អានតួអត្ថបទ

តៃវ៉ាន់អំពាវនាវ​សុំ​ឱ្យ​ពលរដ្ឋ​កុំ​​​ចាញ់សម្លុតចិន

ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី ឆៃ អ៊ីងវេន Tsai Ing-wen បាន​ប្រកាស​ ​នៅ​ថ្ងៃ​នេះ ឱ្យ​តៃវ៉ាន់​រួបរួម​គ្នា​ កុំ​ចាញ់​សម្លុត​ប៉េកាំង​ឱ្យ​សោះ។ ជា​សេចក្តី​​អំពាវនាវ លើក​ទឹកចិត្ត​ឱ្យ​តៃវ៉ាន់​ ដែល​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​ខួប​៦០​ឆ្នាំ​នៃ​ការ​ចូល​លុក​លុយ​ទម្លាក់​គ្រាប់​បែក​លើ​កោះ​គីនម៉េន របស់​តៃវ៉ាន់ ពី​សំណាក់​យោធា​ប្រជាមានិត​ចិន។

រដ្ឋមន្ត្រីក្រសួងការពារជាតិ​តៃវ៉ាន់លោក Yen Teh-fa ក្នុង​ពិធី​ប្រារព្ធខួប​៦០​ឆ្នាំ​នៅ​កោះKinmen
រដ្ឋមន្ត្រីក្រសួងការពារជាតិ​តៃវ៉ាន់លោក Yen Teh-fa ក្នុង​ពិធី​ប្រារព្ធខួប​៦០​ឆ្នាំ​នៅ​កោះKinmen © Reuters
ផ្សាយពាណិជ្ជកម្ម

​ខួប​៦០​ឆ្នាំ​នៃ​បើក​យុទ្ធនាការ​​​វាយប្រហារលើ​​កោះ​ គីនម៉េន ដែល​តៃវ៉ាន់​ហៅ​ថា​ “ការ​ទម្លាក់​គ្រាប់​បែក​៨២៣” ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែល​ចិន​ប្រជាមានិត​កំពុង​ខ្នះ​ខ្នែង ផ្តាច់​​តៃវ៉ាន់ ឱ្យ​នៅកាន់​តែ​ឯកា​លើ​ឆាក​អន្តរជាតិ។ ប៉ុន្តែទិវា​នេះ គឺឱកាស​​​រំលឹក​ដាស់ ​តៃវ៉ាន់​កុំ​ឱ្យ​ភ្លេច​​ស្មារតីនៃ​ការ​រួប​រួមគ្នា និង​ចង​ចាំ​ថា​តើ​តៃវ៉ាន់​ខ្លាំង​ប៉ុណ្ណា​នៅ​ពេល​រួបរួម​គ្នា​! នេះ​ជា​សេចក្តី​ប្រកាស​របស់​លោកស្រីប្រធានាធិបតី​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ូក ដោយ​អះអាងបន្ថែម​ទៀត​ថា​តៃវ៉ាន់​ជ្រើសរើស​សន្តិភាព តែ​តៃវ៉ាន់​មិនទាន់​មាន​សន្តិសុខ​ជាតិ​ពេញ​លេញ​ទេ។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​១៩៥៨ យោធា​ចិនប្រជាមានិត​បាន​បើក​យុទ្ធនាការ​បាញ់​កាំភ្លើង​ធំ​ ៤៧០០០០​គ្រាប់ មក​លើ​កោះ​គីនម៉េន ​និង​កូនកោះ​ជាប់ៗ​នោះ​ ដែល​ជា​របស់​តៃវ៉ាន់ តែ​នៅ​ចម្ងាយ​ប្រមាណ​តែ ២​គីឡូម៉ែត្រ​ពី​កោះហ្សាមែន​របស់​ចិន។ យុទ្ធនាការ​យោធា​នោះ​ រយៈ​ពេល​៤៤​ថ្ងៃ បាន​សម្លាប់​ជីវិត​ជន​តៃវ៉ាន់​អស់​៦១៨​នាក់។

នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី​រំលឹក​វិញ្ញាណក្ខន្តជន​រងគ្រោះ​​នៅ​កោះ​គីនម៉េន រដ្ឋមន្ត្រី​ក្រសួង​​ការពារ​ជាតិ​ យល់​ថា​កងទ័ព​តៃវ៉ាន់​ពេល​នេះ​ ត្រូវ​តែ​ត្រៀម​ “ប្រយុទ្ធ” ឱ្យ​បាន​​ជា​ស្រេច​ ព្រោះ​ការ​គំរាម​កំហែង​ចិន​មាន​កាន់​តែ​ធំៗ​ឡើងជានិច្ច។

តាំង​ពី​សង្គ្រាម​ស៊ីវិល​ឆ្នាំ​១៩៤៩​មក ចិន​ដីគោកស្ថិត​ក្រោម​ការ​ដឹកនាំ​កុម្មុយនិស្ត​ ឯក្រុម​អ្នក​ជាតិ​និយម​​ចិន​ រស់​ភៀស​ខ្លួន​ទៅ​ដឹកនាំ​​តៃវ៉ាន់។​ តៃវ៉ាន់តាំង​ខ្លួន​ជា​ប្រទេស​មួយ​ តែ​​មិន​ដែល​បាន​ប្រកាស​ទាមទារ​ឯករាជ្យ និងមិន​​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិទេ។ ទំនាក់ទំនង​រវាង​ចិន​និង​តៃវ៉ាន់​​ បាន​ធ្លាក់​ដុន​ដាប​កាន់​តែ​ខ្លាំង ចាប់​ពី​ឆ្នាំ​២០១៦​មក នៅ​ពេល​បក្ស​ជាតិ​និយម​របស់​លោកស្រី ឆៃ អ៊ីនវិន បាន​ឈ្នះ​ឆ្នោត។

ប៉ុន្តែ​សម្រាប់​​ប៉េកាំង កោះ​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ចិន ! ក្រោម​ផ្លាក​នយោបាយ​ចិន​តែមួយ ប៉េកាំង​មិន​ដែល​លាក់​បាំង​មហិច្ឆតា ចង់​ក្រសោប​យក​តៃវ៉ាន់​ ដោយ​ប្រើ​កម្លាំង​ទេ និង​បានបង្កើន​សកម្មភាព​ការទូត​កាន់​តែ​ខ្លាំងឡើងៗ ដើម្បី​ដាក់​តៃវ៉ាន់​ឱ្យ​កាន់​តែ​ឯកា​លើ​ឆាក​អន្តរជាតិ។ ជាក់ស្តែង​កាលពី​ថ្ងៃ​អង្គារ​ ចិន​បាន​ទាក់​ប្រទេស​អេលសាល់វ៉ាដរ ឱ្យ​ផ្តាច់​ទំនាក់ទំនង​ជាមួយ​ក្រុង​តៃប៉ិ។ គិត​មក​ត្រឹម​ថ្ងៃ​នេះ មាន​ប្រទេស​ចំនួន​តែ​១៧​នាក់​ប៉ុណ្ណោះ​ ទទួល​ស្គាល់​តៃវ៉ាន់ រួម​មាន​វ៉ាទីកង់ ប្រទេស​មួយ​នៅអាហ្វ្រិក ហើយ​បួនដប់​ទៀត​​នៅ​តំបន់​ប៉ាស៊ីហ្វិក និង​អាមេរិក​ឡាទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ