អានតួអត្ថបទ

ប្រមុខការទូតអាមេរិក​នឹង​ទៅ​ព្យុងយ៉ាង​នៅ​ខែក្រោយ​ដើម្បី​រៀបចំ​ជំនួបកំពូល ត្រាំ-គីម

នៅ​ថ្ងៃពុធ​ម្សិលមិញ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ាយ ប៉ុមប៉េអូ បាន​ជួប​ពិភាក្សា​​ជាមួយ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាង​ជើង លោក រី យ៉ុងហូ Ri Yong Ho នៅ​អង្គការ​សហប្រជាជាតិ។ ជា​ជំនួប​ដ៏​វិជ្ជមាន ! នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ប៉ុមប៉េអូ ដោយ​ប្រកាស​បញ្ជាក់​ថា លោក​នឹង​អញ្ជើញ​ទៅ​ព្យុងយ៉ាង​ជា​ថ្មី នៅ​ខែ​តុលា​ខាង​មុខ ដើម្បី​រៀប​ចំ​ជំនួប​កំពូល លើក​ទី​ពីរ រវាង លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន។

លោក​ Mike Pompeo ជួប​ប្រមុខ​ Kim Jong-un ថ្ងៃទី ៩ ឧសភា ២០១៨
លោក​ Mike Pompeo ជួប​ប្រមុខ​ Kim Jong-un ថ្ងៃទី ៩ ឧសភា ២០១៨ KCNA VIA KNS / AFP
ផ្សាយពាណិជ្ជកម្ម

ក្រសួងការបរទេស​អាមេរិក បាន​គូសបញ្ជាក់​ថា លោកប្រមុខ​ការ​ទូត ប៉ុមប៉េអូ ​បាន​ជួប​ជជែក​ជាមួយ​សមភាគី​កូរ៉េខាង​ជើង នៅ​ញូវយ៉ក និង​ព្រម​ធ្វើ​ដំណើរ​ទៅ​ក្រុង​ព្យុងយ៉ាង (ជា​លើក​ទី​បួន​ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ) នៅ​ខែ​តុលា ​តាម​ការ​អញ្ជើញ​របស់​លោក​ គីម ជុងអ៊ុន ដើម្បី​រៀប​ចំ​ជំនួប​កំពូល​ ត្រាំ-គីម ជា​លើក​ទី​ពីរ។

ជំនួប​លើក​ទី​មួយរវាង​លោក​ដូណាល់ ត្រាំ​និ​ងលោក​គីម​ជុង​អ៊ុន បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃទី ១២ មិថុនា​នៅ​សិង្ហបុរី​។ នាពេល​នោះ ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង បាន​ប្រកាស​ប្រឹង​​លុប​បំបាត់​​នុយក្លេអ៊ែរ​ឱ្យ​អស់​ពី​ឧបទ្វីប​កូរ៉េ តែ​មិន​បាន​សន្យា​ធ្វើ​បញ្ជី​រាយ​ឈ្មោះ​អាវុធ​នុយក្លេអ៊ែរ​​របស់​ខ្លួន និង​ក៏​មិន​សន្យា​លុបរំសាយដោយគ្មាន​ថ្ងៃ​​ត្រលប់​វិញ​មក​ផលិត​គ្រាប់​បែក​បរមាណូ​ ដូច​ការ​ទាមទារ​របស់​វ៉ាស៊ីនតោន​ឡើយ។

ប៉ុន្តែ​ការ​នេះ​ប្រើ​ពេល​វេលា ! ថ្វី​បើ​ផ្លូវ​នៅ​វែង​ឆ្ងាយ​ តែ​យើង​បន្ត​ដើរ​ទៅមុខ ! ការ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង បាន​បោះជំហាន​ថ្មី​ទៅ​មុខ​មួយជំហាន​ទៀត​ ! នេះ​បើ​តាម​សារ​ទ្វីត​របស់​លោកប៉ុមប៉េអូ។

​លោក​ដូណាល់ត្រាំ ​បាន​ប្រកាស​ទៅ​កាន់​អ្នក​សារព័ត៌មាន​ពី​អង្គការ​សហប្រជាជាតិថា ​អាមេរិក​និង​កូរ៉េខាង​ជើងមាន​ទំនាក់ទំនង​ល្អ​ប្រសើរណាស់​ ហើយ​លោក​នឹង​ប្រកាស​អំពី​ទីកន្លែង និងថ្ងៃខែ​នៃ​ជំនួប​​ជា​លើក​ទី​ពីរ​ជាមួយ​លោក​គីម ជុងអ៊ុន ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

ចុះ​តើ​អាមេរិក​មាន​លក្ខខណ្ឌ​អ្វី​ដាក់​ឱ្យ​កូរ៉េខាង​ជើង​អនុវត្តមុន​នឹង​មាន​ជំនួប​ដែរ​ឬទេ ?! ព្យុងយ៉ាងនិង​វ៉ាស៊ីនតោន បាន​សម្រេច​ការ​ទៅ​មុខ​ច្រើន​ តាំង​ពី​ឆ្នាំ​មុន​មក​ ! កូរ៉េខាង​ជើង​កំពុង​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​ហើយ ! នេះ​ជា​ចម្លើយ​របស់​លោក​ដូណាល់ ត្រាំ ដោយ​អះអាង​ទៀត លោក​មិន​ត្រូវ​ការដាក់​កំហិត​​ពេល​វេលា​ដាច់​ខាត​ត្រូវ​រំសាយ​នុយក្លេអ៊ែរ​ឡើយ ពីរ​ឆ្នាំ -​បី​ឆ្នាំ ឬ​៥​ខែ​ មិន​សំខាន់​ទេ ! ព្រោះ​នេះ​មិនមែន​ជា​ការ​រត់​ប្រណាំង​ឡើយ !

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ