អានតួអត្ថបទ
ប៉ាគីស្ថាន-អាហ្វហ្កានីស្ថាន

ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​​អាហ្វហ្កានី​ស្ថាន​បំពេញ​ទស្សនកិច្ច​ជា​លើក​ទីមួយ​នៅ​ប៉ាគីស្ថាន​

លោក Ashraf Ghani ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​អាហ្វហ្កានីស្ថាន បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនៈកិច្ច​ជា​លើក​ទី​មួយ​នៅ​ថ្ងៃ​សុក្រ​ទី​១៤​វិច្ឆិកា​នេះ​នៅ​ប្រទេស​ប៉ាគីស្ថាន។​ជា​ដំណើរ​ទស្សនៈកិច្ច​​​២​ថ្ងៃ​ដែល​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ ​ត្រូវ​ជួប​ប្រាស្រ័យ​ជាមួយ​ នាយក​រដ្ឋ​មន្ត្រី​​ប៉ាគីស្ថានលោក ​Nawaz Sharif។ ​​ជំនួបប្រាស្រ័យគ្នានេះ ក៏ជា​ឱកាស​ល្អ​មួយសំរាប់​ឥស្សរជន​នយោបាយទាំងពីរ​ប្រទេសក្នុង​ការ​រៀបចំ​ទំនាក់ទំនង​​មួយ​ដែលឈរនៅលើ​ការយោគយល់គ្នា ដើម្បី​​សំរាល​​ភាព​តានតឹងជាយូរយារមកហើយ​រវាង​ទាំងពីរប្រទេស។ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយដែលប៉ាគីស្ថាននិងអាហ្វហ្កានីស្ថាន តែងតែ​ចោទ​​ដាក់​​គ្នា​ទៅ​វិញ​ទៅ​មក​ « ថា​បានជួយ​គាំទ្រ​​ពួក​ឧទ្ទាម​តាលីបង់ ​ដោយ​ឲ្យ​ទឹកដីខ្លួន​សំរាប់ធ្វើជាជំរក​ ដើម្បី​ធ្វើការ​វាយប្រហារ​ប្រទេសជិតខាង៕

លោក ប្រធានាធិបតី ថ្មីនៃប្រទេសអាហ្វហ្កានីស្ថាន Ashraf Ghani Ahmadzai
លោក ប្រធានាធិបតី ថ្មីនៃប្រទេសអាហ្វហ្កានីស្ថាន Ashraf Ghani Ahmadzai REUTERS/Mohammad Ismail
ផ្សាយពាណិជ្ជកម្ម

 

ទីក្រុង​កាប៊ូលពុំ​ដែល​ភ្លេច​សោះ​ឡើយ​កាលពី​ឆ្នាំ​១៩៩៧​នៅ​ពេល​ដែល​ប៉ាគីស្ថាន​ជា​​ប្រទេស​​តែ​មួយ​គត់​នៅ​លើ​លោក បាន​ប្រកាស​ទទួល​ស្គាល់​របប​តាលីបង់​ដែល​កំពុង​កាន់​អំណាច​​​​នៅ​លើ​ប្រទេស​អាហ្វហ្កានីស្ថាន ជាពិសេ​នៅ​ជំនាន់​នោះ​លោក​ Nawaz Sharif  មាន​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​ទៅ​ហើយ។

ក៏ប៉ុន្តែ​កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ ឥស្សរជន​នយោបាយ​ប៉ាគីស្ថាន​មួយ​ចំនួន ​បាន​​ធ្វើ​ដំណើរ​ជា​បន្ត​បន្ទាប់​គ្នា​ទៅ​កាន់​ទីក្រុង​កាប៊ូល​ប្រទេស​អាហ្វហ្កានីស្ថាន។

ក្នុង​ចំណោម​ឥស្សរជន​​នយោបាយ​ប៉ាគីស្ថាន មាន​​ទីប្រឹក្សា​ផ្ទាល់​លោក Sharif ទទួល​បន្ទុក​ផ្នែក​សន្តិសុខ​ជាតិ​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស រហូត​​​ដល់​ប្រមុខ​កងទ័ព​ជាតិ ក៏ព្រម​ទាំង​មេ​ដឹក​នាំ​​ក្រសួង​ស៊ើបការ​សម្ងាត់​ប៉ាគីស្ថាន។ គួររំលឹកថា ក្រសួង​ស៊ើបការ​សម្ងាត់​ប៉ាគីស្ថាន​ដែល​ជា​ញឹកញាប់​ ត្រូវ​បាន​គេ​ចោទ ថា​បាន​ឃុបឃិត​ជា​មួយ​ពួក​ឧទ្ទាម​តាលីបង់។

​ម្យ៉ាងទៀត ទាំង​យោធា​និង​ទាំង​អ្នក​ដឹកនាំ​នយោបាយ​ប៉ាគីស្ថាន សុទ្ធតែ​មាន​បំណង​តែ​មួយ​គត់​​ គឺ​ចង់​ឲ្យ​អាហ្វហ្កានីស្ថាន​កា្លយ​ជា​ប្រទេស​ដែល​មាន​ស្ថិរភាពរឹងមាំ។ ហើយ​នៅ​តែ​ប៉ុន្មាន​សប្តាហ៍​ទៀត​ប៉ុណ្ណោះ កងទ័ព​បរទេស​មួយ​ចំនួន​ធំ​នឹង​ត្រូវ​ចាក​ចេញ​ពី​អាហ្វហ្កានីស្ថាន។

ចំណែក​លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​វិញ​តាំងពី​ពេល​ដែល​លោក​​នៅ​ជា​បេក្ខជន​ប្រធានាធិបតី​​នៅ​ឡើយ ធ្លាប់​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា » លោក​មាន​បំណង​ចង់ឲ្យ អាហ្វហ្កានីស្ថាន​និង​ប៉ាគីស្ថាន មាន​ទំនាក់​ទំនង​ដ៏​ល្អ​ពិសេស​មួយ​ប្រៀប​ដូច​នឹង​ទំនាក់​ទំនង​ដ៏​ល្អ​ប្រពៃរ៍​រវាង​បារាំង​និង​អាល្លឺម៉ង់​ក្រោយពី​សង្គ្រាម​លោក​លើក​ទី​ពីរ​។

គួរ​បញ្ជាក់​ថា​នៅ​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ចរចា​ពីរ​ថ្ងៃ​រវាង​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​និង​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​នោះ មាន​ដូច​ជា​បញ្ហា​សន្តិភាព-សន្តិសុខ ការ​ផ្តោះប្តូរ​ពាណិជ្ចកម្ម​ជា​ពិសេស​បញ្ហា​ដ៏​សំខាន់​បំផុត​ជាង​គេ គឺ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ៕ ​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ