APEC៖ ប្រធានាធិបតីចិន និងអាមេរិក មានជំហរផ្ទុយគ្នាក្នុងរឿងដោះដូរពាណិជ្ជកម្មសេរី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៤៨
ជំនួបកំពូល របស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក APECបានបើកធ្វើ នៅថ្ងៃសុក្រ នេះ នៅទីក្រុងដាណាងរបស់ប្រទេសវៀតណាម ជាមួយនឹងសុន្ទករថាសំខាន់របស់ប្រមុខដឹកនាំប្រទេសមហាអំណាច អាមេរិក និងចិន។ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានឡើងការពារជាថ្មី ពីនយោបាយ អាមេរិកដំបូងគេ។ ចំណែកប្រធានាធិបតីចិន លោកស៊ី ជីនពីង បានលើកឡើងពីសារៈសំខាន់ នៃសកលភាវូបនីយកម្ម និងការដោះដូរពាណិជ្ជកម្មសេរី នៅក្នុងពិភពលោក។
នៅទីក្រុងដាណាង ប្រទេសវៀតណាម នៅថ្ងៃសុក្រនេះ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានឡើងថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំរបស់មេដឹកនាំក្រុមហ៊ុន (CEO)និងថ្នាក់ដឹកនាំរបស់ប្រទេសសមាជិកអង្គការសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក ហៅកាត់ថា APEC។ ប្រទេសសមាជិករបស់APEC ទន្ទឹងចង់បានការបញ្ជាក់ជំហររបស់អាមេរិក នៅក្នុងការដោះដូរពាណិជ្ជកម្មពិភពលោក។
ដូចនៅក្នុងវេទិកាអង្គការសហប្រជាជាតិ លោកដូណាល់ ត្រាំ និយាយការពារនយោបាយអាមេរិកដំបូងគេ និងនិយាយបរិហារពីនយោបាយយកប្រៀបរបស់ប្រទេសដទៃ ទៅលើសេដ្ឋកិច្ចអាមេរិក កន្លងមក។ សម្រាប់លោកដូណាល់ ត្រាំ អាមេរិក នៅក្រោមការដឹកនាំរបស់លោកនឹងលែង យោគយល់ អធ្យាស្រ័យ ដល់ការរំលោភ យកប្រៀប លើអាមេរិក នៅក្នុងការដោះដូរពាណិជ្ជកម្ម ដូចមុនទៀតហើយ។ អាមេរិកនឹងធ្វើពាណិជ្ជកម្មជាមួយប្រទេសណាដែលគោរព និងធ្វើពាណិជ្ជកម្មស្មើភាពគ្នាជាមួយអាមេរិកតែប៉ុណ្ណោះ។
សុន្ទរកថា ថ្លែងការពារប្រយោជន៍សេដ្ឋកិច្ចជាតិ អាចធ្វើឲ្យថ្នាក់ដឹកនាំរបស់ប្រទេសចូលរួម ក្នុងកិច្ចប្រជុំAPEC នៅថ្ងៃសុក្រនេះ ខកចិត្ត ត្បិតថា លោកដូណាល់ ត្រាំ ក្នុងនាមជាប្រធានាធិបតី ប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១ លើលោក គ្មានទស្សនៈវិស័យវែងឆ្ងាយ គ្មានសំណើ ឬការផ្តួចផ្តើមថ្មី សម្រាប់ការដោះដូរពាណិជ្ជកម្ម នោះទេ។
នៅកិច្ចប្រជុំកំពូលAPEC លោកដូណាល់ ត្រាំ បានបញ្ជាក់សាជាថ្មី ម្តងទៀត ពីជំហររបស់លោក នៅក្នុងរឿង ចុះកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្ម សេរី។ លោកដូណាល់ ត្រាំទំនងចង់សំដៅ ដល់កិច្ចព្រមព្រៀង នៃការដោះដូរសេរី អាស៊ី ប៉ាស៊ីហ្វិកTPP ដែលលោកបានសម្រេចហែកចោល នៅតែបីថ្ងៃក្រោយ លោកចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅខែមករាដើមឆ្នាំនេះ។ សម្រាប់លោកដូណាល់ ត្រាំ អាមេរិកនឹងលែងចុះកិច្ចព្រមព្រៀង ណាដែលនឹងចងដៃ ចាប់បង្ខំអាមេរិក ឲ្យបោះបង់ចោល អធិបតេយ្យភាពរបស់ខ្លួនទៀតនោះទេ។
ជប៉ុន និងប្រទេស១០ផ្សេងទៀត នឹងប្រឹងឲ្យចេញកិច្ចព្រមព្រៀងTPP មួយ ដែលគ្មានអាមេរិក
ការបញ្ជាក់ ពីផលប្រយោជន៍សេដ្ឋកិច្ចអាមេរិកមុនគេ របស់លោកដូណាល់ ត្រាំ នៅថ្ងៃនេះ នឹងធ្វើឲ្យគេបានស្តាប់យល់ច្បាស់ និងជឿជាក់ថា អាមេរិកនឹងលែងជាប្រទេសមហាអំណាចសេដ្ឋកិច្ច ដែលគេអាចសង្ឃឹម ដោះដូរពាណិជ្ជកម្ម ជាអាទិភាពទៀតហើយ។ លោកដូណាល់ ត្រាំ បានសម្រេចហែកចោលកិច្ចព្រមព្រៀង ដែលលោករិះគន់ថា ជាអ្នកធ្វើឲ្យសេដ្ឋកិច្ចអាមេរិកខាតបង់។ នៅពេល អាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀង ប្រទេសជប៉ុន ជាដើម ដែលជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី៣ និងជាគូប្រជែងរបស់ចិន នៅក្នុងតំបន់ មិនចង់ ឲ្យកិច្ចព្រមព្រៀងTPP នេះដួលរំលំ ដែលនឹងហុចប្រយោជន៍ទៅឲ្យចិននោះទេ។
ជាមួយនឹងវៀតណាម និងប្រទេសចំនួន ១០ផ្សេងទៀត ដែលបានចុះកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្ម សេរី អន្តរប៉ាស៊ីហ្វិក TPP ប្រទេសជប៉ុន កំពុងសម្រុកការចរចា ដើម្បីធ្វើយ៉ាងណា សម្រេចបង្កើតឲ្យបាន កិច្ចព្រមព្រៀង មួយ គ្មានអាមេរិក។
រឿងនេះអាចទៅរួច បើគេមើលពីការរីកដុះដាល និងកំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសនៅតំបន់អាស៊ី។ ប្រទេសជាច្រើន នៅអាស៊ី នាំមុខដោយចិន បានបង្វែរ ងាកទិស វិនិយោគរបស់ខ្លួន ទៅនៅអាស៊ី និងលែងចាត់ទុកអាមេរិកជាទិសដៅ អាទិភាពដូចមុន។ តាមអ្នកជំនាញមួយចំនួន អាមេរិកត្រូវគេចាត់ទុកថា ជាសម្ព័ន្ធមិត្តដែលមិននឹងន។ ដូច្នេះ បើទោះបីជាគេមិនសូវចូលចិត្ត យល់ស្របនឹងគំរូ ដោះដូរពាណិជ្ជកម្មរបស់ចិន ក្តី ប៉ុន្តែ ដើម្បីរស់ គេត្រូវចាប់ដៃ ទទួលយកចិន ដែលកំពុងតែមានសេដ្ឋកិច្ចរីកសាយភាយ នៅគ្រប់ច្រកល្ហក គ្រប់ទ្វីប លើផែនដី។
ចិនទទួលផលចំណេញច្រើនណាស់ នៅពេលដែលអាមេរិករបស់លោកដូណាល់ ត្រាំ ធ្វើនយោបាយសេដ្ឋកិច្ច រមូខ្លួន ការពារផលប្រយោជន៍ជាតិតែម្នាក់ឯង។ អាមេរិកនឹងខាតប្រយោជន៍ច្រើនណាស់ ព្រោះថា នៅមុនការដកអាមេរិកចេញពីកិច្ចព្រមព្រៀង TPP គេវាយតម្លៃថា សេដ្ឋកិច្ចនៅតំបន់ទាំងសងខាងប៉ាស៊ីហ្វិក មានទំហំទឹកប្រាក់ តំណាងឲ្យ៦០% នៃសេដ្ឋកិច្ចសកល។ រដ្ឋបាលលោកអូបាម៉ាបានជំរុញឲ្យមានកិច្ចព្រមព្រៀងនេះឡើង ដើម្បីធ្វើជាគោល បង្អែក សម្រាប់ទប់ទល់ នឹងការពង្រីកវត្តមានរបស់ចិន នៅក្នុងតំបន់។
ការចំអកនៃព្រហ្មលិខិត
ប្រធានាធិបតីចិន និងអាមេរិក មានទស្សនៈ មិនដូចគ្នាពីរឿងពាណិជ្ជកម្មសេរី។ នៅពេលបានស្តាប់សុន្ទរកថា របស់ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីចិន នៅថ្ងៃនេះ គេអាចស្រឡាំងកាំងក៏ថាបាន។ អាមេរិក ដែលជាប្រទេសសេរី និងធ្លាប់តែការពារសកលភាវូបនីយកម្ម ផ្តល់សារៈសំខាន់ទៅលើការដោះដូរ ពាណិជ្ជកម្មសេរី នៅពេលនេះ ស្រាប់តែ បែរ មកបន្ទោស ទម្លាក់កំហុសថា អាមេរិកខាតបង់ប្រយោជន៍សេដ្ឋកិច្ច ដោយសារតែសកលភាវូបនីយកម្ម និងថា ប្រទេសជាច្រើន មិនគោរពតាមច្បាប់ និងដើរខ្សែលើ កេងចំណេញពីសេដ្ឋកិច្ចបើកចំហររបស់អាមេរិកកន្លងមក។
អាមេរិក នៅក្នុងអាណត្តិរបស់លោកដូណាល់ ត្រាំ លែងផ្តល់រូបភាពអាមេរិក សេរី ប៉ុន្តែ ជាអាមេរិកដែលឯកោ អាមេរិកដែលបិទទ្វារ ខ្ទប់នៅតែម្នាក់ឯង។ នៅក្នុងសម័យសេដ្ឋកិច្ចសកលភាវូបនីយកម្ម នយោបាយបិទទ្វារ គិតតែប្រយោជន៍ផ្ទាល់ខ្លួនលែងមានប្រសិទ្ធិភាពតទៅទៀតហើយ។ ការដោះដូរ និងចរាចរណ៍ទំនិញទូទាំងពិភពលោក បានជួយជម្រុញឲ្យមានការចែករំលែក ភាពមានបាន ការជឿនលឿនទៅឲ្យប្រទេសក្រីក្រផ្សេងទៀត។ អាមេរិកខ្លួនឯងក៏បានទទួលផលចំណេញពីសេដ្ឋកិច្ចទីផ្សារសេរីនេះដែរ។
នៅAPEC លោកដូណាល់ ត្រាំបាំងជិតដោយទេពកោសល្យ និងសិល្បៈនៃការដឹកនាំរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ គឺ ប្រមុខដឹកនាំចិន មកពីប្រទេសកុម្មុយនិស្ត ដែលនិយាយការពារ លើកឡើង ពីសារៈសំខាន់នៃការដោះដូរសេរី។ សម្រាប់លោកស៊ី ជីនពីង សកលភាវូបនីយកម្ម ជានិន្នាការដែលបោះជំហានទៅមុខ ដែលគេមិនអាចត្រលប់ថយក្រោយបាន។ សម្រាប់ប្រធានាធិបតីចិន សកលភាវូបនីយកម្មបានជួយអូសទាញសេដ្ឋកិច្ចរបស់ប្រទេសដែលកំពុងអភិវឌ្ឍ។ ផ្ទុយពីប្រធានាធិបតីអាមេរិក ដែលរមូខ្លួន លោកស៊ី ជីនពីងឯណោះវិញ បានបញ្ជាក់ពីនយោបាយបើកដៃ ទទួលស្វាគម បរទេសទៅក្នុងទីផ្សារសេដ្ឋកិច្ចចិន។ ជាក់ស្តែង នៅថ្ងៃសុក្រនេះ ចិនទើបបានប្រកាសបើកចំហរឲ្យក្រុមហ៊ុនបរទេសអាចចូលទៅដាក់ទុនវិនិយោគបានច្រើនជាងមុន នៅក្នុងទីផ្សារហិរញ្ញវត្ថុរបស់ចិន ជាពិសេសធនាគារ ដែលរហូតមកដល់ពេលនេះ កាន់កាប់ ផ្តាច់មុខដោយក្រុមហ៊ុនក្នុងស្រុកចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ