អានតួអត្ថបទ

លោកត្រាំសម្របតាម​​​សេអ៊ូល​រឿង​បើក​ជំនួប​ចរចានុយក្លេអ៊ែរ​​ជាមួយ​កូរ៉េខាង​ជើង

ក្នុង​ឱកាស​ទទួល​ជួប​ប្រធានាធិបតី​កូរ៉េខាង​ត្បូង លោក ម៉ូន​ ជែអ៊ីន នៅ​សេតវិមាន​ម្សិលមិញ លោក ដូណាល់ ត្រាំ បាន​គូស​បញ្ជាក់​អំពី​ភាព​សំខាន់​នៃការ​រឹត​ចំណង​​សម្ព័ន្ធភាព​រវាង​វ៉ាស៊ីនតោន និង​សេអ៊ូល និង​បាន​ទាមទារ​ឱ្យ​មាន​​ទង្វើ​ច្បាស់លាស់​ប្រឆាំង​នឹង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង។

លោកDonald Trump និង​សមភាគី​Moon Jae-in នៅ​សេតវិមាន​ថ្ងៃទី ៣០មិថុនា ២០១៧
លោកDonald Trump និង​សមភាគី​Moon Jae-in នៅ​សេតវិមាន​ថ្ងៃទី ៣០មិថុនា ២០១៧ REUTERS/Jim Bourg
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​ថ្មី​កូរ៉េខាងត្បូង គ្មាន​ជំហរ​នយោបាយ​ស្រប​នឹង​លោកដូណាល់ ត្រាំទេ ក្នុង​សំណុំ​រឿង​កូរ៉េខាង​ជើង ប៉ុន្តែ​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ នា​ឱកាស​ជួប​ពិភាក្សា​គ្នា នៅ​សេតវិមាន​ជា​លើក​ទី​មួយ ប្រមុខ​ដឹកនាំ​ទាំង​ពីរ បាន​ព្រមព្រៀង​គ្នា​លើ​ដំណោះសា្រយ​បើក​ឱ្យ​មាន​កិច្ចពិភាក្សា​​ជាមួយ​កូរ៉េខាង​ជើង​ ក្នុង​ក្របខ័ណ្ឌ​ដែល​នាំ​របប​ព្យុងយ៉ាង​ឱ្យ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​យោធា។

ទន្ទឹម​នឹង​ការ​បង្ហើប​ទ្វារ​ចរចា ប្រធានាធិបតី​អាមេរិកក៏​បាន​ធានា​អះអាង​ប្រាប់​​សមភាគី​កូរ៉េខាង​ត្បូង ថា​នឹង​សហការស្អិត​ល្មួត​​ជាមួយសេអ៊ូល​ និង​ជប៉ុន ព្រម​ទាំង​បណ្តាប្រទេស​ជា​ដៃគូ​ផ្សេង​ទៀតលើ​ពិភពលោក ដើម្បី​ចាត់​វិធានការ​ការ​ទូត សន្តិសុខ​ និង​សេដ្ឋកិច្ច រួម ក្នុងកម្មវត្ថុតែ​មួយ​ គឺ​ ការពារ​សម្ព័ន្ធមិត្ត​ និង​ពលរដ្ឋ​​ប្រឆាំង​នឹង​ការ​គំរាម​កំហែង ព្រោះ​លោក​អស់​អំណត់​ហើយ។​

លោកដូណាល់ ត្រាំ ក៏​បានទទួល​ពាក្យ​អញ្ជើញ​របស់​កូរ៉េខាង​ត្បូង ថា​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សេអ៊ូល នៅ​ដំណាច់​ឆ្នាំ​២០១៧​នេះ។ ប៉ុន្តែ​លើ​ផ្នែក​ពាណិជ្ជកម្ម​វិញ​ លោក​ដូណាល់ ត្រាំ​ មិន​ភ្លេច​នឹង​បរិហារ​អំពី​វិសមភាព​នៃ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​គ្នា​ទេ​ ជាពិសេស​នៅ​ក្នុង​វិស័យ​ដែកថែប និង​រថយន្ត។

តាំង​ពី​បាន​ចុះ​សន្ធិសញ្ញា​ពាណិជ្ជកម្ម​​​ឆ្នាំ​២០១២​មក ដែល​ជា​មរតក​បន្សល់​ទុក​ដោយ​រដ្ឋបាល​លោក​អូបាម៉ា​មក ឱនភាព​ពាណិជ្ជកម្ម​​អាមេរិកជា​មួយ​កូរ៉េខាង​ត្បូង បាន​កើន​ឡើង​ទ្វេដង ពី ១៣២០០​លាន​ដុល្លារ​នៅឆ្នាំ​២០១១​ទៅ ២៧៧០០​លាន​នៅឆ្នាំ​២០១៦។ សន្ធិសញ្ញា​KorUS ធ្វើ​ឡើង​ក្នុង​បំណង​បង្កើន​ការ​នាំ​ចេញ​ពី​អាមេរិក​ទៅ​កូរ៉េខាង​ត្បូង ​ក្នុងទំហំ ១០ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ប៉ុន្តែ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង គេ​ឃើញ​មាន​និន្នាការផ្ទុយ​ទៅ​វិញ។ ​នៅ​ឆ្នាំ​២០១៦ ​អាមេរិកការនាំ​ចេញ​ទៅ​កូរ៉េ​ខាង​ត្បូង​ ទាបជាង​៣ពាន់​លាន​ដុល្លារ ទាប​ជាង​នៅ​ឆ្នាំ​២០១១​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ