អានតួអត្ថបទ

គីម ជុងអ៊ុន ទំនងជា​ជិះ​រថភ្លើង​ទៅ​ជួប​លោកត្រាំ​នៅឯ​កិច្ចប្រជុំ​ក្នុង​ប្រទេស​វៀតណាម​

ជំនួបកំពូល​រវាង​លោកដូណាល់ ត្រាំ និងគីម ជុងអ៊ុន នឹងត្រូវ​ប្រព្រឹត្ត​ទៅ​ ក្នុង​រយៈពេល​១ សប្តាហ៍​ទៀត​។ ស្របពេល​ជាមួយគ្នា​នេះ​ មាន​ព័ត៌មាន​លេចឮ​ថា​មេដឹកនាំ​កូរ៉េ​ខាងជើង​ នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​តាម​រថភ្លើង​ ក៏ប៉ុន្តែ​មិនមាន​ការ​បញ្ជាក់​ពិស្តារ​ណាមួយ​ឡើយ​ជុំវិញ​គម្រោង​ធ្វើដំណើរនេះ​ដោយសារ​តែកត្តា​សុវត្ថិភាព​។

ហាងកាត់សក់មួយកន្លែងក្នុងប្រទេសវៀតណាម ផ្តល់ជូននូវការកាត់សក់តាមម៉ូតរបស់លោកគីម ជុងអ៊ុន ដោយឥតគិតថ្លៃ នាថ្ងៃទី១៩ កុមៈ ឆ្នាំ២០១៩។
ហាងកាត់សក់មួយកន្លែងក្នុងប្រទេសវៀតណាម ផ្តល់ជូននូវការកាត់សក់តាមម៉ូតរបស់លោកគីម ជុងអ៊ុន ដោយឥតគិតថ្លៃ នាថ្ងៃទី១៩ កុមៈ ឆ្នាំ២០១៩។ REUTERS/Kham
ផ្សាយពាណិជ្ជកម្ម

ប្រសិនបើ​ធ្វើដំណើរ​តាមរយៈរថភ្លើង ពី​ទីក្រុង​ព្យុងយ៉ាង​ ទៅកាន់​ទីក្រុង​ហាណូយ​ លោកគីម ជុងអ៊ុន អាច​ត្រូវការ​ពេលវេលា​វែង​យូរ​គួរសម​ ពោល​យ៉ាងហោចណាស់​ក៏ត្រូវ​ចំណាយ​ពេល​ចំនួន​ ២ ថ្ងៃ​ កន្លះ​ដែរ​ ក្នុង​រយៈចម្ងាយ​ផ្លូវជិត​ ៤ ០០០ គីឡូម៉ែត​។

បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន​ Reuters មេដឹកនាំ​កូរ៉េ​ខាងជើង​ នឹង​ជិះ​រថភ្លើង​ផ្ទាល់ខ្លួន​ ពី​ទីក្រុង​ព្យុងយ៉ាង​ ទៅកាន់​ប្រទេសចិន​ជាប់នឹងព្រំដែនប្រទេសវៀតណាម និងបន្ទាប់មក​ផ្លាស់​ទៅជិះ​រថយន្ត​វិញ​ ចេញ​ពី​ចិន​ទៅកាន់​ទីក្រុង​ហាណូយ​។ ក៏ប៉ុន្តែ​ បើតាម​សម្តី​ប្រភព​ដកស្រង់​ដោយ​ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP វិញ​ ពី​ព្រំដែន​ប្រទេស​ចិន​ ទៅកាន់​ទីក្រុង​ហាណូយ​ គីម ជុងអ៊ុន អាច​ជិះ​យន្តហោះ ​មិនមែន​រថយន្ត​នោះទេ​។

តែទោះជាយ៉ាងណាក្តី​ រហូតមកទល់​នឹងពេលនេះ​ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយទេ​ ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើដំណើរ​របស់​លោកគីម ជុងអ៊ុន ។ ប៉ុន្តែ​ គេ​គ្រាន់តែ​ដឹងថា​ មាន​មន្ត្រី​កូរ៉េខាងជើង​ជាច្រើន​នាក់​ បានទៅ​ត្រួតពិនិត្យ​តំបន់ព្រំដែន​ រវាង​ប្រទេស​ចិន​ និង​ប្រទេស​វៀតណាម​ កាលពី​ថ្ងៃចន្ទ​ ទី១៨​ កុម្ភៈ​ ដើម​សប្តាហ៍នេះ​។

មួយវិញទៀត​ បើតាម​ទូរទស្សន៍​របស់​ជប៉ុន​ គេ​ក៏​ឃើញ​មាន​ក្រុមអ្នកជំនាញ​កូរ៉េខាងជើង​ ទៅ​ពិនិត្យមើល​ស្ថានភាព​ផ្លូវដែក​ ក្នុង​ទីក្រុង​មួយ​របស់​ចិន​ ដែល​មាន​ព្រំប្រទល់ដែន​ជាប់នឹង​វៀតណាម​ផងដែរ​។

ពាក់ព័ន្ធនឹង​ជំនួប​កំពូល​លើកទី២​ រវាង​លោកត្រាំ​ និង​គីម ជុងអ៊ុន ​នេះដែរ​ ប្រទេស​វៀតណាម​កំពុងតែ​ ដុតដៃ​ដុតជើង​រៀបចំ​កិច្ចប្រជុំនេះ​ យ៉ាងយកចិត្តទុកដាក់​ជាទីបំផុត​ ជាពិសេស​លើផ្នែក​ការពារសុវត្ថិភាព​តែម្តង​។

សូម​រំឭក​ជូនថា​ លោកដូណាល់​ ត្រាំ​ និង​គីម ជុងអ៊ុន​ នឹង​ជួប​ចរចា​ជាមួយគ្នា​ នៅថ្ងៃ​ទី ២៧-២៨ កុម្ភៈ​ ខាងមុខនេះ​។ បើតាម​ភ្នាក់ងារពត៌មាន​ Reuters​ មេដឹកនាំទាំងពីរ​ នឹង​ជួបប្រជុំ​ នៅក្នុង​វិមាន​រដ្ឋាភិបាល​វៀតណាម​ នា​កណ្តាល​ទីក្រុងហាណូយ​ ក៏ប៉ុន្តែ​ទីកន្លែង​ប្រជុំ​នេះ​អាចនឹង​ត្រូវ​ផ្លាស់ប្តូរ​ផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ