អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អតីតកីឡាករគ្រីតកេត ឈ្នះឆ្នោត​នៅ​ប៉ាគីស្ថាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

អតីតកីឡាករ​គ្រីកេត ដែល​ជា​មេដឹកនាំ​បក្ស​ប្រឆាំង ប្រកាស​ថាខ្លួន​ជា​អ្នក​ឈ្នះ​ក្នុងការ​បោះឆ្នោតជាតិ​ប៉ាគីស្ថាន បើទោះជា​គណបក្ស​កាន់អំណាច​ផុតអាណត្តិ​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោតក៏​ដោយ។ បើ​តាម​​​លទ្ធផលបណ្តោះអាសន្ន នៅព្រឹក​ថ្ងៃសុក្រ​ទី ២៧​កក្កដា​នេះ គណបក្ស​ចលនា​ដើម្បី​យុត្តិធម៌​របស់​លោក អ៊ីមរ៉ាន ខាន់ បាន​ទទួល​ជោគជ័យ​ ​ ប៉ុន្តែ​ពុំទទួល​បាន​សំឡេង​​ភាគ​ច្រើន​ដាច់​ខាត សម្រាប់​បង្កើត​រដ្ឋាភិបាល​ម្នាក់ឯង​បាន​ទេ។

លោក​ Imran Khanប្រធានបក្ស Pakistan Tehreek-e-Insaf (PTI)ថ្លែង​សុន្ទរកថា​ប្រកាសជោគជ័យ​ក្នុង​សម័យ​បោះឆ្នោតសភា​ថ្ងៃទី ២៥កក្កដា​២០១៨
លោក​ Imran Khanប្រធានបក្ស Pakistan Tehreek-e-Insaf (PTI)ថ្លែង​សុន្ទរកថា​ប្រកាសជោគជ័យ​ក្នុង​សម័យ​បោះឆ្នោតសភា​ថ្ងៃទី ២៥កក្កដា​២០១៨ REUTERS
ផ្សាយពាណិជ្ជកម្ម

ការ​រាប់​សន្លឹក​ឆ្នោតនៅ​​មិន​ទាន់​ចប់​សព្វគ្រប់​ទេ ! ​ បើ​លទ្ធផល​បណ្តោះអាសន្ន​មួយ​ភាគ ដែល​គេ​អាច​ឆែក​មើល​បាន​ តាម​វិបសៃត៍​អ៊ីនធ័រនែត គណបក្ស Tehreek –e Insaf (PTI) ​របស់​លោក អ៊ីមរ៉ាន ខាន់ កំពុង​នាំ​មុខ​គេ​ ដោយ​នឹងអាច​ទទួល​បាន​អាសនៈ​ចំនួន ១១៤ លើ​អាសនៈ​សរុប​ទាំង​២៧២។ ជាការ​ឈ្នះ​នាំ​មុខ​គណបក្ស​កាន់​អំណាច (៦៣​អាសនៈ) ​ជា​គូប្រជែង​ឆ្ងាយ​ខ្លាំងណាស់។ គណបក្ស​ប្រជាជន​ប៉ាគីស្ថាន បាន​ទទួល​សំឡេង​ប្រមាណ​តែ​៤៣​អាសនៈ។

វិញ្ញាសា​ប្រឈម​

ប៉ុន្តែ ដើម្បី​អាច​ដឹកនាំ​ប្រទេស​ និង​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​ គេ​ត្រូវ​ការ​មាន​សំឡេង​គាំទ្រ​ដាច់​ខាត​ ដល់​ទៅ ១៣៧​ឯណោះ។ គណបក្ស​ចលនា​ដើម្បី​យុត្តិធម៌បានក្លាយ​ជា​បក្ស​ដ៏​ធំ​ជាងគេ​​សម្រាប់រដ្ឋាភិបាលអាណត្តិថ្មី​ តែ​​​លោក អ៊ីមរ៉ាន ខាន់ ចាំបាច់​ត្រូវ​តែ​បង្កើត​រដ្ឋាភិបាល​ចម្រុះ។ គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ មិន​ថា​ លោក អ៊ីមរ៉ាន​ ខាន់ នឹង​ធ្វើការ​ជាមួយ គណបក្ស​ឯករាជ្យ​តូចៗ ឬ​ក៏​ងាក​ទៅ​សហការ​ជាមួយ​ក្រុម​អ្នក​ផ្តាច់​ខ្លួន​ចេញ​ពី​បក្ស​ធំៗ ពោល​គឺ​ពី​បក្ស​សម្ព័ន្ធមូស្លីម​កំពុង​កាន់​អំណាច​ ឬជាមួយ​បក្ស​ប្រជាជន​ប៉ាគីស្ថាន។

តាំង​ពី​ល្ងាច​មិញ លោក អ៊ីមរ៉ាន ខាន់ ​បាន​បង្ហាញ​ភាព​ជឿជាក់​នឹ​ង​ជោគជ័យ​ ដោយ​បាន​ថ្លែង​សុន្ទរកថា​ យ៉ាង​វែង រយៈពេល​កន្លះម៉ោង តាម​កញ្ចក់​ទូរទស្សន៍​ជាតិ ​លម្អិត​អំពីទិសដៅ​​ដឹកនាំ​ប្រទេស​ និ​ងអាទិភាព​របស់​រដ្ឋាភិបាល​បាគីស្ថាន​ថ្មី ធ្វើ​ដូច​ជា​លោក​នឹង​បានក្លាយ​ជា​អ្នក​ដឹកនាំ​ប៉ាគីស្ថាន​ថ្មី​ យ៉ាងពិតៗ។ នា​ឱកាស​នោះ​លោក​បាន​ច្រាន​ចោល​រាល់​គ្រប់​ពាក្យ​ចោទ​ប្រកាន់​របស់​នយោបាយ​ផ្សេង​ទៀត ជុំ​វិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។

​បក្ស​កាន់​អំណាច​ប្រឆាំង​នឹង​លទ្ធផល តាំងពីដំបូង​ភ្លាម។ បក្ស​ផ្សេង​ទៀត​បរិហារ​អំពី​ភាព​ប្រក្រតី​នៃ​ក្នុង​ពេល​បោះឆ្នោត។ ឮ​សូរ​ថាមាន​គណបក្ស​មួយ​ត្រៀម​រៀបចំ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​ផង បរិបទ​បែប​នេះ​ចង់​មិន​ចង់ ត្រូវ​តែ​បង្ក​ឱ្យ​មាន​ភាព​សង្ស័យ​លើ​លទ្ធផល​ឆ្នោតហើយ និង​រុញ​ច្រាន​ប្រទេស​ឱ្យធ្លាក់​ក្នុង​អស្ថិរភាព​នយោបាយ​។ ដូច្នេះមិនថា​លោក អ៊ីមរ៉ាន ខាន់ ឬ​នរណាផ្សេង​ទេ ​ក៏​មិន​អាច​ឡើង​មក​ដឹកនាំ​ប្រទេស​ប្រកប​ដោយ​ប្រសិទ្ធិភាព​បានដែរ បើ​ពាក់​កណ្តាល​ប្រទេស​ជឿថា​មាន​យោធា​នៅ​ពីក្រោយ​ ជួយ​ឱ្យ​បាន​ឈ្នះ មិន​ដោយ​សារ​សំឡេង​ពលរដ្ឋ​ពិត​នោះ។

​ទស្សនៈ​វិស័យនយោបាយរបស់​លោក អ៊ីមរ៉ាន ខាន់

ថ្វី​បើ​លោក​ត្រូវ​បាន​គេ​ចាត់ទុក​ជាមនុស្សចូល​ចិត្ត​ចែចង់​ក្រុម​លោកខាង​លិច​មែន ប៉ុន្តែលោកក៏ជាមនុស្ស​អភិរក្ស​ និង​ជឿស៊ប់​លើ​ប៉ាគីស្ថាន លោក អ៊ីមរ៉ាន ខាន់ បាន​ផ្តល់​អាទិភាព​ដឹកនាំ​ប្រទេស​របស់​ដំបូង ទៅ​លើ​សេដ្ឋកិច្ច ស្រោចស្រង់​ប៉ាគីស្ថាន​ចេញ​ពី​បញ្ជី​ខ្មៅ​ប្រទេស​គាំទ្រ​ភេរវនិយម ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។ លើ​វិស័យ​ការបរទេស​វិញ លោក​បាន​សន្យា​នឹង​ធ្វើ​ឱ្យ​មានទំនាក់ទំនង​ស្មើ​ភាព​ជាមួយ​សហរដ្ឋ​អាមេរិក និង​ត្រៀម​ខ្លួន​ចរចា​​ដោះស្រាយ​ជម្លោះ​កាស្មៀ​ដ៏​រសើប​ជាមួយ​ឥណ្ឌា​ផង។

ទស្សនៈ​វិស័យ​នយោបាយ​របស់​លោក អ៊ីមរ៉ាន ខាន់ ផ្តោត​ខ្លាំង​ទៅ​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ដោយ​សន្យា​ផ្តល់​ការសិក្សា​ដល់​កុមារ​ប៉ាគីស្ថាន​គ្រប់រូប (ព្រោះ​ពេល​នេះ​កុមារ​ប៉ាគីស្ថាន​២៥%​មិន​បាន​ចូល​សាលាទេ) និងប្រឹង​សាកល្បង​​លើក​ស្ទួយ​ប្រជាពលរដ្ឋ​ ឱ្យ​ចេញ​ពីភាព​ក្រីក្រ​ខ្លាំង​ ដែល​បាគីស្ថាន​រាប់​ឃើញ​មាន​ដល់​ទៅ​ប្រមាណ​៤៥%។

លោក អ៊ីមរ៉ាម ខាន់ គ្រោង​ចាត់​ចែង​ដឹកនាំ​ប្រទេស​ឡើង​វិញ តែ​​ក្នុង​រយៈ​ពេល ​១០០​ថ្ងៃ​។ លោក​មាន​គម្រោង​​សន្យា​នឹង​ស្វែង​រក​ទីផ្សារការងារ​ ជូន​ពលរដ្ឋ​ឱ្យ​បាន​១០​លាន​នាក់ និងសាងសង់​លំនៅដ្ឋាន​ថ្មី​៥លាន​ខ្នង។ ប៉ុន្តែ​គ្មាន​អ្នក​វិភាគ ណាម្នាក់​ គិត​ថា​សំណើ​​​និង​ទស្សនៈ​វិស័យ​នយោបាយ​លោក ខាន់ អាច​ធ្វើ​ទៅ​កើត​ដោយ​ជាក់​ស្តែង​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ