លោកអេម៉ានុយអែល ម៉ាក្រុង៖កិច្ចសហប្រតិបត្តិការទទួលបានប្រយោជន៍ច្រើនជាងការប្រឈមមុខដាក់គ្នា
នៅក្នុងប្រទេសបារាំង លោកប្រធានាធិបតីអេម៉ានុយអែល ម៉ាក្រុងបានរៀបចំជំនួបរួមគ្នាជាមួយប្រធានាធិបតីចិនលោកស៊ី ជីនពីង នាយករដ្ឋមន្រ្តីអាល្លឺម៉ង់លោកស្រីមែរកិល និងប្រធានគណៈកម្មការអឺរ៉ុបលោកហ្សង់ខ្លូត យុងក័រ។ នៅក្រោយជំនួប លោកម៉ាក្រុងបានបញ្ជាក់លើចំណុចរួមគ្នាដើម្បីពង្រឹងប្រព័ន្ធពហុភាគីក្នុងលោកដែលកំពុងបំផ្លាញដោយប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ។ កិច្ចសហប្រតិបត្តិការជាលក្ខណៈពហុភាគីរួមមាននៅក្នុងវិស័យសន្តិភាព សន្តិសុខអន្តរជាតិ ឬមួយយុទ្ធនាការប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។ បន្ទាប់មក លោកម៉ាក្រុងក៏បានលើកឡើងពីកំណែទម្រង់លើអង្គការ និងស្ថាប័នអន្តរជាតិមួយចំនួន ដូចយ៉ាងអង្គការសហប្រជាជាតិ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ឬមួយអង្គការពាណិជ្ជកម្មពិភពលោក។ លោកម៉ាក្រុងយល់ថា កិច្ចសហប្រតិបត្តិការទទួលបានប្រយោជន៍ច្រើនជាងការប្រឈមមុខដាក់គ្នា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤៦
« សហភាពអឺរ៉ុបរួមជាមួយចិនដែលជាប៉ូលសេដ្ឋកិច្ចមួយក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង ៣ លើលោក។ ការបើកទីផ្សារអឺរ៉ុបបានរួមចំណែកនៅក្នុងដំណើរការវិវត្តន៍ដ៏ឆាប់រហ័សរបស់ចិនរហូតក្លាយជាប្រទេសមួយដែលកំពុងមានសេដ្ឋកិច្ចរីកលូតលាស់ដ៏សម្បើមអស្ចារ្យ។ សន្ទុះសេដ្ឋកិច្ចដ៏អស្ចារ្យមួយនេះបានអនុញ្ញាតឲ្យមានពលរដ្ឋចិនចំនួន ៧០០លាននាក់ងើបផុតពីភាពក្រីក្រ។ តែក្នុងពេលជាមួយគ្នានេះ ភាពរីកចម្រើនយ៉ាងឆាប់របស់ចិនបានបង្កើតឲ្យមានបញ្ហានៅក្នុងសង្គមអឺរ៉ុប។
បញ្ហាទាំងនោះមានដូចជាកំណើនវិសមភាពនៅក្នុងវិស័យផលិតកម្ម ឬមួយកំណើនផលវិបាកសេដ្ឋកិច្ច និងសង្គម រួមទាំងបញ្ហាតានតឹងមួយចំនួនដែលចាំបាច់តម្រូវឲ្យមានវិធានការការពារស្របច្បាប់មួយ។ ខ្ញុំយល់ឃើញថាឆន្ទៈរួមរបស់យើង គឺត្រូវចៀសវាងកុំឲ្យចម្លើយចំពោះបញ្ហាទាំងអស់នេះធ្លាក់ទៅក្នុងជម្លោះពាណិជ្ជកម្មថ្មី ទៅក្នុងភាពប្រេះឆានៃសណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិ ឬមួយទៅក្នុងនយោបាយឯកោ និងអាត្មានិយម។
អ្វីដែលយើងចង់កសាងរួមគ្នា គឺមូលដ្ឋានគ្រឹះពហុភាគីយុត្តិធម៌ និងមានសមភាព។ សហភាពអឺរ៉ុបដែលជាទីផ្សារសេដ្ឋកិច្ចមួយបើកចំហនៅក្នុងលោកអាចចាប់ដៃធ្វើការរួមគ្នាជាមួយចិននាឱកាសជំនួបកំពូលអឺរ៉ុប ចិននៅថ្ងៃខាងមុខ និងនៅក្នុងជំនួបកំពូលនៃក្រុមប្រទេស G២០ ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុននាប៉ុន្មានខែទៀតដើម្បីកំណត់កាលវិភាគរួមស្តីពីការធ្វើទំនើបកម្មលើប្រព័ន្ធពហុភាគីពាណិជ្ជកម្ម »៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ