អានតួអត្ថបទ
បារាំង-អឺរ៉ុប-ចិន

បារាំង-ចិន៖​លោក​អេម៉ានុយអែល ម៉ាក្រុង និង​លោក​ស៊ី ជីនពីង​រួម​ដៃគ្នា​ការពារ​ប្រព័ន្ធ​ពហុភាគី

ថ្ងៃ​អង្គារ ទី២៦ មីនា​ជា​ថ្ងៃ​ទី៣ និង​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​ក្នុង​ប្រទេស​បារាំង។ បន្ទាប់​ពី​បាន​ជួប​សន្ទនា​ជាមួយ​សមភាគី​បារាំង​លោក​ម៉ាក្រុង​នា​ថ្ងៃ​ចន្ទ ទី២៥ មីនា លោក​ស៊ី​ចូលរួម​នៅ​ក្នុង​ជំនួប​ចតុភាគី​ជាមួយ​សមភាគី​បារាំង​លោក​ម៉ាក្រុង នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោកស្រី​មែរកិល និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក​ហ្សង់ខ្លូត យុងក័រ។ នៅ​ក្នុង​ជំនួប​ទ្វេភាគី​រវាង​លោកម៉ាក្រុង និង​លោក​ស៊ី ប៉ារីស និង​ប៉េកាំង​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រៀង​ជា​ច្រើន​ដែល​មាន​ទឹកប្រាក់​ជា​ច្រើន​ពាន់លាន​អឺរ៉ុប ពិសេស​ចិន​បាន​កម្ម៉ង់​ទិញ​យន្តហោះ Airbus ចំនួន ៣០០គ្រឿង។ ទន្ទឹម​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម បារាំង និង​ចិន​ក៏​បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​គ្នា​នៅ​ក្នុង​វិស័យ​វប្បធម៌ ឬ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​នៅ​ក្នុង​បរិយាកាស។ បន្ទាប់​មក​នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា​នា​ល្ងាច​ថ្ងៃ​ចន្ទ ទី២៥ មីនា លោក​ម៉ាក្រុង និង​លោក​ស៊ី​បាន​រួម​ដៃ​គ្នា​ការពារ​ប្រព័ន្ធ​ពហុភាគី។ « បើ​ប្រព័ន្ធ​ពហុភាគី​បែកខ្ញែក នឹង​គ្មាន​ប្រទេស​ណា​មួយ​ចេញ​រួច​តែ​ម្នាក់​ឯង​បាន​ទេ ទោះ​ខ្លាំង​ប៉ុនណា​ក៏​ដោយ » នេះ​ជា​ការ​រម្លឹក​របស់​លោក​ម៉ាក្រុង។ ចំណែក​លោក​ស៊ី​បាន​បន្ថែម​ដោយ​ធានា​ថា ចិន​ប្តេជ្ញា​ការពារ​ម៉ឺងម៉ាត់​លើ​ប្រព័ន្ធ​ពហុភាគី។

ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង និង​សមភាគី​បារាំង​លោក​ម៉ាក្រុង​ក្នុង​ពិធីស្រស់ស្រូបអាហារ​រួម​គ្នា​ក្នុង​វិមានអេលីហ្សា ថ្ងៃទី២៥ មីនា ២០១៩
ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង និង​សមភាគី​បារាំង​លោក​ម៉ាក្រុង​ក្នុង​ពិធីស្រស់ស្រូបអាហារ​រួម​គ្នា​ក្នុង​វិមានអេលីហ្សា ថ្ងៃទី២៥ មីនា ២០១៩ Reuters
ផ្សាយពាណិជ្ជកម្ម

« យើង​បាន​សម្រេច​ពង្រឹង និង​ពង្រីក​ទំហំ​យុទ្ធសាស្រ្ត​នៃ​ទំនាក់ទំនង​បារាំង ចិន។ យើង​នឹង​បង្កើន​ការ​ដោះដូរ​ក្នុង​កម្រិត​ខ្ពស់ បង្កើន​ជំនឿ​ទុកចិត្ត​ផ្នែក​នយោបាយ​ទៅ​វិញ ទៅ​មក គោរព ហើយ​គិតគូរ​លើ​ក្តីកង្វល់​ធំៗ និង​លើ​ផលប្រយោជន៍​សំខាន់ៗ​រវាង​គ្នា។ យើង​នឹង​ពង្រឹង​ការ​ប្រាស្រ័យ​ទាក់ទង និង​ការ​សម្របសម្រួល​ជា​យុទ្ធសាស្រ្ត​នៅ​ក្នុង​កិច្ចការពិភពលោក ហើយ​ការពារ​រួម​គ្នា​នូវ​បទដ្ឋាន​ជា​មូលដ្ឋាន​នៃ​ទំនាក់ទំនង​អន្តរជាតិ​ដែល​ផ្អែក​លើ​គោលដៅ និង​គោលការណ៍​ច្បាប់​ដែល​មាន​ចែង​នៅ​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ។

បន្ទាប់​មក ការពារ​រួម​គ្នា​លើ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ដោយ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ ហើយ​យើង​រក្សា​ជំហរ​ម៉ឺងម៉ាត់​ចំពោះ​ប្រយោជន៍​ពហុភាគី ធ្វើ​ការ​រួម​គ្នា​ដើម្បី​កែលម្អ​អភិបាលកិច្ចពិភពលោក និង​ចូលរួម​ប្រឆាំង​ទប់​នឹង​បម្រែបម្រួល​អាកាសធាតុ ព្រម​ទាំង​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត។ ខ្ញុំ​បាន​អញ្ជើញ​ប្រធានាធិបតី​អេម៉ានុយអែល ម៉ាក្រុង​ឲ្យ​ទៅ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន​នៅ​ឆមាស​ទី២ ឆ្នាំ​នេះ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ