ហេតុអ្វីទស្សនកិច្ចរបស់ប្រធានាធិបតីចិន នៅបារាំងជា វិញ្ញាសាដ៏លំបាកសម្រាប់លោកម៉ាក្រុង?
នៅក្នុងដំណើរទស្សនកិច្ចមួយជុំតូចនៅអឺរ៉ុប ប្រធានាធិបតីចិន លោកស៊ី ជីនពីងត្រូវផ្តើមទស្សនកិច្ច ផ្លូវរដ្ឋ នៅថ្ងៃចន្ទ នេះ នៅប្រទេសបារាំង។ នៅថ្ងៃអាទិត្យម្សិលមិញ នៅមុនផ្តើមទស្សនកិច្ចជាផ្លូវការ នៅបារាំង ប្រមុខរដ្ឋចិន បានចូលជួបព្រះមហាក្សត្ររបស់ប្រទេសម៉ូណាកូ មុននឹងចូលទទួលទានអាហារ ពេលល្ងាច ជាមួយ គ្រួសាររបស់លោកប្រធានាធិបតី បារាំង អេម៉ានុយអែលម៉ាក្រុង នៅទីក្រុងនីស ភាគខាងត្បូងបារាំង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣៥
នៅទីក្រុងនីស ជាទីដែលលោកទទួលប្រធានាធិបតីចិន ជាលក្ខណៈឯកជន លោកប្រធានាធិបតីបារាំង អេម៉ានុអែល ម៉ាក្រុងនឹងនិយាយពីការពង្រឹងទំនាក់ទំនង ចិន បារាំង ទំនាក់ទំនងចិន អឺរ៉ុប សំណុំរឿងអន្តរជាតិ ហើយនិងសំណុំរឿងផ្សេងទៀត ដែលប្រទេសទាំងពីរមានជាប់ផលប្រយោជន៍រួម។ បារាំងចង់បានការវិនិយោគរបស់ចិន ក្នុងវិស័យទេសចរណ៍ និងការចូលរួមរបស់ចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមអ៊ីស្លាមជ្រុលនិយម នៅទឹកដីអាហ្រ្វិក ជាដើម។
ប៉ុន្តែ នៅពេលដែលទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីចិន នៅប្រទេសបារាំង ចាប់ផ្តើម ជាផ្លូវការ នៅថ្ងៃចន្ទ នៅចំ គម្រប់ខួប៥៥ឆ្នាំ នៃទំនាក់ទំនងបារាំង និងចិន គឺនៅពេលនោះហើយ ដែលលោកម៉ាក្រុងត្រូវបង្ហាញជំហរពិតប្រាកដរបស់បារាំង ជាពិសេសចំពោះ គម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់លោកប្រធានាធិបតី ស៊ី ជីនពីង។ ក្នុងពេលអ៊ីតាលី សមាជិកមួយរបស់សហភាពអឺរ៉ុប ចុះហត្ថលេខា ចូលរួមក្នុងគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជាមួយចិន ប្រធានាធិបតី បារាំង លោកម៉ាក្រុង ឯណោះវិញ ធ្លាប់ចង់ឲ្យកិច្ចព្រមព្រៀងស្តីពីគម្រោង ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ គួរធ្វើឡើងក្នុងក្របខ័ណ្ឌ ចិន និងអឺរ៉ុបទាំងមូល គឺមិនមែនទ្វេភាគី រវាងចិន និងប្រទេសសមាជិកអឺរ៉ុបណាមួយនោះទេ។
ប្រធានាធិបតី បារាំង លោកម៉ាក្រុង ចង់ជំរុញឲ្យសហភាពអឺរ៉ុបពង្រឹងទំនាក់ទំនងជាមួយ ចិន ប៉ុន្តែ ជាមួយគ្នានោះ លោកក៏រិះគន់ផងដែរ នយោបាយអនុត្តរភាពរបស់ប្រទេសមហាអំណាចចិន។ អាល្លឺម៉ង់វិញ បានបញ្ចេញសំលេងរិះគន់ចិន បន្ថែមទៀត នៅក្រោយ ចិន ទាក់ទាញបានប្រទេសអឺរ៉ុបដំបូងគេ គឺអ៊ីតាលីឲ្យចូលរួមក្នុងគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ។ សម្រាប់រដ្ឋមន្រ្តីការបរទេស ប្រទេសមួយចំនួនដែលជឿថា កំពុងធ្វើជំនួញជោគជ័យជាមួយចិន នឹងភ្ញាក់ដឹងខ្លួន នៅថ្ងៃមួយថា ពួកគេបានក្លាយជាប្រទេសពឹងផ្អែកលើចិនទាំងស្រុង។
ឆ្លើយតបទៅនឹងកង្វល់របស់របស់អឺរ៉ុប ដែលថា គម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយនឹងផ្តល់ប្រយោជន៍តែទៅខាងចិន លោកប្រធានាធិបតី ស៊ី ជីនពីង បានអះអាង សា ជាថ្មីនៅប្រទេសអ៊ីតាលី ថា ផលប្រយោជន៍នឹងមាន សម្រាប់ទាំងសងខាង។
នៅក្នុងរបាយការណ៍របស់ខ្លួន សហភាពអឺរ៉ុប ធ្លាប់បានសរសេររួចហើយថា ចិនជាប្រទេសដៃគូ ប៉ុន្តែ ជាមួយគ្នានោះក៏ជាប្រទេសគូប្រជែងរបស់អឺរ៉ុបដែរ។ ប្រទេសអឺរ៉ុបជាច្រើន មិនជឿទុកចិត្តចិន ជាពិសេស នៅក្នុងគម្រោងដំឡើងបណ្តាញទូរស័ព្ទទំនើបជំនាន់ទី៥ របស់ក្រុមហ៊ុនHuawei ដែលអាមេរិកចោទថា ជាភ្នាក់ងារលួចយកព័ត៌មានសម្ងាត់ទៅឲ្យកងទ័ពចិន។
នៅថ្ងៃអង្គារ លោកស្រីនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ និងប្រធានគណៈកម្មការអឺរ៉ុប លោកហ្សុងគ័រ នឹងជួបពិភាក្សាចតុភាគី ជាមួយ លោកស៊ី ជីនពីង និងលោកម៉ាក្រុង ដើម្បី ដោះស្រាយរាល់ចំណុចខ្វែងគំនិតគ្នារវាងអឺរុប ហើយនិងមហាអំណាចចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ