អានតួអត្ថបទ
អ៊ីរ៉ង់-អាមេរិក

អ៊ីរ៉ង់​បដិសេធ​ការ​ចោទ​​​ប្រកាន់​​របស់លោក Donald Trump​ នៅ​ក្នុង​​សហ​ប្រតិបត្តិការ​ជាមួយ​ព្យុងយ៉ាង​​​

ទីក្រុង​​តេអេរ៉ង់​ បាន​​ចាត់ទុក​​​ ប្រសាសន៍​​​​​របស់​​​​លោក​ Donald Trump ​​ប្រធានាធិបតី​​អាមេរិក​​​កាលពី​​ថ្ងៃ​​ចន្ទ​​ម្សិលមិញ​ដែ​លចោទ​​​​ថា​​​អ៊ីរ៉ង់​ ​​សហប្រតិបត្តិការ​​ជាមួយ​ព្យុងយ៉ាង​​នៅ​​លើ​​វិស័យ​​​ស្រាវជ្រាវ​​និង​​អភិវឌ្ឈន៍​​មីស៊ីល​បាលីស្ទីក​​នោះ​ ថា​​​ពុំមាន​​​​​មូលដ្ឋាន​និងក៏​​ពុំ​សម​ហេតុ​សម​ផល​ដែរ។

ប្រធានាធិបតី Donald Trump
ប្រធានាធិបតី Donald Trump REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ប្រសាសន៍​​លោក​ Donald Trump ដែល​ថ្លែង​ថា "តេអេរ៉ង់ សហប្រតិបត្តិការ​​ជាមួយ​​ព្យុងយ៉ាង​​នៅ​លើ​វិស័យ​មីស៊ីល​បាលីស្ទីក​នោះ គឺ​​ជា​ការ​ចោទ​ប្រកាន់​មួយ​ដែល​គ្មាន​មូលដ្ឋាន​​និង​មិន​​សមហេតុផល​ទាល់តែសោះ"-​នេះ​​ជា​សេចក្តីថ្លែង​​របស់​​អ្នកនាំពាក្យ​​នៃ​​ក្រសួង​ការបរទេស​អ៊ីរ៉ង់​នៅ​ទីក្រុង​តេអេរ៉ង់​។ អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​អ៊ឺរ៉ង់ ដដែល ​បាន​ថ្លែង​​បន្ថែម​ទៀត​ថា”​នៅ​លើ​វិស័យ​មីស៊ីល​បាលីស្ទីក​នេះ ​បន្ទាត់​នយោបាយ​របស់​អ៊ីរ៉ង់ តែងតែ​មាន​ភាព​ច្បាស់លាស់​និង​មាន​តម្លាភាព"។ ម្យ៉ាងទៀត ​ការចង់​បាន​របស់អ៊ីរង់ ​​គឺ​ការ​ស្វែងរក ​ផ្នែក​ថាមពល​នុយក្លេអ៊ែរ ​ក្នុង​គោលដៅ​សន្តិភាពតែប៉ុណ្ណោះ​។

កាលពី​ថ្ងៃ​សៅរ៍​មុន ​អ៊ីរ៉ង់ ធ្លាប់​បាន​អះអាង​ថា "ប្រទេស​ខ្លួន ​បាន​ធ្វើ​ការ​សាក​ល្បង​មីស៊ីល​ថ្មី​មួយ​ដោយជោគជ័យ មីស៊ីល​ដែល​អាច​បាញ់​បាន​ចម្ងាយ​រហូត​ដល់ ២០០០ គម ។ ហើយ​យោង​តាម​អាជ្ញាធរ​អ៊ីរ៉ង់ មីស៊ីល​ថ្មី​នេះ អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ​ជា​ច្រើន​ទៀត​ផង។ មិនតែប៉ុណ្ណោះ ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់ ថែម​ទាំង​បាន​ផ្សព្វផ្សាយ​នូវ​រូបភាព​មួយ​ចំនួន​​ដែល​គ្មាន​ចុះ​កាលបរិច្ឆេទ​ទេ​ តែ បាន​បញ្ជាក់​ថា ជា​ការ​បាញ់​​មីស៊ីល​នេះ ​ក្រោមរហ័សនាម ​ថា ​“ Khoramshahr ។

ភា្លមៗ​នោះ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​បញ្ចេញ​ប្រតិកម្ម​នៅ​លើ​គណនីយ Twitter របស់​លោក​​ថា “អ៊ីរ៉ង់ បាន​សាកល្បង​​មីស៊ីល​បាលីស្ទីក​មួយ​គ្រាប់​របស់​ខ្លួន​ដែល​អាច​បាញ់​ទៅ​ដល់​ប្រទេស​អ៊ីស្រាអែល ក៏ព្រម​ទាំង​បាន​ធ្វើការ​ជាមួយ​កូរ៉េ​ខាង​ជើង​ទៀតផង​​នៅ​លើ​វិស័យ​មីស៊ីល​នេះ​។ ​តែ​កន្លងមក អឺរ៉ង់​ ធ្លាប់​បាន​បញ្ជាក់​​ថា កម្មវិធី​មីស៊ីល​របស់​ខ្លួន ស្រប​ច្បាប់​និង​​មិន​បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ ​ដែល​ចុះ​ជាមួយ​ប្រទេស​មហា​អំណាច​នៅឆ្នាំ​២០១៥​នោះទេ​ ពីព្រោះ​មីស៊ីល​អ៊ីរ៉ង់ មាន​សមត្ថភាព​ត្រឹមតែ​បំពាក់​ក្បាល​គ្រាប់បែក​ធម្មតា​ដែល​ប្រើ​សម្រាប់​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ។

តែ ទីក្រុង​វ៉ាស៊ីនតោន នៅ​តែ​ពុំជឿ​លើ​ការ​អះអាង​របស់​អ៊ីរ៉ង់​​និងបាន​​ចោទ​ថា​"អ៊ីរ៉ង់ បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​នេះ ដោយសារតែ​អីរ៉ង់ ​មាន​សក្តានុពល​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​​សម្រាប់​បំពាក់​លើ​មីស៊ីល។ លោកដូណាល់ត្រំ ធ្វើការ​រិះគន់​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ស្តីពី​​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នោះ​ ថា​ជា​កិច្ចព្រមព្រៀង​អាក្រក់​ដែល​លោក​មាន​បំណង​ចង់​​ដក​ចេញ​វិញ។

គួរំលឹកថា ​កិច្ចព្រមព្រៀងអន្តរជាតិស្តីពី​នុយក្លេអ៊ែរអ៊ីរ៉ង់​​នេះ បាន​អនុញ្ញាត​ឱ្យ​​មាន​ការ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​មួយ​ចំណែក​ ពី​អ៊ីរ៉ង់ ​ដោយ​ប្តូរ​ជាមួយ​នឹង​ការ​ធានា​បញ្ជាក់​យ់ាង​​ត្រឹមត្រូវ​​ពី​សំណាក់​ទីភ្នាក់ងារ​ថាមពលបរិមាណូអន្តរជាតិ ​AIEA ថា"​ ​អ៊ីរ៉ង់​​ធ្វើតែ​សកម្មភាពនុយក្លេអ៊ែរ​ស៊ីវីល​ប៉ុណ្ណោះ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ