អានតួអត្ថបទ
អូស្រ្តាលី-ប៉ាពូអាស៊ីនូវែលហ្គីណេ

អាជ្ញាធរ​ប៉ាពូអាស៊ីនូវែលហ្គីណេ​រុះរើ​ជំរំ​ជនភៀសខ្លួន​របស់​អូស្រ្តាលី​នៅ​កោះ​ម៉ានុស

នៅ​ថ្ងៃ​សុក្រ ទី១០ វិច្ឆិកា អាជ្ញាធរ​នៃ​ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ​បាន​កម្ទេច​ជំរំ​ជនភៀសខ្លួន​របស់​អូស្រ្តាលី​នៅ​កោះ​ម៉ានុស (Manus) ព្រម​ទាំង​កាត់​ផ្តាច់​ប្រព័ន្ធ​ទឹក និង​ភ្លើង​អគ្គិសនី។ ប្រតិបត្តិការ​វាយកម្ទេច​នេះ​បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង មុន​នឹង​ឱសានវាទ​ជម្លៀស​ជនភៀសខ្លួន​ចេញ​ពី​ជំរំ​នោះ​ឈាន​ដល់​ទីបញ្ចប់។ គួរ​រម្លឹក​ជូន​ថា ជំរំ​ជនភៀសខ្លួន​មួយ​នេះ​របស់​អូស្រ្តាលី​នៅ​លើ​ទឹកដី​ប៉ាពូអាស៊ីនូវែលហ្គីណេ​ត្រូវ​បាន​អូស្រ្តាលី​សម្រច​បិទទ្វារ​ជា​ផ្លូវការ​កាល​ពី​ថ្ងៃទី៣១ តុលា។

អាជ្ញាធរ​ប៉ាពូអាស៊ីនូវែលហ្គីណេ​រុះរើ​ជំរំ​ជនភៀសខ្លួន​របស់​អូស្រ្តាលី​នៅ​កោះ​ម៉ានុស
អាជ្ញាធរ​ប៉ាពូអាស៊ីនូវែលហ្គីណេ​រុះរើ​ជំរំ​ជនភៀសខ្លួន​របស់​អូស្រ្តាលី​នៅ​កោះ​ម៉ានុស Reuters
ផ្សាយពាណិជ្ជកម្ម

តាម​គម្រោង អាជ្ញាធរ​ប៉ាពូអាស៊ីនូវែលហ្គីណេ​បាន​ទុក​ពេល​រហូត​ដល់​ថ្ងៃ​សៅរ៍ ទី១១ វិច្ឆិកា​ដើម្បី​ឲ្យ​ជនភៀសខ្លួន​ប្រមាណ​ជា ៦០០នាក់​ចាកចេញ​ពី​ជំរំ​ជនភៀសខ្លួន​ម៉ានុស​ដោយ​ស្ម័គ្រចិត្ត ហើយ​កម្លាំង​ប៉ូលិស​នឹង​ចេញ​ប្រតិបត្តិការ​ជម្លៀស​ពួក​គេ បើ​ពួក​គេ​មិន​ព្រម​ចាកចេញ​ទេ​នោះ។ តែ​សាក្សី​ផ្តល់​ដោយ​ជនភៀសខ្លួន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី១០ វិច្ឆិកា​នេះ​ថា កម្លាំង​ប៉ូលិស​បាន​ផ្តើម​កម្ទេច​ជម្រក និង​កាត់ផ្តាច់​បណ្តាញ​ទឹកស្អាត ព្រម​ទាំង​បណ្តាញ​អគ្គិសនី។

ជនភៀសខ្លួន​អ៊ីរ៉ង់​លោក​បូឆានី​បាន​ថ្លែង​ថា កម្លាំង​ប៉ូលិស​រួម​សហការណ៍​ជាមួយ​កម្លាំង​អន្តោប្រវេសន៍​បាន​រុះរើ​ជម្រក​របស់​ជនភៀសខ្លួន ព្រម​ទាំង​វាយបំបែក​ធុងសម្រាម​ដែល​ជនភៀសខ្លួន​ប្រើ​ដើម្បី​ត្រង​ទឹកភ្លៀង។ តាម​រូប​លោក​បូឆានី​ដដែល របាំង​សន្តិសុខ​ដែល​ព័ទ្ធ​ជុំវិញ​ជំរំ​ក៏​ត្រូវ​បាន​កម្លាំង​ប៉ូលិស​ផ្តើម​រុះរើ​ដក​ចេញ​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៩ វិច្ឆិកា​មក​ម្ល៉េះ។ ជនភៀសខ្លួន​ម្នាក់​ទៀត​ជា​ជនជាតិ​ស៊ូដង់​បាន​បង្ហាញ​រូបថត​បុរស​ម្នាក់​ដែល​កំពុង​កម្ទេច​ជម្រក​ជំរំ និង​ធុងសម្រាម​ជា​ច្រើន​ដែល​ទទេ​ស្អាត​គ្មាន​ទឹក​មួយ​ដំណក់​សោះ។

ទន្ទឹម​នឹង​សាក្សី​របស់​ជនភៀសខ្លួន សមាគម​សិទ្ធិមនុស្ស​អូស្រ្តាលី​ឈ្មោះ GetUp ក៏​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី១០ វិច្ឆិកា​នេះ​នូវ​ខ្សែអាត់​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​លក្ខខណ្ឌ​ជីវិត​លំបាកលំបិន​របស់​ជនភៀសខ្លួន ពិសេស​រូបភាព​ជនភៀសខ្លួន​ដេក​លើ​តុ និង​រណ្តៅ​ដែល​ពួក​គេ​ជីក​ដើម្បី​រក​ប្រភពទឹក។ល។ និង​។ល។ លោកស្រី Shen Narayanasamy សហប្រធាន​សមាគម GetUp បាន​ថ្លែង​ថា សេចក្តីស្លាប់ និង​ជម្ងឺ​ធ្ងន់ធ្ងរ​នឹង​កើត​មាន​លើ​ជនភៀសខ្លួន​ដោយ​ចៀស​មិនរួច​នៅ​ពេល​ខាង​មុខ។

សូម​រម្លឹក​ជូន​ថា អូស្រ្តាលី​បាន​សាងសង់​ជំរំ​ជនភៀសខ្លួន​នៅ​កោះ​ម៉ានុស​ក្នុង​ទឹកដី​ប៉ាពូអាស៊ីនូវែលហ្គីណេ​ដើម្បី​ដាក់​ជនភៀសខ្លួន​ដែល​កំពុង​សុំ​សិទ្ធិជ្រកកោណ​នៅ​អូស្រ្តាលី។ តែ​ក្រោយ​ពី​អង្គការ​សិទ្ធិមនុស្ស និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​បរិហារ​លើ​លក្ខខណ្ឌ​រស់នៅ​របស់​ជនភៀសខ្លួន​មក អូស្រ្តាលី​ក៏​បាន​សម្រេច​បិទ​ជំរំ​នៅ​ម៉ានុស​ជា​ស្ថាពរ​កាល​ពី​ថ្ងៃទី៣១ តុលា​ដោយ​បញ្ជូន​ជនភៀសខ្លួន​ទាំង ៦០០នាក់​ទៅ​ដាក់​នៅ​ជំរំ​ជនភៀសខ្លួន ៣ផ្សេង​វិញ។ តែ​ជនភៀសខ្លួន​ភាគ​ច្រើន​មិន​ព្រម​ចាក​ចេញ​ដោយ​បារម្ភ​ពី​សន្តិសុខ​ប្រឈម​នឹង​ភាព​ស្អប់​របស់​ពលរដ្ឋ​ប៉ាពូអាស៊ីនូវែលហ្គីណេ​មួយ​ចំនួន។ ចំណែក​តុលាការកំពូល​ប៉ាពូអាស៊ីនូវែលហ្គីណេ​ក៏​យល់​ឃើញ​ថា ជំរំ​ជនភៀសខ្លួន​ម៉ានុស​បាន​បង្កើត​ឡើង​ខុស​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ