សហភាពអឺរ៉ុបអំពាវនាវឲ្យសមាជិក ការពារទីផ្សារសាធារណៈ ទប់ចិនកុំឲ្យវាយលុក
ប្រឈមមុខ នឹងការវាយលុយកាន់តែខ្លាំង ពីសំណាក់ផលិតផល ក៏ដូចជាទឹកប្រាក់វិនិយោគរបស់ចិន សហភាពអឺរ៉ុប បានអំពាវនាវទៅកាន់ ប្រទេសសមាជិកខ្លួនទាំងអស់ ថាត្រូវប្រើ យុទ្ធសាស្ត្រនៃការដេញថ្លៃ យកទីផ្សារសាធារណៈ ជាអាវុធ ដើម្បីទប់ទល់ ជាមួយនឹងការវាយលុករបស់ចិន មកក្នុងទីផ្សារអឺរ៉ុប។ សហភាពអឺរ៉ុប យល់ឃើញថា ការដែលចិន បន្តបិទទីផ្សារខ្លួន មិនទទួលក្រុមហ៊ុនបរទេស គឺជារឿងមិនអាចទទួលយកបានទៀតឡើយ។ ដូច្នេះ ត្រូវតែមានវិធានការតបវិញ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៦
យោងតាមឯកសាររបស់គណកម្មការអឺរ៉ុប គឺអឺរ៉ុប អាចមានសិទ្ធិហាមឃាត់នូវការចូលរួម របស់ក្រុមហ៊ុនបរទេសណាមួយ មិនឲ្យចូលក្នុងទីផ្សារសាធារណៈអឺរ៉ុប បើសិនប្រទេសនោះ បានអនុវត្តនូវវិធានការរើស អើងចំពោះ ក្រុមហ៊ុនអឺរ៉ុប។ ដោយមិនបញ្ជាក់ថា ប្រទេសណាទេ តែវាប្រាកដណាស់ ដែលថាសហភាពអឺរ៉ុប សំដៅទៅដល់ចិន។
បើតាមប្រភពពីមន្ត្រីរបស់ គណកម្មការអឺរ៉ុប ប្រចាំនៅព្រុចសែល បានឲ្យដឹងថា សហភាពអឺរ៉ុប នឹងស្នើទៅកាន់ប្រទេសសមាជិកទាំងអស់ នៅក្នុងឱកាសជំនួបកំពូល ដែលចាប់បើកទ្វារ នៅថ្ងៃព្រហស្បតិ៍ទី២១មីនានេះ ថាឲ្យសមាជិកទាំងអស់ មានការប្រុងប្រយត្ន័ ហើយត្រូវចាត់វិធានការឲ្យបានម៉ដ្ឋចត់ ដើម្បីទប់ទល់ទៅនឹង ការវាយលុករបស់ចិន មកក្នុងសេដ្ឋកិច្ចអឺរ៉ុប។ គណកម្មការអឺរ៉ុប ដែលជាអ្នកផ្តើមគំនិតនេះ បានលើកឡើងថា ប្រទេសសមាជិកអឺរ៉ុប ត្រូវតែប្រើវិធានការចាំបាច់ ដើម្បីហាមឃាត់ ការវាយសម្រុករបស់ក្រុមហ៊ុន មកក្នុងទីផ្សារសាធារណៈអឺរ៉ុប។
លោក Jyrki Katainen អនុប្រធាននៃគណកម្មការអឺរ៉ុប បានគូសបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន Reuters ថា ពីមុនចិនបិទទីផ្សាររបស់ខ្លួន មិនឲ្យក្រុមហ៊ុនអឺរ៉ុបចូល ដោយអះអាងថា ដោយសារខ្លួននៅមានកំរិត ហើយត្រូវការការពារក្រុមហ៊ុនជាតិខ្លួន ឲ្យមានការអភិវឌ្ឍន៍រឹងដៃរឹងជើងសិន។ ប៉ុន្តែបច្ចុប្បន្ននេះ ចិនមិនអាចយកអំណះអំណាងនេះ មកជាលេសបានទៀតទេ ព្រោះវាលែងមានសុពលភាពហើយ។ ចិនបានក្លាយជាមហាអំណាច មានការសម្រុកវិនិយោគគ្រប់ទីកន្លែង ទូទាំងពិភពលោក។ ដូច្នេះចិនត្រូវតែបើកទីផ្សារសេវាសាធារណៈរបស់ខ្លួន ដូចគេដូចឯង។
គួរកត់សំគាល់ថា ទីផ្សារសាធារណៈនៅទូទាំងសហភាពអឺរ៉ុប ក្នុងមួយឆ្នាំមានតម្លៃសរុប ប្រមាណ២៤០ម៉ឺនលានអឺរ៉ូ។ កាលពីចុងឆ្នាំ២០១៨ សហភាពអឺរ៉ុប បានអនុម័តនូវយន្តការសំណាញ់ ដើម្បីចំរាញ់ ពិនិត្យលើការបោះទុនវិនិយោគពីបរទេស នៅក្នុងវិស័យសំខាន់មួយចំនួន ដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាជាន់ខ្ពស់ ដែលសុទ្ធសឹងតែជាវិស័យយុទ្ធសាស្ត្រ។ យន្តការសំណាញ់នេះ គឺដើម្បីទប់ស្កាត់ការហក់ចូលរបស់អ្នកវិនិយោគចិន ដែលអ្នកជំនាញនៅអឺរ៉ុប យល់ឃើញថា មិនសូវមានតម្លាភាព ហើយទំនាក់ទំនងយ៉ាងស្និទ ជាមួយរដ្ឋចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ