព័ន្ធអន្តរជាតិ ដឹកនាំដោយអាមេរិក ដែលហោះនៅភាគខាងលិចទន្លេ Euphrate ក្នុងដែនប្រតិបត្តិការរបស់រុស្ស៊ី នឹងក្លាយជាផ្ទាំងស៊ីបរបស់មីស៊ីលប្រមាញ់រុស្ស៊ី។ ផ្ទាំងស៊ីប ប៉ុន្តែ រុស្ស៊ី មិនបាននិយាយដល់ថ្នាក់ថា ខ្លួននឹងបាញ់ទម្លាក់ យន្តហោះរបស់កងទ័ពសម្ព័ន្ធអន្តរជាតិដឹកនាំដោយអាមេរិកនោះទេ។
ទន្លេ Euphrate ដែលពុះចេញខ័ណ្ឌទឹកដីស៊ីរី ស្ថិតនៅ ជាប់ក្បែរនឹងទីក្រុងរ៉ាកា សំបុករបស់ពួកជីហាត អង្គការរដ្ឋអ៊ីស្លាម ដែលកំពុងឡោមព័ទ្ធវាយប្រហារដោយកងទ័ពសម្ព័ន្ធអន្តរជាតិ នៅក្នុងទឹកដីស៊ីរី។ នៅថ្ងៃចន្ទ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន បញ្ជាការដ្ឋានអាមេរិក ដែលធ្វើប្រតិបត្តិការនៅដើមបូព៌ាបានអះអាងថា សម្ព័ន្ធអន្តរជាតិ គ្មានទិសដៅប្រយុទ្ធប្រឆាំងនឹងរបបស៊ីរី ប្រឆាំងនឹងរុស្ស៊ី ឬក្រុមដែលគាំទ្ររដ្ឋាភិបាលស៊ីរីនោះទេ។ ប៉ុន្តែ កងទ័ពសម្ព័ន្ធអន្តរជាតិក៏នឹងមិនរារែកនឹងធ្វើប្រតិបត្តិការណាមួយ ដើម្បី ការពារសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន ដែលរងការគំរាមកំហែងពីខាងក្រៅដែរ។
វាយបកតបនឹងចំណាត់ការឯកតោភាគីរបស់អាមេរិក ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃចន្ទ បានប្រកាសលុបចោលកិច្ចព្រមព្រៀង សន្តិសុខដែនអាកាស ដែលនៅក្នុងនោះ រុស្ស៊ី និងអាមេរិក បានព្រមព្រៀង ជូនដំណឹងឲ្យគ្នាទៅវិញ ទៅមក ដើម្បីជៀសវាងកុំឲ្យយន្តហោះរបស់ភាគីទាំងពីរ ប៉ះទង្គិច ជល់គ្នាធ្ងន់ធ្ងរ នៅក្នុងពេលធ្វើប្រតិបត្តិការនៅក្នុងទឹកដីស៊ីរី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ