អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាងជើង​ចង់​យក​គំរូសេដ្ឋកិច្ច​តាម​​វៀតណាម ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពី​ធ្វើ​ដំណើរ ឆ្លងកាត់​ប្រទេសចិន ​​អស់​រយៈ​ពេល​ជាង​ពីរ​ថ្ងៃ ​រថភ្លើងរបស់​​ប្រមុខ​ដឹកនាំកូរ៉េខាង​ជើង គីម ជុងអ៊ុន ​បាន​​មក​ដល់​និង​ចូល​ចត ក្នុង​ស្ថានីយ៍​ដ៏​តូច​មួយ​​របស់​​វៀតណាមហើយ​ នៅ​ព្រឹកមិញ។ មុន​ចាប់​ផ្តើម​ជំនួប​កំពូល​ជា​លើក​ទីពីរ​ជាមួយប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ ពី​ថ្ងៃទី ២៧-២៨​កុម្ភៈ នៅ​ថ្ងៃ​នេះប្រមុខ​ដឹកនាំ​របប​កុម្មុយនិស្ត​ព្យុងយ៉ាង បាន​ឆ្លៀត​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​វៀតណាម​ ប្រទេស​ដែល​មាន​របប​ឯកបក្ស​ដូច​គ្នា ដោយ​បាន​ជួប​សន្ទនា​ជា​ផ្លូវការ​ជាមួយ​ប្រធានាធិបតី​ វៀតណាម និង​ថ្នាក់​ដឹកនាំ​មួយ​ចំនួនផ្សេងទៀត។

លោក គីម ជុងអ៊ុន ពេល​មក​ដល់​ស្ថានីយ៍​ដុងដង់​ Đồng Đăng ប្រទេស​វៀតណាម ថ្ងៃទី ២៦​ កុម្ភៈ ២០១៩
លោក គីម ជុងអ៊ុន ពេល​មក​ដល់​ស្ថានីយ៍​ដុងដង់​ Đồng Đăng ប្រទេស​វៀតណាម ថ្ងៃទី ២៦​ កុម្ភៈ ២០១៩ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

​ស្ថានីយ៍​ដុងដង់វៀតណាម ជាប់​ព្រំប្រទល់​ជាមួយ​ចិន ដែល​ធ្លាប់​តែ​ស្ងប់​ស្ងាត់ បាន​ក្លាយ​ជា​ទី​ប្រមូល​ផ្តុំ​មនុស្សម្នា ទាហាន​ ប៉ូលិស ទាំងកងៗ​ អ្នក​សារព័ត៌មាន​ជាតិ​-អន្តរជាតិ យ៉ាង​ច្រើន​កុះករ តាំង​ពីយប់​មិញ​ ទោះ​បី​ជា​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ជោគជាំ​ក្តី។ ​

ចុះ​ពី​រថភ្លើង​ ក្នុង​ទឹកមុខ​ញញឹម​ពព្រាយ​ និង​កាយវិការ​ស្វាគមន៍​ លោក គីមជុងអ៊ុន បាន​ឡើង​រថយន្ត​ ដើម្បី​បន្ត​ដំណើរ​ទៅ​កាន់​ក្រុង​ហាណូយ ដោយ​បើក​កញ្ចក់​លើក​ដៃ​ស្វាគមន៍មហាជន និង​​ក្រុម​សិស្សានុសិស្ស​​ដែលឈរ​ធ្វើ​ជា​រ​បង​​មក​ទទួល​លោក គ្រវី​ទង់ជាតិ​វៀតណាម​និង​កូរ៉េខាង​ជើង។​

ក្បួន​រថយន្ត​ជាង​២០​គ្រឿង នាំ​មុខ​ដោយម៉ូតូ​ប៉ូលិស និង​យានយន្ត​សុវត្ថិភាព​ ត្រូវធ្វើ​ដំណើរ​ចម្ងាយ​១៧០​គីឡូម៉ែត្រ​​ទៀត​ ឆ្ពោះ​ទៅ​រដ្ឋធានី ដែល​ក៏​មាន​ការ​ទទួល​ស្វាគមន៍​យ៉ាង​អធិកអធម​ខ្លាំង។

មុន​នឹង​ផ្តើម​ជំនួប​កំពូល​ជា​មួយ​លោក ដូណាល់ ត្រាំ នៅ​ថ្ងៃ​នេះ លោក គីម ជុងអ៊ុន កំពុង​ស្ថិត​នៅ​ក្រុង​ហាណូយ​ ក្នុង​ក្របខ័ណ្ឌ​នៃ​​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​វៀតណាម​។

សម្ព័ន្ធភាព​វៀតណាម-កូរ៉េខាងជើង

វៀតណាម​និង​កូរ៉េខាង​ជើង មាន​ទំនាក់ទំនង​ការ​ទូត​នឹង​គ្នា​តាំងពី​ឆ្នាំ​១៩៥០​​មក។ ​វៀតណាម ជា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ ដែល​មាន​តម្លៃ​ជា​និម្មិត្តរូប​បំផុត​សម្រាប់​ព្យុងយ៉ាង ព្រោះ​វៀតណាម​​ក៏​ជា​ប្រទេស​មាន​របប​ដឹកនាំ​ឯកបក្ស និង​ធ្លាប់​ពុះ​ចែក​ជាពីរ ជា​វៀតណាម​ខាង​ជើង​និង​ខាង​ត្បូង អស់​រយៈ​ពេល​២០​ឆ្នាំ ក្នុង​អំឡុង​សម័យ​សង្គ្រាម​ត្រជាក់ ដូច​ឧបទ្វីប​កូរ៉េ​សព្វថ្ងៃ​នេះ​អញ្ចឹង។ កូរ៉េខាង​ជើង​ធ្លាប់​ទាំង​បាន​ជួយ​​គាំទ្រ​កុម្មុយនិស្ត​ភាគ​ខាង​ជើង​វៀតណាម ក្នុង​សម័យ​សង្គ្រាម​វៀតណាម​ទៀត​ដោយ​បាន​បញ្ជូន​កងទ័ព​អាកាស​មក​ធ្វើ​ជា​កម្លាំង​ជំនួយ​ថែម​ទៀត​ផង។

តែ​ទោះបី​មាន​គោលនយោបាយ​ស្រប​គ្នា​យ៉ាង​ណា​ក៏​ដោយ ក៏​គេ​កម្រ​ឃើញ​ប្រមុខ​ដឹកនាំ កូរ៉េខាង​ធ្វើ​ដំណើរ​មក​​​ប្រទេស​វៀតណាមណាស់។ ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង ដំបូង​គេ​និង​ចុង​ក្រោយ​ដែល​បាន​មក​ដល់​ហាណូយ គឺ​លោក គីម អ៊ីល​ស៊ុង ជា​ជីតា កាលពី​ឆ្នាំ​១៩៦១។

ហេតុ​ដូច្នេះ​ហើយ​បាន​គ្នា​មើល​ឃើញ​ ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ជា​លើក​ទី​មួយ​របស់​​​ប្រមុខ​ គីម ជុងអ៊ុន ថ្ងៃ​នេះ មិនមែន​មាន​តម្លៃ​ត្រឹម​តែ​ជា​ការ​បង្អួត​បង្អាញ​ប្រជាពលរដ្ឋ​កូរ៉េខាង​ជើង​ថា ចៅ​ កំពុង​ដើរ​តាម​គន្លង​របស់​ជីតា​ទេ តែ​គឺ​ជា​ឱកាស​រឹត​ចំណង និង​​ពង្រឹង​ទំនាក់ទំនង​រវាង​គ្នា​ ឱ្យ​កាន់​តែ​ស្អិត​ល្មួត​ផង និង​ជា​ឱកា​ស​សម្រាប់​សិក្សា​អំពី​បម្រែបម្រួល​ដ៏​វិជ្ជមាន​នៃ​សេដ្ឋកិច្ច​នៅ​វៀតណាម​ផង។

ក្នុង​វិស័យ​សេដ្ឋកិច្ចនេះ​ ការ​ផ្តោះ​ប្តូរ​សេដ្ឋកិច្ច​ទ្វេភាគី​ វៀតណាម-កូរ៉េខាង​ជើង បាន​ចាប់​ចុះ​ថយ​ តាំង​ពី​អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្តី​សម្រេច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​របប​ព្យុងយ៉ាង​មក។ ប្រទេស​ទាំង​ពីរ វិវឌ្ឍ​បញ្ច្រាស​ទិស​គ្នា កូរ៉េខាង​ជើង​ក្លាយ​ជា​ប្រទេស​ដ៏​ក្រីក្រ​បំផុត​មួយ ឯ​វៀតណាម​ក្លាយ​ជា​ប្រទេស​មាន​ស្វាហាប់​ជាង​គេ​បំផុត​នៅ​ក្នុង​តំបន់។

រថយន្ត​ដឹក​លោក គីម ជុងអ៊ុន ឆ្ពោះ​​ទៅ​ហាណូយ
រថយន្ត​ដឹក​លោក គីម ជុងអ៊ុន ឆ្ពោះ​​ទៅ​ហាណូយ Yonhap via REUTERS

កូរ៉េខាង​ជើង​កំពុង​សំលឹង​ឃើញគំរូ​សេដ្ឋកិច្ច​វៀតណាម ?

សេដ្ឋកិច្ចស្វាហាប់​ដែល​កូរ៉េខាង​ជើង​មិន​បាន​មើល​រំលង​ទេ។ ក្រោយ​ពី បាន​ប្រកាស​សម្រេច​ជោគជ័យ តាំង​ខ្លួន​ជា​មហាអំណាច​នុយក្លេអ៊ែរ​ លោក គីមជុងអ៊ុន បានងាក​មក​ផ្តល់​អាទិភាព​ចំបង​ដល់​វិស័យ​សេដ្ឋកិច្ច​ម្តង ដោយ​ចង់​យក​គំរូ​តាម​វៀតណាមផង។ នេះបើ​តាម​គំនិត​យល់​ឃើញ​របស់​អ្នក​វិភាគ​ស្ថានការណ៍​ជា​ច្រើនរូប។

ក្រោយ​សង្គ្រាម​នៅ​កូរ៉េ (១៩៥០-៥៣)​ កូរ៉េខាង​ជើង​ជា​ប្រទេស​មាន​បាន និង​មាន​ជាង​កូរ៉េខាង​ត្បូង​ទៀត​ ដោយសារ​តែ​ពេល​នោះ​កូរ៉េខាង​ជើង​មាន​ជំនួយ​និងការ​គាំទ្រ​ពី​សហភាព​សូវៀត​ និង​ដោយសារ​សេចក្តី​សម្រេច​របស់​ជប៉ុន​ ផ្តុំ​ការ​ធ្វើ​អាណានិគម​លើ​ឧស្សាហកម្ម​ដើម្បី​ប្រមូ​ល​ធនធាន​រ៉ែ​និងសក្កានុពល​ប្រព័ន្ធ​វារីអគ្គិសនី។ ប៉ុន្តែ​ស្ថានភាព​ បានប្រែ​ក្រលាស់។ សេដ្ឋកិច្ច​កូរ៉េខាង​ជើង​ ដែល​ស្ថិត​ក្រោម​ការ​ត្រួត​ត្រា​បំផុត​មួយ​តាំង​ពី​យូរ​យារ​មក​ហើយ​នោះ មាន​ចំណាត់ការ​មិន​ល្អ និង​ចាប់​ត្រដរ​ខ្យល់​ កាន់​តែ​ខ្លាំង​នៅពេល​សហភាព​សូវៀត​ដួល​រលំ​ទៅ។ បើ​តាម​ទិន្នន័យ​របស់​សេអ៊ូល កំរិត​ជីវភាព​របស់ពលរដ្ឋ​កូរ៉េខាង​ជើង បាន​ធ្លាក់​ទាប​ជាង​កូរ៉េខាង​ត្បូង​ដល់​ទៅ​ជាង​២០ដង។ ប៉េកាំង​ដែល​ជា​បង​ធំ និង​ជា​អ្នកការពារ​របប​ព្យុងយ៉ាងលើ​ផ្នែក​ការទូត​និង​សេដ្ឋកិច្ច​​​តែ​រហូត​មកដែរ​នោះ បានជំរុញ​ឱ្យ​ប្អូន​ក្រោម​បង្គាប់​មួយ​នេះ​ យក​គំរូ​សេដ្ឋកិច្ច​របស់​ខ្លួន។

ប៉ុន្តែ កូរ៉េខាង​ជើង​មិន​ចង់​ទេ ! កូរ៉េខាង​ជើង​ចង់តែ​​ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​ភាពរំពឹង​លើ​ចិន​ឱ្យ​បាន​ច្រើនតាម​តែ​អាច​ធ្វើ​ទៅ​បាន​ប៉ុណ្ណោះ​ ព្រោះ​ចង់​ឬ​មិន​ចង់​ដោយ​សារ​ទីតាំង​ភូមិសាស្ត្រ​ សេដ្ឋកិច្ច​កូរ៉េខាង​ជើង​ត្រូវ​ចង​ភ្ជាប់​ដោយ​ឯកឯង​នឹង​សេដ្ឋកិច្ច​ចិន​ស្រាប់​ទៅ​ហើយ (​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ជាមួយ​ចិន​មាន​កំរិត​ដល់​ទៅ​ជាង​៩០%ឯណោះ)។

ចង់​ដក​ខ្លួន​ឱ្យ​បាន​ឆ្ងាយ​ពី​ចិន​ ហើយមិន​ចង់​ខិត​ទៅ​ជិត​សហរដ្ឋ​អាមេរិក​ ទោះ​បី​លោក​ដូណាល់ ត្រាំ បាន​ប្រកាស​សន្យា​​លើកស្ទួយ​សេដ្ឋកិច្ច​កូរ៉េខាង​ជើង​បាន​ស្គាល់​ភាព​រុងរឿង​យ៉ាង​ណា​ជា​ថ្នូរ​នឹង​រំសាយ​កម្មវិធីនុយក្លេអ៊ែរ​ក៏​ដោយ។ ដូច្នេះ​គឺ​មាន​តែ​ ​​វៀតណាម​ !

វៀតណាមប្រទេស​កុម្មុយនិស្ត​ឯកបក្ស ​ដែល​បាន​ចាប់បញ្ចូល​​ទំនើបកម្ម​នយោបាយ​សេដ្ឋកិច្ច នៅ​ឆ្នាំ​១៩៨៦ បាន​លើក​ស្ទួយ​ប្រទេស​ឱ្យ​ខិត​ទៅ​រក​របប​មូលធន​និយម តែ​រក្សា​ការពារ​របប​កុម្មុយនិស្ត​បាន​យ៉ាង​ល្អ ៖ ​តូច​ជាង​ចិន ​រដ្ឋាភិបាលកុម្មុយនិស្ត​អាច​​គ្រប់គ្រង​អំណាច​យ៉ាង​ពេញ​ដៃ និង​ទទួល​​ផលយ៉ាង​ប្រពៃ​ពី​សេដ្ឋកិច្ច​ទីផ្សារ​ទៀត។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​កូរ៉េខាង​ជើង​ទំនង​ជា​ចាប់​អារម្មណ៍​នឹង​គំរូ​សេដ្ឋកិច្ច​វៀតណាម​ខ្លាំង​ជាង​ចិន​ និង​កំពុង​ចង់​រិះគិត​ ស្រង់​ជា​គំរូ​សម្រាប់ជំរុញ​ការ​អភិវឌ្ឍ​កូរ៉េខាង​ជើង​។

កាលពី​ខែ​វិច្ឆិកា​ កូរ៉េខាង​ជើង​បាន​បញ្ជូន​រដ្ឋមន្ត្រីការបរទេស​ខ្លួន​មក​វៀតណាម​ម្តងហើយ ហើយ​នៅ​លើក​នេះ​លោក​គីម ជុងអ៊ុន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ដោយ​ផ្ទាល់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ