បារាំង-ឥណ្ឌា៖លោកម៉ាក្រុងទទួលជួបលោកម៉ូឌី និងអញ្ជើញលោកម៉ូឌីឲ្យចូលរួមនៅក្នុងជំនួកកំពូល G៧
នៅក្នុងប្រទេសបារាំង មួយថ្ងៃមុន G៧ បើកជំនួបកំពូលជាផ្លូវការនាថ្ងៃសៅរ៍ ទី២៤ សីហា ប្រធានាធិបតីបារាំងលោកម៉ាក្រុងបានបន្តជំនួបជាលក្ខណៈទ្វេភាគីជាមួយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលបរទេសមួយចំនួន។ បន្ទាប់ពីមានជំនួបជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស និងនាយករដ្ឋមន្រ្តីក្រិច លោកម៉ាក្រុងទទួលជួបនាយករដ្ឋមន្រ្តីឥណ្ឌាលោកម៉ូឌីនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២២ សីហានេះ។ វត្តមានរបស់លោកម៉ូឌីក្នុងទឹកដីបារាំងពេលនេះបានធ្វើឡើង ខណៈដែលទំនាក់ទំនងរវាងឥណ្ឌា និងប៉ាគីស្ថានកំពុងឡើងតានតឹងខ្លាំង បន្ទាប់ពីឥណ្ឌាបានដកស្វ័យភាពពីតំបន់កាស្មៀរ។ ដូច្នេះចង់ ឬមិនចង់ រឿងកាស្មៀរអាចជាប្រធានរឿងមួយនៅក្នុងជំនួបរវាងលោកម៉ាក្រុង និងលោកម៉ូឌី។ តែលោករ៉ាស៊ីន ហ្សង់លុច អ្នកស្រាវជ្រាវបារាំងម្នាក់បានយល់ឃើញថា ទំនាក់ទំនងទ្វេភាគី ពិសេសក្នុងវិស័យសេដ្ឋកិច្ចរវាងបារាំង និងឥណ្ឌាជារឿងសំខាន់ជាង។ ចំណែកជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថានជាប្រធានបទដែលបារាំងជ្រើសរើសផ្លូវកណ្តាល និងបានត្រឹមអំពាវនាវឲ្យមានភាពស្ងាប់ស្ងាត់ និងសន្តិភាពនៅក្នុងតំបន់។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៣៧
« ប្រហែលជានឹងមានសេចក្តីថ្លែងការណ៍មួយដោយអំពាវនាវឲ្យមានសន្តិភាពនៅក្នុងតំបន់ ឲ្យមានភាពអត់ធ្មត់រវាងឥណ្ឌា ប៉ាគីស្ថាន និងអំពាវនាវឲ្យមានកិច្ចចរចា។ល។ និង។ល។ ជារួម គឺសុទ្ធសឹងជានយោបាយការទូតមួយដែលមានជំហរកណ្តាល។ ផ្ទុយទៅវិញ វាពិតជារឿងគួរឲ្យភ្ញាក់ផ្អើល ប្រសិនបើក្រុងប៉ារីសសម្រេចប្រកាន់យកជំហរណាមួយដោយគាំទ្រភាគីមួយ ប្រឆាំងភាគីមួយទៀតនោះ។
អ្វីដែលសំខាន់នៅក្នុងជំនួបទ្វេភាគីរវាងលោកម៉ាក្រុង និងលោកម៉ូឌីពេលនេះ ជាឱកាសដែលបារាំង និងឥណ្ឌាត្រូវពិនិត្យមើលឡើងវិញនូវទំនាក់ទំនងរវាងគ្នាដែលជារួម គឺល្អ នោះបើទោះបីជាមានសល់កិច្ចសន្យាពាណិជ្ជកម្មមួយចំនួននៅមិនទាន់បានសម្រេចជាស្ថាពរនៅឡើយ ទាក់ទងនឹងការលក់យន្តហោះចម្បាំងបារាំង Rafale ទៅឲ្យឥណ្ឌា ឬមួយទាក់ទងនឹងការសាង់សង់មជ្ឈមណ្ឌលនុយក្លេអ៊ែរបារាំងនៅឥណ្ឌាដែលបានគ្រោងតាំងពីប្រមាណ ១០ឆ្នាំមកហើយ។
តាំងពីដំណើរទស្សនកិច្ចចុងក្រោយរបស់លោកម៉ាក្រុងនៅក្នុងប្រទេសឥណ្ឌា មានសំណុំរឿងជាច្រើនរវាងបារាំង និងឥណ្ឌាកំពុងបន្តស្ថិតលើតុដោយមិនទាន់បានដោះស្រាយចប់សព្វគ្រប់នៅឡើយ។ បន្ទាប់មកនៅមានទំនាក់ទំនងពហុភាគី ព្រោះលោកម៉ូឌីត្រូវទៅជួបសន្ទនាជាមួយប្រទេសមហាអំណាចក្នុងក្រុម G៧ នោះបើឥណ្ឌាមិនមែនជាសមាជិកក៏ដោយ។ នៅក្នុងជំនួបនោះ សំណុំរឿងនៅតំបន់កាស្មៀរអាចនឹងត្រូវ ឬមិនត្រូវលើកយកទៅនិយាយ »៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ