អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន៖​មហាសន្និបាត​បាន​ចារ​ឈ្មោះ និង​លទ្ធិ​របស់​លោក​ស៊ី ​ជីនពីង​ទៅ​ក្នុង​ធម្មនុញ្ញ​របស់​គណបក្ស​កុម្មុយនិស្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ចិន មហាសន្និបាត​គណបក្ស​កុម្មុយនិស្ត​លើកទី១៩ បាន​បិទ​បញ្ចប់​សម័យ​ប្រជុំ​របស់​ខ្លួន​នា​ថ្ងៃ​អង្គារ ទី២៤ តុលា​នេះ។ នៅ​ក្នុង​បរិយាកាស​នៃ​ការ​បិទបញ្ចប់​ជា​ឱឡារិក គណៈប្រតិភូ​ទាំង​ជាង ២ ៣០០នាក់​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​ចារ​ឈ្មោះ និង​លទ្ធិ​របស់​លោក​ប្រធានាធិបតី​ស៊ី ជីនពីង​ទៅ​ក្នុង​ធម្មនុញ្ញ​របស់​គណបក្ស​កុម្មុយនិស្ត។ កិត្តិយស​ដែល​លោក​ស៊ី ជីនពីង​ទទួល​បាន​ពេល​នេះ គឺ​ស្មើ​នឹង​កិត្តិយស​ដែល​បក្ស​បាន​ផ្តល់​ឲ្យ​លោក​ម៉ៅ សេទុង​ដែល​ជា​ស្ថាបនិក​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ មាន​អាយុ ៦៤ឆ្នាំ លោក​ស៊ី ជីនពីង​នឹង​ត្រូវ​កាន់​តំណែង​ជា​អគ្គលេខាធិការ​មជ្ឈិមបក្ស​សម្រាប់ ៥ឆ្នាំ​បន្ថែម​ទៀត។

លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ក្នុង​មហាសន្និបាតគណបក្ស​កុម្មុយនិស្ត​លើក​ទី១៩ ថ្ងៃទី២៤ តុលា ២០១៧
លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ក្នុង​មហាសន្និបាតគណបក្ស​កុម្មុយនិស្ត​លើក​ទី១៩ ថ្ងៃទី២៤ តុលា ២០១៧ REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

គណៈប្រតិភូ​ចិន​ទាំង​ជាង ២ ៣០០នាក់​ដែល​បាន​ចូលរួម​នៅ​ក្នុង​មហាសន្និបាត​បក្ស​លើកទី១៩ តាំង​ពី​ថ្ងៃទី១៨ តុលា​បាន​យល់​ព្រម​នៅ​ថ្ងៃ​បិទបញ្ចប់​សម័យ​ប្រជុំ​ថ្ងៃទី២៤ តុលា​ដោយ​ចារ​ឈ្មោះ ព្រម​ទាំង​លទ្ធិ ឬ​ទ្រឹស្តី​របស់​លោក​ប្រធានាធិបតី​ចិន​សព្វថ្ងៃ​ស៊ី ជីនពីង​ទៅ​ក្នុង​ធម្មនុញ្ញ​របស់​គណបក្ស​កុម្មុយនិស្ត។ ការ​ចារ​ឈ្មោះ និង​លទ្ធិ​របស់​លោក​ស៊ី ជីនពីង​ទៅ​ក្នុង​ធម្មនុញ្ញ​របស់​គណបក្ស​កុម្មុយនិស្ត គឺ​ជា​ការ​ផ្តល់ និង​ការ​ពង្រឹង​អំណាច​បន្ថែម​ឲ្យ​លោក​ស៊ី ជីនពីង​ក្នុង​តំណែង​ជា​អគ្គលេខាធិការ​បក្ស និង​ជា​ប្រធានាធិបតី។

សូម​ជម្រាប​ជូន​ថា នីតិវិធី​មួយ​នេះ​ត្រូវ​បាន​គណបក្ស​កុម្មុយនិស្ត​ផ្តើម​អនុវត្តន៍​តាំង​ពី​ជំនាន់​លោក​ម៉ៅ សេទុង​ដែល​ជា​ស្ថានិក​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុង​ឆ្នាំ ១៩៤៩ និង​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក​ម៉ៅ សេទុង​កំពុង​កាន់​អំណាច។ ដូច្នេះ​កិតិ្តយស​ដែល​លោក​គណបក្ស​កុម្មុយនិស្ត​បាន​ផ្តល់​ឲ្យ​លោក​ស៊ី ជីនពីង​ពេល​នេះ គឺ​ស្មើ​នឹង​កិត្តិយស​ដែល​លោក​ម៉ៅ សេទុង​បាន​ទទួល​ក្នុង​ពេល​ដែល​លោក​កំពុង​កាន់​អំណាច។

គួរ​រម្លឹក​ជូន​ថា អតីត​ប្រធានាធិបតី​ចិន​មុន​លោក​ស៊ី ជីនពីង​ចំនួន​ពីរ​រូប គឺ​លោក Jiang Zemin និង​លោក​ហ៊ូ ជីនតាវ​ត្រូវ​បាន​គណបក្ស​កុម្មុយនិស្ត​យក​ត្រឹម​ទ្រឹស្តី​នយោបាយ ឬ​សេដ្ឋកិច្ច​ទៅ​ចារ​ក្នុង​ធម្មនុញ្ញ​របស់​បក្ស ក្រោយ​ពី​ឥស្សរជន​ទាំង​ពីរ​ចូល​និវត្តន៍​ដោយ​មិន​បាន​ភ្ជាប់​ឈ្មោះ​ទៅ​ជាមួយ​ទេ។

តាំង​ពី​ក្រោយ​លោក​ម៉ៅ សេទុង​មក គេ​ឃើញ​មាន​តែ​លោក​ប្រធានាធិបតី Deng Xiaoping ម្នាក់​គត់​ដែល​ជា​បិតា​កំណែទម្រង់​សេដ្ឋកិច្ច​ចិន​នា​ដំណាច់​ទសវត្ស​ឆ្នាំ ៧០ ត្រូវ​បាន​គណបក្ស​បញ្ជូល​ឈ្មោះ​ទៅ​ក្នុង​ធម្មនុញ្ញ​របស់​បក្ស តែ​បាន​ធ្វើ​ឡើង​នៅ​ក្រោយ​មរណៈភាព​របស់​លោក​ក្នុង​ឆ្នាំ ១៩៩៧ ប៉ុណ្ណោះ ពោល​មិនមែន​ក្នុង​ពេល​កាន់​អំណាច​ដូច​លោក​ម៉ៅ សេទុង និង​លោក​ស៊ី ជីនពីង​ឡើយ។

លោក​ស៊ី ជីនពីង​ទទួល​បាន​អំណាច​ទាំងស្រុង

ការ​ចារ​ឈ្មោះ​នៅ​ក្នុង​ធម្មនុញ្ញ​របស់​គណបក្ស​កុម្មុយនិស្ត​ពេល​នេះ​នឹង​ធ្វើ​ឲ្យ​លោក​ស៊ី ជីនពីង​ក្លាយ​ជា​ថ្នាក់ដឹកនាំ​ចិន​ដ៏​មាន​មហិទ្ធិឫទ្ធិ​ជាង​គេ គិត​តាំង​ពី ៤០ឆ្នាំ​កន្លង​ទៅ។ នៅ​ក្នុង​សុន្ទរកថា​ជាង ៣ម៉ោង​ដែល​បាន​ថ្លែង​នៅ​ក្នុង​មហាសន្និបាត​បក្សកុម្មយនិស្ត​លើកទី១៩ លោក​ស៊ី ជីនពីង​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​អំពី​មហាអំណាច​ចិន​រុងរឿង និង​ទទួល​បាន​ការ​គោរព កោតខ្លាច បន្ទាប់​ពី​បាន​បាក់មុខ​ខ្លាំង​អស់ ១សតវត្ស​កន្លះ។ នៅ​ក្នុង​ន័យ​នេះ លោក​ស៊ី ជីនពីង​បាន​សន្យា​កសាង​កម្លាំងទ័ព​មួយ​នៅ​ជួរ​មុខ​ក្នុង​ពិភពលោក​ពី​ពេល​នេះ​ដល់​ឆ្នាំ ២០៥០ និង​បង្កើន​ការ ការពារ​សង្គម និង​វេជ្ជសាស្រ្ត។

បន្ទាប់​មក លោក​ស៊ី ជីនពីង​បាន​និយាយ​ពី​នីតិរដ្ឋ​សង្គមនិយម ឬ​មួយ​ក៏​ធានា​ពី​ការ​រួមរស់ ចុះ​សម្រុងគ្នា​រវាង​មនុស្ស និង​ធម្មជាតិ។ លោក​ស៊ី ជីនពីង​បាន​យល់​ឃើញ​ថា ដើម្បី​អាច​សម្រេច​កម្មវត្ថុ​ទាំង​នេះ​បាន គេ​ត្រូវ​តែ​ពង្រឹង​អំណាច​នយោបាយ មាន​ន័យ​ថា ការ​គ្រប់គ្រង​ការងារ​របស់​បក្ស រដ្ឋាភិបាល កងទ័ព និង​សង្គមស៊ីវិល​នឹង​ត្រូវ​ស្ថិត​ក្រោម​ដំបូល​របស់​ស្ថាប័ន​តែ​មួយ គឺ​ថ្នាក់ដឹកនាំ​របស់​គណបក្ស​កុម្មុយនិស្ត។ អ្វី​ដែល​លោក​ស៊ី ជីនពីង​ចង់​និយាយ​គឺ​ថា លោក​ជា​អ្នក​កាច់ចង្កូត​ប្រទេស​នៅ​លើ​គ្រប់​វិស័យ​ទាំង​អស់។ អំណាច​ធំធេង​របស់​លោក​ស៊ី ជីនពីង​នឹង​ត្រូវ​បញ្ជាក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ ទី២៥ តុលា​តាម​រយៈ​ការ​ផ្លាស់ប្តូរ​សមាជិក​ទាំង ៧នាក់​នៃ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​បក្សកុម្មុយនិស្ត។

នៅ​ក្នុង​ចំណោម​សមាជិក​ទាំង ៧នាក់​នៃ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​បក្សកុម្មុយនិស្ត គឺ​មាន​លោក​ប្រធានាធិបតី​ស៊ី ជីនពីង និង​លោក​នាយករដ្ឋមន្រ្តី​លី ខឺជាំង​ដែល​នឹង​នៅ​ដដែល ចំណែក​សមាជិក ៥នាក់​ផ្សេង​ទៀត​ត្រូវ​ប្តូរ​ចេញ​ដោយ​ដល់​អាយុ​ចូល​និវត្តន៍។ តើ​ឥស្សរជន​ដែល​ត្រូវ​ចូល​ជំនួស​ជា​នរណា? តើ​ជា​មនុស្ស​ជំនិត​របស់​លោក​ស៊ី ជីនពីង​ដូច​ដែល​គ្រប់​គ្នា​បាន​គិត​ឬ?។ បើ​ដូច្នេះ​មែន លោក​ស៊ី ជីនពីង​នឹង​ក្តោបក្តាប់​អំណាច​ពេញ​ដៃ រួម​ទាំង​អំណាច​លើ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​ការិយាល័យ​មជ្ឈិម​បក្សកុម្មុយនិស្ត​ផង។

ចាប់​ពី​ពេល​នេះ​ត​ទៅ និង​ដោយ​មាន​ឈ្មោះ​ចារ​ក្នុង​ធម្មនុញ្ញ​របស់​គណបក្ស លោក​ស៊ី ជីនពីង​ដែល​មាន​អាយុ ៦៤ឆ្នាំ និង​បាន​កាន់​តំណែង​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០១៣ អាច​កាន់​តំណែង​ប្រមុខ​រដ្ឋ​ដដែល​នេះ​អស់​មួយ​ជីវិត ដរាប​ណា​លោក​នៅ​មាន​ដង្ហើម និង​មាន​កម្លាំងកំហែង​មាំមួន​ដោយ​លែង​បារម្ភ​ពី​ការ​ស្វែង​រក​អ្នក​ស្នងតំណែង​ពី​លោក​ទៀត​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ