អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Apec អនុម័ត​ផែនទី​ចង្អុលផ្លូវ​សម្រាប់​​បង្កើត​គម្រោង​ដោះដូរ​សេរី​​តំបន់​អាស៊ីប៉ាស៊ីហ្វិក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​ជំនួប​ជា​លក្ខណៈ​ទ្វេ​ភាគី នៅ​ថ្ងៃ​អង្គារ​ទី ១១​វិច្ឆិកា ២០១៤​នេះ ដែល​ជា​ថ្ងៃ​ទីពីរ និង​ថ្ងៃ​បិទ​បញ្ចប់​ជំនួប​កំពូល ប្រមុខ​ដឹកនាំ​ប្រទេសជា​សមាជិក APEC ​ ត្រូវ​​​ជួប​ប្រជុំរួម​​គ្នា​​ម្តង​ នៅ​ទីក្រុង​ប៉េកាំង។ ជំនួប​កំពូល​ដែល​បាន​សម្រេច​អនុម័ត​លើ​ផែនទី​ចង្អុល​ផ្លូវ​មួយ​ គ្រោង​ឱ្យ​មាន​ការ​​​បង្កើត​​តំបន់​ដោះដូរ​សេរី​ ស្នើ​ឡើង​និង​ការពារ​ដោយ​ចិន។ មិន​តែ​ប៉ុណ្ណោះ​ ចិន​​ថែម​ទាំង​បាន​រក​ឃើញ​កិច្ចព្រមព្រៀង ក្រៅ​ក្របខ័ណ្ឌ​ជំនួប​កំពូល​APEC ​​ជាមួយ​សហរដ្ឋ​អាមេរិក​ ស្តី​ពី​ការ​លើក​ពន្ធ​គយ​លើ​ផលិតផល​បច្ចេកវិទ្យា​ជាន់​ខ្ពស់។

រូប​ថត​អនុស្សាវរីយ៍​នៃ​ជំនួប​កំពូល​APEC​លើកទី ២២​ នៅ​ទី​ក្រុង​ប៉េកាំង ថ្ងៃ​ទី ១១ វិច្ឆិកា ២០១៤
រូប​ថត​អនុស្សាវរីយ៍​នៃ​ជំនួប​កំពូល​APEC​លើកទី ២២​ នៅ​ទី​ក្រុង​ប៉េកាំង ថ្ងៃ​ទី ១១ វិច្ឆិកា ២០១៤ © Reuters
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា សមភាគី​ចិន លោក ស៊ីជិនពីង និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ សុទ្ធ​សឹង​ជាមេ​ដឹក​នាំ​ប្រទេស​ ​កំពូលៗទាំង​បី​​នៅ​លើ​ពិភពលោក និង​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក បាន​មក​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ប៉េកាំង ថ្ងៃនេះ។ ក្នុង​សុន្ទរកថា គេ​សង្កេត​ឃើញ​ថា​លោក បារ៉ាក់​អូបាម៉ា កំពុង​បើក​ប្រតិបត្តិការ​ចែ​ចង់​ ទៅ​កាន់​ប្រទេស​ជា​សមាជិក​២០​ប្រទេស​ផ្សេង​ទៀត ដោយ​មិន​ភ្លេច​ប្រធានបទ​រសើប​វាយប្រហារ​ចិន។

 
ក្រោម​ស្នូរ​ទះដៃ​អបអរ នៅ​ថ្ងៃចន្ទ​ម្សិលមិញ លោក​អូបាម៉ា​បាន​ប្រកាស​ថា​អាមេរិក​ជា​ជាតិ​មួយ​នៃ​តំបន់​ប៉ាស៊ីហ្វិក ! អនាគត សន្តិសុខ ភាព​សម្បូរ​សប្បាយ​របស់​អាមេរិក មិន​អាច​កាត់​ផ្តាច់​ពី​អាស៊ី​បាន​ឡើយ ! តំណាង​ឱ្យ​ជិត៦០%​នៃ​ភាព​មាន​បាន​របស់​ពិភពលោក និង​ប្រជាជន​ជាង​បីពាន់​លាន​នាក់​ អាស៊ី​គឺ​ជា​ឱកាស​ដ៏​ប្រសើរ​បំផុត​សម្រាប់​បង្កើត​ការងារ​​នៅ​សហរដ្ឋ​អាមេរិក ហេតុដូច្នេះ​ហើយ​បាន​ជា​លោក​អូបាម៉ា​ មិន​អាច​មើល​ស្រាល​ជាតិ​សាសន៍​ម្តុំ​នេះបាន​ឡើយ​ និង​បាន​ជ្រើសរើស​ជាពិសេស​​យក​ចិន​មក​ធ្វើ​ដៃគូ។ ព្រោះ​បើ​ចិន​និង​អាមេរិក​ធ្វើ​ការរួម​គ្នា នោះ​ផល​ចំណេញ​នឹង​បាន​ដល់​ពិភពលោក​​ទាំង​មូល​។ ហើយ​នៅ​ចុង​បញ្ចប់​​សុន្ទរកថា​ទើប​គេ​ឃើញ លោក​អូបាម៉ា លើក​ឡើង​ពី​ប្រធានបទ​ដ៏​រសើប​​ខ្លាំង​នៅ​ចិន ! លោក​អូបាម៉ា បាន​អំពាវនាវ​ឱ្យ​ប៉េកាំង​​គោរព​សិទ្ធិ​មនុស្ស​ និង​សេរីភាព​សារព័ត៌មាន។

ចំណែកខាង​​ចិន​​វិញ នៅ​ថ្ងៃ​ទី​មួយ​នៃ​ជំនួប​កំពូល​ ទំនាក់​ទំនង​ចិន​ជប៉ុន​ដែល​ត្រជាក់​រឹង​ស្តូក​អស់​ជាង​ជិត​បីឆ្នាំ បាន​ឈាន​ដល់​​ការ​បើក​​ជំនួប​ទ្វេ​ភាគី ប៉េកាំង-តូក្យូ។ ផ្ទៃ​មេឃ​ក៏​ស្រឡះ​ ពណ៌​ខៀវ​ដូច​សន្យា​មែន។ ដោយ​ហេតុ​តែ​វិធានការ​ដ៏​តឹង​តែង​មិន​ធ្លាប់​មាន ផ្សែង​ពុល​​ស្រាប់​តែ​បាត់​អស់​ពី​ផ្ទៃ​មេឃ​ក្រុង​ប៉េកាំង​ ក្នុង​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក។ លោក​ស៊ីជិន​ពីង បានដឹកនាំ​បើក​​ជំនួបកំពូល​​ថ្នាក់​អន្តរជាតិ​ជា​លើក​ទីមួយ​ គិត​ចាប់​ពី​លោក​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ចិន​មក ប្រកប​ដោយ​ជោគជ័យ។ នៅ​ថ្ងៃ​នេះ​ទៀត លោក​ត្រូវ​រិះរេ​បញ្ចេញ​ឱ្យ​ស្នាដៃ​ផ្នែកការទូត​ធ្វើ​យ៉ាងណា កុំ​ឱ្យ​វិបត្ត​ផ្សេងៗ​​ ដូច​ជា​ភាព​មិន​ត្រូវ​រ៉ូវ​គ្នា​រវាង​វ៉ាស៊ីនតោន​និង​ម៉ូស្គូ ស្តីពី​បញ្ហា​អ៊ុយក្រែន ឬ​ រវាង​អូស្ត្រាលី​និង​រុស្ស៊ី ស្តីពី​ការ​ធ្លាក់​យន្តហោះ​MH១៧ មក​ប្រលូក​ប្រលាក់​នឹង​ជំនួប​APECបាន។ នេះ​ជា​ឱកាស​ដែល​ប្រធានាធិបតីចិន​ ត្រូវ​​​តាំង​ខ្លួន​ធ្វើ​ មេ​កើយ ជា​ម្ចាស់​ ដឹកនាំ​ ​តំបន់​ អាស៊ី-ប៉ាស៊ីហ្វិក។

APEC អនុម័ត​ ផែនទី​ចង្អុល​ផ្លូវ​ គ្រោង​​បង្កើត​តំបន់​ផ្តោះ​ប្តូរ​សេរី​ អាស៊ីប៉ាស៊ីហ្វិក របស់​​ចិន​

គម្រោង​បង្កើត​តំបន់​ផ្តោះប្តូរ​សេរី​​នៅអាស៊ី​ប៉ាស៊ីហ្វិក ឬ​ហៅ​កាត់​ថា FTAAP ដែល​ ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​​អំពី​ភាព​ជា​មហា​អំណាច​របស់​ចិន ជា​សំណើ និង​មហិច្ឆតា​ពិសេស​របស់​ចិន​ ​! គម្រោងផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​សេរី​នេះ​មានលក្ខណៈ​ធំ​ទូលាយ ​ ថ្នាក់​តំបន់អាស៊ី​ប៉ាស៊ីហ្វិកទាំង​មូល និង​គ្រប​លើ​គម្រោង​របស់​អាមេរិកផង។ FTAAP ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​គម្រោង​​ប្រជែង​ខ្លាំង​នឹង​គម្រោង​ដោះ​ដូរ​​​ពាណិជ្ជកម្មសេរី ឬដៃគូ​​អន្តរ-ប៉ាស៊ីហ្វិក​​TPP របស់​អាមេរិក​ ដែល​មាន​ប្រទេស​ចំនួន​១២​ចូល​រួម​ ដូច​ជា​ជប៉ុន​ កាណាដា អូស្ត្រាលី តែ​​​គ្មាន ចិន។

ដូច្នេះ​ការ​អនុម័ត​លើ​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ឈាន​ដល់​ការ​បង្កើត​តំបន់​នេះ គឺ​ជា​ដំណាក់​កាល​ដ៏​សំខាន់​​ និង​ជា​ប្រវត្តិសាស្ត្រ​តែ​ម្តង​ សម្រាប់​លោក​ស៊ីជិន​ពីង​ ព្រោះ​ជា​ការ​បញ្ជាក់​​ថា​ ប្រទេស​ជា​សមាជិក​APEC ព្រមព្រៀង​​​ឱ្យ​មាន​ការ​ច្របាច់​បង្កើត​សេដ្ឋកិច្ច​ថ្នាក់​​តំបន់។ សូម​បញ្ជាក់​ថា​សេដ្ឋកិច្ច​របស់​​សមាជិក​​APEC តំណាង​ឱ្យ​៤៤%​នៃ​ការ​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​អន្តរជាតិ។ ​​

ប៉េកាំង​ចង់​បាន​សេចក្តី​ថ្លែង​ការណ៍​ចុង​ក្រោយ​មួយ​ទៀត ត្រូវ​ប្រសូត​ចេញ​ពី​​ជំនួប​កំពូល​ថ្ងៃ​នេះ ទាក់ទង​នឹង​ការ​សិក្សា​អំពី​លទ្ធភាព​បង្កើត​​ FTAAP តំបន់​ផ្តោះប្តូរ​សេរី​អាស៊ីប៉ាស៊ីហ្វិក តែ​អាមេរិក​​បង្ហាញ​ការ​ស្ទាក់​ស្ទើរ​ខ្លាំង។

គម្រោង​បង្កើត​តំបន់​ដោះដូរ​សេរី អាស៊ីប៉ាស៊ីហ្វិក​របស់​ចិន​នេះ ធំ​ជាង​គម្រោង​អាមេរិក​ ប៉ុន្តែ​ធ្លាក់​មក​ជួន​ចំពេល​​មាន​វិបត្តិ​ដែន​ដី​ធ្ងន់ធ្ងរ​នៅ​សមុទ្ទ​ចិន រវាង​ចិន និង​ប្រទេស​ជិត​ខាង ៖ ជប៉ុន វៀតណាម ហ្វីលីពីន​ … ប្រទេស​ទាំង​នេះ​ហាក់​ដូច​ជា​កំពុង​បែរ​ខ្នង​យ៉ាង​ខ្លាំង​គម្រោង​ពាណិជ្ជកម្ម​នេះ។

ប៉ុន្តែ​ចិន ប្រហែល​ជា​អាច​រំពឹង​លើ​ក្រុម​ប្រទេស​នៅ​អាមេរិក​ឡាទីន ដូច​ជា​ឈីលី ប៉េរ៉ូ និង​ម៉ិចស៊ិក។ ប្រមុខ​ដឹកនាំ​ប្រទេស​ទាំង​បី​នេះ ក៏​មាន​វត្តមាន​នៅ​ក្នុង​ជំនួប​កំពូល​APEC ​ដែរ​។ ប្រទេស​បី​នេះ ស្ថិត​ក្នុង​​ក្រុម​​ប្រទេស​ទាំង​១២​ ដែល​អាមេរិក​កំពុង​ចរចា​បង្កើត​​ជា​ដៃគូ​អន្តរ-ប៉ាស៊ីហ្វិក TPP។

​ប្រធានាធិបតី​ឈីលី បាន​សម្តែង​ការ​គាំទ្រ​គម្រោង​ដោះដូរ​សេរី​​អាស៊ីប៉ាស៊ីហ្វិក​រួច​ហើយ ! ក្រៅ​អំពី​ការ​ជួប​ប្រជុំ​ទ្វេ​ភាគី​ជា​ច្រើន នៅ​ថ្ងៃ​ចន្ទ​និង​អង្គារ​នេះ ​​ដើម្បី​ទាក់ទាញ​វិនិយោគ​ចិន​ទៅ​កាន់​ប្រទេស​រៀង​ៗ​ខ្លួន និង​ក្រោយ​ជំនួប​កំពូល​APEC ​ចប់​ ប្រមុខ​ដឹកនាំ​ប្រទេស​ទាំង​បី នឹង​បន្ត​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ទៀត។ ទស្សនកិច្ច​ដែល​ទទួល​ស្វាគមន៍​ដោយ​ប្រធានាធិបតី​ ស៊ី ជិនពីង​ ផ្ទាល់​តែ​ម្តង។ ចិន​ចង់​ផ្តល់​សារៈ​សំខាន់​សេដ្ឋកិច្ច​ដល់​ប្រទេស​​តាម​បណ្តោយ​មហា​សមុទ្ទ​ប៉ាស៊ីហ្វិក​ដូច​គ្នា​។ មហាអំណាច​សេដ្ឋកិច្ច​ទីពីរ​លើ​ពិភពលោក គឺ​ជា​ដៃគូ​​ពាណិជ្ជកម្ម​លេខ​មួយ​នៅ​ឈីលី និង​លេខ​ពីរ​នៅ​ម៉ិចស៊ិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ