ចិនប្រាប់អាមេរិក កុំឲ្យប្រធានាធិបតីតៃវ៉ាន់ ចុះចតនៅអាមេរិក
ថ្ងៃទី៣១កក្កដា ក្រសួងការបរទេសចិន បានជំរុញឲ្យអាមេរិក រាំងខ្ទប់ការចុះចតរបស់ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ស្សៃ អ៊ីងវេន ( Tsai Ing-wen)។ រដ្ឋាភិបាលក្រុងតៃប៉ិ ប្រកាសថា ក្នុងខែសីហានេះ ប្រធានាធិបតី ស្សៃ អ៊ីងវេន នឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសសម្ព័ន្ធមិត្ត ក្នុងទ្វីបអាមេរិក ហើយលោកស្រីនឹងចុះចតប្តូរជើងហោះហើរ នៅទឹកដីអាមេរិក។ ដំណឹងនេះ ធ្វើឲ្យចិនខឹងសម្បារ ហើយអំពាវវនាវឲ្យអាមេរិកសហការ កុំឲ្យប្រមុខរដ្ឋតៃវ៉ាន ចុះចតបាន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤៧
លោកស្រី ស្សៃ អ៊ីងវេន ប្រធានាធិបតីតៃវ៉ាន់ នឹងធ្វើទស្សនកិច្ចនៅប្រទេស Paraguay និងប្រទេសបេលីស៍ Belize ក្នុងតំបន់អាមេរិកឡាទីន ចាប់ពីថ្ងៃទី ១២ ដល់២០សីហា ខាងមុខនេះ។ តាមគម្រោង ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីនឹងសុំចុះថតនៅព្រលានយន្តហោះ ក្នុងរដ្ឋ Los Angeles និងរដ្ឋ Houston ទឹកដីរបស់អាមេរិក។
ហេតុដូច្នេះហើយ ទើបមហាយក្សចិន បានអំពាវវនាវអាមេរិក កុំអនុញ្ញាតឲ្យលោកស្រី ស្សៃ អ៊ីងវេន អាចចុះចតនៅលើទឹកដីអាមេរិកឲ្យសោះ។ ចិនប្រកាសយ៉ាងដូច្នេះ គឺដោយសារអាមេរិកបានយល់ព្រមទទួលស្គាល់គោលការណ៍ចិនតែមួយ។ លោក Geng Shung អ្នកនាំពាក្យក្រសួងការបរទេសចិន បានបន្ថែមថា ចិនប្រឆាំងរាល់ការអនុញ្ញាតឲ្យយន្តហោះរបស់លោកស្រី ស្សៃ អ៊ីងវេន ចុះចត។ គឺមិនថានៅអាមេរិក ឬនៅក្នុងប្រទេសដទៃនោះទេ។ ចិនក៏បានប្រកាសប្រាប់បណ្តាប្រទេសទាំងឡាយ ដែលកំពុងមានចំណងការទូតជាមួយចិន ត្រូវឈប់រាល់ការបញ្ចូនសារទាក់ទងទាំងឡាយណាទៅអាជ្ញាធរតៃវ៉ាន់។
សូមរម្លឹកថា ចាប់តាំងតែពីពេលឡើងកាន់អំណាចនៅឆ្នាំ២០១៦មក លោកស្រីប្រធានាធិបតី ស្សៃ អ៊ីងវេន បានបដិសេធច្រាលចោលគោលនយោបាយចិនតែមួយ។ នេះបានធ្វើចិនខឹងសម្បារជាខ្លាំង ហើយចិនក៏រឹងរឹតតែខឹងនឹងលោក ដូណាល់ ត្រាំ ថែមទៀត ដែលលោកព្រមទទួលលើកទូរសព្ទ និយាយជាមួយលោកស្រី អ៊ីងវេន នៅឆ្នាំ២០១៧ ពេលដែលលោក ត្រាំ ឈ្នះឆ្នោត។ មហាយក្សចិនបានដាក់ទណ្ឌកម្មលើរដ្ឋបាលក្រុងតៃប៉ិ ជាបន្តបន្ទាប់ ទាំងផ្នែកសេដ្ឋកិច្ច រួមទាំងដាក់សម្ពាធផ្នែកការទូត។ មិនតែប៉ុណ្ណោះ ចិនបានគំរាមតៃវ៉ាន់ថានឹងធ្វើអន្តរាគមន៍យោធាលេបត្របាក់យកតៃវ៉ាន់តែម្តង ប្រសិនបើករណីចាំបាច់។
សូមជ្រាបដែរថា សព្វថ្ងៃនេះ មានប្រទេសតែ១៨ប៉ុណ្ណោះ ដែលមានចំណងការទូតជាមួយតៃវ៉ាន់។ ដោយសារមានសម្ពាធពីចិន ក្រុមអាកាសចរណ៍មួយចំនួន បានសម្រេចចិត្តប្តូរឈ្មោះជើងហោះហើររបស់ខ្លួនថែមទៀតផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ