បារាំងនិងអាមេរិកចង់អោយអង្គការសហប្រជាជាតិបន្ថែមទណ្ឌកម្មលើកូរ៉េខាងជើង រុស្ស៊ីជំទាស់
ក្នុងកិច្ចប្រជុំបន្ទាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្ងៃពុធម្សិលមិញ បារាំងនិងអាមេរិកចង់អោយក្រុមប្រឹក្សាសន្តិសុខដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលអន្តរទ្វីប កាលពីថ្ងៃអង្គារ។ ប៉ុន្តែ រុស្ស៊ីប្រាប់ទុកមុនថា ជំទាស់នឹងការបន្ថែមទណ្ឌកម្មប្រឆាំងក្រុងព្យុងយ៉ាង។ ថ្ងៃព្រហស្បតិ៍នេះ ចិនអំពាវនាវអោយចៀសវាងសកម្មភាព រឺការប្រើពាក្យពេចន៍ដែលបន្ថែមភាពតានតឹងដល់ស្ថានការណ៍ឧបទ្វីបកូរ៉េ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៤០
ក្នុងកិច្ចប្រជុំបន្ទាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិម្សិលមិញ លោកស្រីនីគី ហាឡី ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ពេលឆាប់ៗខាងមុខនេះ អាមេរិកនឹងស្នើទណ្ឌកម្មថ្មីៗទៀត ប្រឆាំងក្រុងព្យុងយ៉ាង។ អាមេរិកនឹងបង្ហាញសេចក្តីសម្រេចចិត្តទៅអង្គការសហប្រជាជាតិ ទាក់ទងទណ្ឌកម្មទាំងនេះ។ សម្រាប់អាមេរិក ការដែលកូរ៉េខាងជើងបាញ់មីស៊ីលអន្តរទ្វីបនៅថ្ងៃបុណ្យជាតិអាមេរិក៤កក្កដា សបង្ហាញច្បាស់ ពីការវាយលុកផ្នែកយោធារបស់ក្រុងព្យុងយ៉ាង។
សម្រាប់ទណ្ឌកម្មបន្ថែមនេះ អាមេរិកចង់ដាក់ទណ្ឌកម្មទៅលើប្រទេសណា ដែលបន្តធ្វើពាណិជ្ជកម្មជាមួយកូរ៉េខាងជើង។ ម្សិលមិញ លោកដូណាល់ ត្រាំ បានចោទចិនថា ចិនពង្រឹងការផ្តោះប្តូរពាណិជ្ជកម្មជាមួយក្រុងព្យុងយ៉ាង បំផ្លាញដល់ការប្រឹងប្រែងរបស់អាមេរិក។ បារាំងវិញ បានគាំទ្រអាមេរិក អោយដាក់ទណ្ឌកម្មអោយធ្ងន់លើក្រុងព្យុងយ៉ាង។
ប៉ុន្តែ រុស្ស៊ីព្រមានទុកមុនថា នឹងប្រើសិទ្ធិជំទាស់។ សម្រាប់រុស្ស៊ី ការបន្ថែមទណ្ឌកម្មលើកូរ៉េខាងជើង មិនមែនជាដំណោះស្រាយបញ្ហាទេ ហើយការប៉ុនប៉ងប្រើដំណោះស្រាយយោធា ជាអ្វីដែលមិនអាចទទួលយកបាន។ ដូចរុស្ស៊ីដែរ លោកលីវ ជីយី ឯកអគ្គរដ្ឋទូតចិននៅអង្គការសហប្រជាជាតិ មិនគាំទ្រជម្រើសយោធា ក្នុងការឆ្លើយតបទៅក្រុងព្យុងយ៉ាងទេ។ ថ្ងៃព្រហស្បតិ៍នេះ ចិនបានស្នើអោយចៀសសកម្មភាពរឺពាក្យពេចន៍ ដើម្បីកុំអោយស្ថានការណ៍ឧបទ្វីបកូរ៉េកាន់តែតានតឹង។
ក្រោយកូរ៉េខាងជើងបាញ់មីស៊ីលអន្តរទ្វីបថ្ងៃបុណ្យជាតិអាមេរិក ៤កក្កដា អាមេរិកនិងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធរួមគ្នា បាញ់មីស៊ីលឆ្លើយតបទៅវិញ។ ចិននិងរុស្ស៊ីបានស្នើអោយភាគីអាមេរិកនិងកូរ៉េខាងត្បូងឈប់ធ្វើសមយុទ្ធរួមគ្នាទៀត ជាថ្នូរ ខាងភាគីកូរ៉េខាងជើងក៏ត្រូវផ្អាកការបាញ់សាកមីស៊ីលនុយក្លេអ៊ែរតទៅទៀតដែរ។ ចិនធ្លាប់លើកសំណើនេះទៅអាមេរិកដែរ តែកាលពីខែមីនា អាមេរិកបានបដិសេធសំណើចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ