បារាំង រំលឹកប៉េកាំងពីសិទ្ធិធ្វើចរាចរណ៍ក្នុងសមុទ្ទ
គេធ្លាប់តែឮញយដង ចិនខឹងអាមេរិកដែលរំលោភចូលដែនទឹក ឬដែនអាកាសរបស់ខ្លួន ! នៅថ្ងៃនេះ ចិនបានធ្វើសេចក្តីតវ៉ា ជាមួយបារាំងម្តង។ សម្រាប់ប៉េកាំង វត្តមាននៃនាវាចម្បាំងបារាំងក្នុងច្រកសមុទ្ទតៃវ៉ាន់ គឺជារំលោភបូរណភាពដែនទឹកចិន ហេតុដូច្នេះហើយបានប៉េកាំង ធ្វើការតវ៉ា ប្រឆាំង។ ប៉ុន្តែ នៅថ្ងៃព្រហស្បតិ៍នេះ បារាំងបានរំលឹកតបទៅប៉េកាំងវិញ ឱ្យគោរពច្បាប់ និងសេរីភាពនៃការចរាចរណ៍ផ្លូវទឹក។
ចុះផ្សាយនៅថ្ងៃ៖
អ្នកនាំពាក្យក្រសួងការពារជាតិចិន បានបញ្ជាក់ព័ត៌មានយ៉ាងច្បាស់លាស់ថា ឆ្មាំយោធា នៃកម្លាំងយោធាជើងទឹកចិនបានប្រទះឃើញនាវាចម្បាំងបារាំង កាលពីថ្ងៃទី ៧ មេសា បើកចូលក្នុងដែនទឹកចិន ដោយគ្មានការអនុញ្ញាត និងបានបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅបណ្តេញនាវាបារាំងឱ្យចាកចេញទៅវិញ។ សម្រាប់ចិន កោះតៃវ៉ាន់ និង ច្រកសមុទ្ទតៃវ៉ាន់ ជាចំណែកមួយនៃទឹកដីចិន។ ហេតុដូច្នេះហើយបានជាចិន ធ្វើការតវ៉ា ជាផ្លូវការ ទៅកាន់អាជ្ញាធរបារាំង។
ជាចម្លើយតប បារាំង បានរំលឹកអំពីជំហរគោរពសេរីភាពនៃការធ្វើចរាចរណ៍ របស់ខ្លួន ដូចមានចែងក្នុងច្បាប់ផ្លូវទឹកអន្តរជាតិ និងបានព្រលយឱ្យដឹងទៀតថា នាវាចម្បាំងបារាំង តែងតែឆ្លងកាត់ច្រកតៃវ៉ាន់ ជារៀងរាល់មួយឆ្នាំម្តង ដោយគ្មានការប៉ះទង្គិច ឬប្រតិកម្មអ្វីសោះពីមុនមក។ ប៉ារីស និងប៉េកាំង កំពុងទាក់ទងគ្នាអំពីបញ្ហានេះហើយ។ នេះបើតាមប្រភពស្និទ្ធនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង បានបញ្ជាក់ទៀតថា រដ្ឋមន្ត្រីការបរទេសបារាំង ដែលកំពុងស្ថិតនៅក្នុងក្រុងប៉េកាំង បានជួបពិភាក្សាជាមួយនឹងសមភាគីចិនរួចហើយ។
សូមបញ្ជាក់ថា នៅក្នុងសេចក្តីតវ៉ា ចិន មិនបានបញ្ជាក់ទេថាតើជានាវាយោធាបារាំង បានឆ្លងចូលដែនទឹកចិនក្នុងកំរិតណា ត្រង់ចំណុច និងមានឈ្មោះអ្វីឡើយ។ ប៉ុន្តែគេដឹងថា នាវាចម្បាំងបារាំង Vendémiaire ដែលមានបេសកកម្មជាមួយនាវាអាមេរិកនិងជប៉ុន ប្រយុទ្ធប្រឆាំងការជួញដូរខុសច្បាប់លើផ្ទៃសមុទ្ទរបស់កូរ៉េខាងជើងដើម្បីពង្រាងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ កំពុងស្ថិតនៅក្នុងតំបន់នោះ។ ប៉ុន្តែមិនដូចអាមេរិក ជាការដ៏កម្របំផុតដែលនាវាយោធាអឺរ៉ុប ទៅបើកបរឆ្លងកាត់ច្រកសមុទ្ទដែលខ័ណ្ឌចែកតៃវ៉ាន់និងចិន។
នាវាVendémiaire ត្រូវចូលរួមក្នុងក្បួនព្យុះហយាត្រា នាឱកាសខួប៧០ឆ្នាំនៃកំណើតយោធាជើងទឹកចិន កាលពីថ្ងៃអង្គារ តែបែរជាអវត្តមានទៅវិញ។ បើតាមប្រភពអាមេរិក គឺដោយសារតែឧប្បត្តិហេតុខាងលើទើបចិនលុបការអញ្ជើញទៅវិញ។ តែប៉ារីសមិនផ្តល់សេចក្តីបំភ្លឺអ្វីទាំងអស់។
នាវាចម្បាំង Vendémiaire បំពាក់ដោយកាណុង២០មីល្លីម៉ែត្រ និងមីស៊ីលប្រឆាំងនាវាចម្បាំងពីរ តែងចេញធ្វើបេសកកម្មជាញឹកញយក្នុងតំបន់អាស៊ីបាស៊ីហ្វិក ដើម្បីបានស្គាល់តំបន់ផង និងដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិកររជាមួយប្រទេសក្នុងតំបន់ ក្រោមទង់សេរីភាពនៃចរាចរណ៍ផ្លូវទឹកផង។ បារាំងប្រឹងពង្រឹងវត្តមាន ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលជាតំបន់សេដ្ឋកិច្ចផ្តាច់មុខទីពីរ នៅលើពិភពលោក គ្របដណ្តប់លើផ្ទៃក្រឡា ៩លានម៉ែត្រការ៉េ និងដែលមានភាពតានតឹងខ្លាំង បណ្តាលមកពីការរីកសាយភាយនុយក្លេអ៊ែរ ការរីកលូតលាស់នៃបណ្តាញជីហាតនៅអាស៊ីអាគ្នេយ៍ ការរំលោភច្បាប់អន្តរជាតិនៅ សមុទ្ទចិនខាងត្បូង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ