អានតួអត្ថបទ

បារាំងនិងឥណ្ឌា ធ្វើសមយុទ្ធរួមគ្នាក្នុងដែនទឹកយុទ្ធសាស្ត្រ

មហាសមុទ្ទ​ឥណ្ឌាដែល​បាន​ក្លាយ​​ដែន​ទឹក​យុទ្ធសាស្ត្រ​​​នៃ​ការ​ប្រកួត​ប្រជែង​របស់​ក្រុមមហាអំណាច​ក្នុង​តំបន់​កាន់​ខ្លាំងឡើងៗ​នោះ ត្រូវបានបារាំង​និង​ឥណ្ឌា​​ប្រើ​ជា​ទីតាំង​ធ្វើ​សមយុទ្ធ​ជើង​ទឹក​រួម​គ្នា នៅ​ក្នុង​ខែ​នេះ។ ​លំហាត់​យោធា​ជាគម្រប់​​លើក​ទី​១៧ ​ដែល​គេ​ប្រសិទ្ធនាម​ថា សមយុទ្ធវ៉ារុណា បាន​ការ​ចូល​រួម​ជា​ពិសេស​ ពី​សំណាក់នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​បារាំង Charles de Gaulle ជា​លើក​ទី​មួយ។

នាវា​ផ្ទុកយន្តហោះ​ចម្បាំង​បារាំង Charles de Gaulle ក្នុង​សមយុទ្ធ​នៅ​បណ្តោយ​ឆ្នេរ​ខាង​លិច​របស់​ឥណ្ឌា
នាវា​ផ្ទុកយន្តហោះ​ចម្បាំង​បារាំង Charles de Gaulle ក្នុង​សមយុទ្ធ​នៅ​បណ្តោយ​ឆ្នេរ​ខាង​លិច​របស់​ឥណ្ឌា ©AFP
ផ្សាយពាណិជ្ជកម្ម

បារាំង​និង​ឥណ្ឌា​បាន​បើក​ធ្វើ​សមយុទ្ធ​រួម​គ្នា​ តាំ​ងពី​ឆ្នាំ​២០០១​មក។ ប៉ុន្តែ​ សម្រាប់​អាជ្ញាធរ​បារាំង​ ​សមយុទ្ធ​​ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​ឆ្នេរ​ Goa (ខាង​លិច) របស់​មហាយក្ស​​ឥណ្ឌា​នេះ ​ជា​តំណាង​មហិច្ឆតាធំ​​បំផុត ដោយ​មាន​​​នាវា​ចម្បាំង​​របស់​កងយោធា​ជើង​ទឹក​នៃ​ប្រទេស​ទាំង​ពីរ ​ចំនួន​១២​គ្រឿង​ ចូល​រួម​ធ្វើ​លំហាត់​សឹក។

​​វត្តមានជា​លើក​ទី​មួយ​នៃ​​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង Charles De Gaulle ក្នុងមហាសមុទ្ទ​ឥណ្ឌា ​តំបន់​ដែល​នឹងអាច​ក្លាយ​ជា​ទីតាំង​ប្រកួត​ប្រជែង​គ្នា​របស់​ក្រុម​មហាអំណាច​ រឹត​តែ​ធ្វើ​ឱ្យ​សមយុទ្ធ​ឆ្នាំ​នេះ​កាន់​តែ​មាន​តម្លៃ​​ជា​និម្មិត្តរូប​ខ្លាំង​បន្ថែម​ទៀត។ នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ​​តែ​មួយ​គត់របស់​បារាំង មិនមែន​ត្រឹ​ម​តែ​ជាមាន​​សមត្ថភាព​យោធា​ដ៏​ខ្លាំងក្លា​ទេ តែ​ផ្លាស់​ទី​របស់​នាវា​ថ្ងៃ​នេះ មាន​បង្កប់​អត្ថន័យ​នយោបាយ​បំផុត។

លើ​នាវា​ដែល​មាន​ផ្លូវ​យន្តហោះ​ប្រវែង​២៦១​ម៉ែត្រ ផ្ទុក​យន្តហោះ​ចម្បាំង​រ៉ាហ្វាល់​បីគ្រឿង​ អាច​ហោះ​ចេញ​បាន​ជា​រៀង​រាល់​ថ្ងៃ​ ឡើង​កង​រំពង​រង្គើ​មេឃ មាន​ផ្ទុក​យោធា​២ពាន់​នាក់​ វត្តមាន​របស់​ហ្សាលដឺហ្គោល ​អាចនឹង​​ធ្វើ​​ឱ្យ​តំបន់ ដែល​មាន​លក្ខណៈ​​យុទ្ធសាស្ត្រ កាន់​តែ​ខ្លាំង​ឡើងៗ ទាំង​ខាង​ពាណិជ្ជកម្មអន្តរជាតិ​ និងយោធាផង ឱ្យ​រឹត​តែ​មាន​ស្ថិរភាព។ ​នេះបើតាម​ការ​អះអាង​របស់​​មេបញ្ជាការនាវា។

លាត​សន្ធឹង​ពី​អាស៊ី​ខា​ង​ត្បូង ទល់​នឹង​មហាសមុទ្ទ​អង់តាកទិក ឆ្លង​កាត់​ទ្វីប​អាហ្វ្រិក​និង​ទ្វីប​អូសេអានី មហាសមុទ្ទ​ឥណ្ឌា មាន​ទម្ងន់​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​កាន់​ធ្ងន់ៗ​ឡើង​ នៅ​សតវត្សរ៍​ទី​២១​ដែល​ស្នូល​ទំនាញ​សេដ្ឋកិច្ច​ពិភពលោក​ស្ថិត​នៅអាស៊ី។ ដោយ​សារ​ទីតាំង​ភូមិសាស្ត្រ​ ឥណ្ឌា​ហាក់​គ្រប់គ្រង​តំបន់នេះ​ស្ទើរ​តែ​ម្នាក់​ឯង ប៉ុន្តែ​អំណោយ​ផល​នេះ​ ត្រូវ​បាន​រួញ​បន្តិចម្តងៗ​ដោយ​ចិន​បាន​បង្ហាញ​វត្តមាន​កាន់​តែ​ច្រើន​ឡើងៗ ដើម្បី​ប្រយោជន៍​ពាណិជ្ជកម្ម​ ធនធាន​ធម្មជាតិ និងក្នុង​បំណង​​យោធា​ទៀត តាម​រយៈ​ ពង្រាយ​នាវា​យោធា នាវា​មុជទឹក ​ពង្រីក​បណ្តាញ​ពាណិជ្ជកម្ម​ ហេដ្ឋារចនា​សម្ព័ន្ធ ​នៅ​ស្រីលង្កា ជាមួយនឹង​គម្រោង​​​ផ្លូវមួយ​ខ្សែ​ក្រវ៉ាត់​មួយ។ ទៅ​ថ្ងៃ​អនាគត នៅ​រវាង​ពី​១០​ទៅ​១៥​ឆ្នាំ​ទៀត ភាព​តាន​តឹង​អាច​នឹង​កើត​មាន​នៅ​មហាសមុទ្ទ​ឥណ្ឌា​​ ដូច​អ្វី​ដែល​កើត​មាន​នៅ​សមុទ្ទ​ចិន​ខាង​ត្បូងនាពេល​នេះ​ផង។

ប៉ុន្តែកិច្ចសហប្រតិបត្តិការ​បារាំង​និង​ឥណ្ឌា ក្នុង​សមុទ្ទ​មហា​សមុទ្ទ​ឥណ្ឌា​ មិន​មែន​ជា​ការចាប់​ដៃគូ​​ដើម្បី​ប្រឆាំង​នឹង​ប្រទេស ឬ​តំបន់​ ឬ​មហាអំណាច​មួយ​ឡើយ​។ នេះ​ជា​ការ​ពន្យល់​របស់​ឯកអគ្គរដ្ឋ​ទូតបារាំង​ប្រចាំ​ប្រទេស​ឥណ្ឌា​ដែល​អះអាង​ថា នាវា​Charles de Gaulle ​បាន​ចូល​រួម​ជា​បឋម​ក្នុង​ប្រតិបត្តិការ​យោធាប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​សមុទ្ទ​មេឌីទែរ៉ាណេ ឥលូវ​មក​ដល់ឥណ្ឌា រួច​នឹងធ្វើ​ដំណើរ​បន្ត​ទៅ​ប្រទេស​សិង្ហបុរី​ ទី​ដែល​មាន​ជំនួប​កំពូល​សន្តិសុខ មុន​នឹង​ត្រលប់​មក​ប្រទេស​បារាំង​វិញ​នៅ​ដើម​ខែ​កក្កដា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ