អានតួអត្ថបទ

តៃវ៉ាន់ ៖ ​បាតុកម្ម​ទាមទារ​រៀបចំ​ប្រជាមតិ​សុំ​ផ្តាច់ខ្លួន​ជា​ផ្លូវការ​ពី​ចិន

ប្រជាពលរដ្ឋ​តៃវ៉ាន់ ប្រមាណ​ជា​មួយ​សែន​នាក់​ បាន​នាំ​​​គ្នាចុះ​ថ្នល់​​ធ្វើ​​បាតុកម្ម​ នៅ​ថ្ងៃ សៅរ៍​ទី ២០ តុលា​នេះ នៅ​​ក្រុង​តៃប៉ិ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​តៃវ៉ាន់ រៀប​ចំ​ប្រជាមតិ​សុំ​ឯករាជ្យឱ្យ​កោះ។ ជាការ​​ប្រមូល​ផ្តុំ​ដ៏​ធំបំផុត ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ទេ និង​ដែល​ប្រាកដ​ជាធ្វើ​ឱ្យ​ប៉េកាំង ដែល​កំពុង​ប្រើ​គ្រប់​មធ្យោបាយ​ផ្តាច់​តៃវ៉ាន់​ពី​ឆាក​អន្តរជាតិ ​ក្តៅក្រហាយ​ខ្លាំង​ជាក់​ជាពុំ​ខាន។

សកម្មជន​ឯករាជនិយម​តៃវ៉ាន់ ធ្វើ​បាតុកម្ម​ទាមទារ​រៀប​ចំប្រជាមតិ​សុំ​ឯករាជ្យ​ឱ្យ​កោះ
សកម្មជន​ឯករាជនិយម​តៃវ៉ាន់ ធ្វើ​បាតុកម្ម​ទាមទារ​រៀប​ចំប្រជាមតិ​សុំ​ឯករាជ្យ​ឱ្យ​កោះ © Reuters
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទី​មួយ​ហើយ គិត​ចាប់​តាំង​ពី​តៃវ៉ាន់​បាន​ក្លាយ​ជាកោះ​ប្រជាធិបតេយ្យ​​មក ដែល​មាន​ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ ទ្រង់ទ្រាយ​ធំ​ខ្លាំង សុំ​រៀប​ចំ​ធ្វើ​ប្រជាមតិ ដើម្បី​ប្រកាស​ទាមទារ​ឯករាជ្យ​កោះ​ជា​ផ្លូវការ​យ៉ាង​ដូច្នេះ។

ផ្តួច​ផ្តើម​ដោយ​សម្ព័ន្ធ​Formose និង​គាំទ្រ​ដោយ​អតី​ប្រធានាធិបតី​កោះ​តៃវ៉ាន់​ លោក លី តេហុយ Lee Teng-hui និង​លោក ឆេង ស្ហ៊ុយបៀន Cheng Shui-bian បាតុករ​ជា​អ្នក​ឯករាជនិយម​ជាង​មួយ​សែន​នាក់​ ដែលភាគ​ច្រើន​ជាមនុស្សវ័យ​ចំណាស់ ​ព្រមទាំង​អង្គការ​សមាគម​សាសនា អ្នក​គាំទ្រ​ឯករាជ្យ​ផង ​បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ទីស្នាក់ការ​បក្ស​ប្រជាធិបតេយ្យ​ដែល​បក្ស​កាន់​អំណាច​ លើក​បដា គ្រវី​ទង់ជាតិ ស្រែក​សុំ​ធ្វើ​ប្រជាមតិ​ទាមទារ​ ឯករាជ្យ ​ប្រឆាំង​ការ​វាតទី​ចង់​មក​ក្រសោប​គ្រប់គ្រង​របស់​ចិន។

សម្រាប់​ក្រុមបាតុករ​ មាន​តែ​ការ​ធ្វើ​ប្រជាមតិ​ទេ ទើប​ប្រពលរដ្ឋ​តៃវ៉ាន់​អាច​បង្ហាញ​សហគមន៍អន្តរជាតិ​ទាំង​មូល​ អំពី​សិទ្ធ​នៃ​ការ​ស្ថាបនា​ប្រទេស​មួយ​ឯករាជ្យ ! ហើយ​ដល់​វេលា​ដែល​តៃវ៉ាន់​ ត្រូវ​ហ៊ាន​បញ្ចេញ​សកម្មភាព ធ្វើ​ជា​ម្ចាស់​លើខ្លួនឯង ក្លាយ​ជា​ប្រទេស​មួយ​ដ៏​ពេញ​លេញ និងមិនលេប​ត្របាក់​បាត់​ដោយ​ចិន​ដីគោក។

ចិន​តៃវ៉ាន់ និង​ចិន​ដីគោក (ប៉េកាំង) ត្រូវ​បែក​ខ្ញែក​ជាពីរ ដឹកនាំ​ដោយ​របប​ពីរ​ប្រឈម​គ្នា​តាំង​ពី​ឆ្នាំ​១៩៤៩មក។ ឆ្នាំ​ដែល​មាន​សង្គ្រាម​ស៊ីវិល​​រវាង​ពួកកុម្មុយនិស្ត​បង្កើត​ឡើង​នៅ​ប៉េកាំង និង​ក្រុម​ជាតិនិយមចិន​គួមីនតាង និរទេស​ខ្លួន​មក​តៃប៉ិ។ តៃវ៉ាន់​តែង​ចាត់​ទុក​ខ្លួន​ឯង​ជា​រដ្ឋ​ តែ​មិន​ដែល​បាន​សុំ​ទាមទារ​ឯករាជ្យ​ទាល់​តែ​សោះ។ ចំណែកប៉េកាំង តែ​ង​ចាត់​ទុកកោះ​តៃវ៉ាន់​ ជា​ដែន​ដី​ភាគមួយ​​របស់​ចិន​ និង​​បាន​ថែមទាំង​​គំរាម​ប្រើកម្លាំង​យោធា​ក្រសោប​យក​កោះ​តែ​ម្តង​ផង ប្រសិន​បើ​តៃវ៉ាន់​ហ៊ាន​ប្រកាស​សុំ​ផ្តាច់ខ្លួន​ជា​ផ្លូវការ។

បាតុកម្ម​នេះ​ត្រូវ​បាន​រៀប​ចំឡើង​ក្នុង​ខណៈ​ដែល​ប៉េកាំង​កំពុង​បង្កើន​​សកម្មភាព​ដាក់​តៃវ៉ាន់​ឱ្យ​ឯកា​ លើ​ឆាក​អន្តរជាតិ ឆក់​យក​សម្ព័ន្ធ​មិត្ត​មួយ​ម្តងៗ​ពី​តៃវ៉ាន់ និង​ដាក់​គំនាប​លើ​ក្រុម​ហ៊ុន​បរទេស​ឱ្សសរសេរថា​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ចិន …

បាតុកម្ម​នេះ​ក៏​​កំពុង​រុញ​ច្រាន​ឱ្យ​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ ឆៃ អ៊ីងវេន Tsai Ing-wen កំពុង​ស្ថិត​ក្នុង​ជំហរ​ដ៏​លំបាក ណា​ត្រូវ​ទ្រាំ​នឹង​ព្រនង់​របស់​មហាយក្ស​ចិន ណា​ត្រូវ​ទប់​​ទល់​នឹង​រលក​ឯករាជ្យ​ផ្ទៃ​ក្នុង។ លោក​ស្រី​ ឆៃ អ៊ីងវេន ក៏​មាន​ប្រវត្តិ​និង​ប្រពៃណី​ជា​អ្នក​ឯករាជនិយម​ដែរ​ ប៉ុន្តែ​ប្រកាន់​ជំហររក្សា​Statut quo ជាមួយ​ប៉េកាំង។ ម្យ៉ាង​វិញ​ទៀត ដើម្បី​អាច​រៀប​ចំ​ប្រជាមតិ​​បាន គេ​ត្រូវ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​ហាម​ឃាត់​​​​មិន​ឱ្យ​មានបោះឆ្នោត​​ណា​ប៉ះពាល់​ប្តូរ​ច្បាប់​និង​អធិបតេយភាព​ទេ។

បើ​តាម​អ្នក​វិភាគ​​លោកស្រី​ ឆៃ អ៊ីងវេន ទំនង​ជា​គ្មាន​ថ្ងៃ​ធ្វើ​វិសោធកម្មច្បាប់​ ដែល​ដូច​ជា​ទៅ​ដាស់​យក្ស​ចិន​ឱ្យ​មក​ក្រញេញ​តៃវ៉ាន់​ឡើយ។ លោកស្រី​ប្រធានាធិបតី​បានហាមឃាត់​សកម្មជនបក្ស​ទាំង​អស់​មិន​ឱ្យ​ចូល​រួម​ជាមួយ​ចលនា​បាតុកម្ម​ពលរដ្ឋ​នេះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ