អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ពួក​តាលីបង់​ជា​នរណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុម​ឧទ្ទាម​តាលីបង់​តែងតែ​ត្រូវ​បាន​គេ​ឮឈ្មោះ នៅ​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម បង្ក​អសន្តិសុខ នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ តាលីបង់​ក៏​ជា​បញ្ហា​ចោទ ចំពោះ​សន្តិសុខ និង​ស្ថិរភាព នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ផងដែរ ដូច​ដែល​បញ្ជាក់​ឲ្យឃើញ​តាមរយៈ​ហេតុការណ៍​ថ្មីៗ គឺ​ការ​វាយប្រហារ​ទៅលើ​សាលា​រៀន នៅ​ខាងជើង​ប្រទេស​ប៉ាគីស្ថាន កាល​ពីថ្ងៃ​អង្គារ ដែល​សម្លាប់​មនុស្ស​ជាង ១០០នាក់ ក្នុងនោះ ជាង ៨០នាក់​ជា​កុមារ។ តើ​ក្រុម​ឧទ្ទាម​តាលីបង់​នេះ​ជា​នរណា ហើយ​មាន​ដើម​កំណើត​មក​ពីណា?

កងកម្លាំង​ឧទ្ទាម​តាលីបង់
កងកម្លាំង​ឧទ្ទាម​តាលីបង់ REUTERS
ផ្សាយពាណិជ្ជកម្ម

តាលីបង់ គឺ​ជា​ក្រុម​ឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយម ដែល​បច្ចុប្បន្ន​​មាន​មូលដ្ឋាន​​ធំ នៅ​ក្នុង​តំបន់​ភ្នំ​ជាប់​សងខាង​ព្រំដែន​ប្រទេស​អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន ហើយ​ធ្វើ​សកម្មភាព​​វាយប្រហារ​បែបភេរវកម្ម បង្ក​បញ្ហា​អសន្តិសុខ ទាំង​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន និង​ក្នុង​ប្រទេស​ប៉ាគីស្ថាន។

ក្រុ​មតាលីបង់​មាន​ដើមកំណើត​ដំបូង​ចេញ​ពី​ក្រុម​មូចាហ៊ីឌីន (Mujahideen) ដែល​ជា​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក និង​​សម្ព័ន្ធមិត្ត ជាពិសេស ប៉ាគីស្ថាន និង​អារ៉ាប៊ីសាអ៊ូឌីត ក្នុងការ​ប្រយុទ្ធតទល់​នឹង​កងកម្លាំង​​របស់​សូវៀត ដែល​មាន​វត្តមាន​ក្នុង​​ប្រទេស​អាហ្វហ្កានីស្ថាន នៅ​ក្នុង​​ចន្លោះ ពី​ឆ្នាំ១៩៧៩ ដល់​ឆ្នាំ​១៩៨៩ ពោលគឺ ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់។

នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​៩០ នៅ​ក្រោយ​ពេល​ដែល​សូវៀត​ដកកងទ័ព​​​ចេញ​ពី​អាហ្វហ្កានីស្ថាន ក្រុម​ឧទ្ទាម​មូចាហ៊ីឌីន​ក៏​ត្រូវ​បែកខ្ញែក​​ជា​ក្រុម​ផ្សេងៗ​គ្នា ហើយ​ក្រុម​តាលីបង់​ក៏​លេចមុខឡើង ចេញ​ពី​ក្រុម​មូចាហ៊ីឌីន ដែល​ទទួល​បាន​ការ​ហ្វឹកហ្វឺន​ពី​សំណាក់​ប៉ាគីស្ថាន ហើយ​មាន​មូលដ្ឋាន​ធំ នៅ​តំបន់​ប៉ែក​ខាងជើង​ប្រទេស​ប៉ាគីស្ថាន។

នៅ​ពេលនោះ បើទោះបី​ជា​សូវៀត​ដក​កងទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន​ទៅ​ហើយ​ក៏ដោយ ក៏ប៉ុន្តែ ប៉ាគីស្ថាន​​នៅតែ​បន្ត​ជួយ​ក្រុម​តាលីបង់​ដោយ​សម្ងាត់ ដោយ​ផ្តល់​គ្រឿងសព្វាវុធ និង​ការ​ហ្វឹកហ្វឺន តាមរយៈ​ទីភ្នាក់ងារ​ចារកិច្ច​ប៉ាគីស្ថាន (ISI)។ គោលដៅ​របស់​ប៉ាគីស្ថាន គឺ​ចង់​យក​ពួក​តាលីបង់​ធ្វើ​ជា​កូនជឹង ដើម្បី​​គ្រប់គ្រង​អាហ្វហ្កានីស្ថាន​បន្ត​ពី​សហភាព​សូវៀត។

នៅ​ឆ្នាំ​១៩៩៤ ដោយ​ទទួល​បាន​ការ​ហ្វឹកហ្វឺន​ពី​សំណាក់​ទីភ្នាក់ងារចារកិច្ច​ប៉ាគីស្ថាន និង​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ពី​សំណាក់​អារ៉ាប៊ីសាអ៊ូឌីត ព្រមទាំង​ឆ្លៀត​ក្នុង​ឱកាស​​ដែល​អាហ្វហ្កានីស្ថាន​កំពុង​ស្ថិត​ក្នុង​ភាព​អនាធិបតេយ្យ ដោយ​រដ្ឋាភិបាល​ក្រុង​កាប៊ុល​ក៏​មិន​អាច​គ្រប់គ្រង​ប្រទេស​បាន​ពេញដៃ​ពេញជើង ចំណែក​ឯ​អតីត​ក្រុម​ឧទ្ទាម​មូចាហ៊ីឌីន​ក៏កំពុងតែ​ប្រកាប់​ប្រចាក់​គ្នាឯង ក្រុម​តាលីបង់​ក៏​បាន​ក្លាយ​ទៅជា​កម្លាំង​ឧទ្ទាម​ដ៏ធំ​មួយ​ ដែល​បាន​ច្បាំង​ពង្រីក​ទឹកដី​កាន់តែ​ធំ ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ រហូត​ឈាន​ទៅ​វាយ​ដណ្តើម​កាន់កាប់​រដ្ឋធានី​កាប៊ុល នៅ​ឆ្នាំ​១៩៩៦។ ក៏ប៉ុន្តែ រដ្ឋាភិបាល​តាលីបង់​មិន​ត្រូវ​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​នោះទេ ហើយ​ប៉ាគីស្ថាន គឺ​ជា​ប្រទេស​មួយ ក្នុង​ចំណោម​ប្រទេស​តែ ៣គត់ ដែល​ទទួលស្គាល់​រដ្ឋាភិបាល​តាលីបង់​ថា​ជា​រដ្ឋាភិបាល​ស្របច្បាប់ នៅ​អាហ្វហ្កានីស្ថាន។ ប្រទេស​ពីរទៀត ដែល​ទទួលស្គាល់​រដ្ឋាភិបាល​តាលីបង់ គឺ​អារ៉ាប៊ីសាអ៊ូឌីត និង​អារ៉ាប់រួម។

ក៏ប៉ុន្តែ បើទោះបីជា​មាន​ការ​ទទួលស្គាល់ដោយ​ប្រទេស​តែ​៣​ក៏ដោយ ពួកតាលីបង់​នៅតែ​អាច​បន្ត​កាន់​អំណាច​បាន​ជាច្រើនឆ្នាំ ដោយ​បាន​អនុវត្ត​​ច្បាប់​អ៊ីស្លាម​យ៉ាងតឹងរ៉ឹង​បំផុត​។ ទង្វើ​របស់​រដ្ឋាភិបាល​តាលីបង់ ដែល​នាំ​ឲ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​ខ្លាំងក្លា​បំផុត​នោះ គឺ​ការ​វាយកម្ទេច​ពុទ្ធរូប​ដ៏ធំៗ​ចំនួនពីរ កាល​ពី​ដើម​ឆ្នាំ​២០០១។ ពុទ្ធរូប​ដែល​មាន​កម្ពស់​ពី ៣៨ម៉ែត្រ ទៅ ៥៣ម៉ែត្រ និង​មាន​ចំណាស់​រាប់ពាន់​ឆ្នាំ។

ចំណុច​ដែល​គួរ​ឲ្យ​កត់សម្គាល់​មួយ​ទៀត គឺ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​ រវាង​ពួកតាលីបង់ និង​​អូសាម៉ា បិនឡាដិន មេដឹកនាំ​ក្រុម​ភេរវជន​អន្តរជាតិ​អាល់កៃដា។ នៅ​ក្នុង​អំឡុង​ពេល​ដែល​ពួកតាលីបង់​កាន់​អំណាច ទឹកដី​អាហ្វហ្កានីស្ថានត្រូវ​បាន​ពួកអាល់កៃដា​យក​មក​ធ្វើ​ជា​ទីជម្រក កន្លែង​ហ្វឹកហាត់ និង​រៀបចំ​ផែនការ​វាយប្រហារ​នៅ​បរទេស។

ហេតុដូច្នេះ​ហើយ​បាន​ជា នៅ​ក្រោយ​ពី​មាន​ការវាយប្រហារ​ភេរវកម្ម​ នៅថ្ងៃ​ទី១១​កញ្ញា ឆ្នាំ​២០០១ សហរដ្ឋ​អាមេរិក និង​អង្គការ​អូតង់​​ក៏​បាន​លើកទ័ព​ចូល​ឈ្លានពាន​អាហ្វហ្កានីស្ថាន ហើយ​ផ្តួលរំលំ​​រដ្ឋាភិបាល​តាលីបង់។

ក្រោយ​ពី​ត្រូវ​បណ្តេញ​ចេញ​ពី​អំណាច ​ពួកតាលីបង់​ក៏​បាន​រត់​ទៅ​សម្ងំ​លាក់​ខ្លួន នៅ​ក្នុង​តំបន់​ភ្នំ ហើយ​រៀបចំ​ពង្រឹង​កម្លាំង​​ឡើងវិញ ដើម្បី​​​ប្រយុទ្ធប្រឆាំង​នឹង​កងទ័ព​ជាតិ​ ក៏​ដូចជា​កម្លាំង​អន្តរជាតិ ដែល​ឈរជើង​នៅ​អាហ្វហ្កានីស្ថាន។

នៅ​ក្នុងពេល​បច្ចុប្បន្ន​នេះ ជាង ១០ឆ្នាំ​ ក្រោយ​ពី​​កងទ័ព​អាមេរិក​ចូល​ឈ្លានពាន ​និង​កាន់កាប់​អាហ្វហ្កានីស្ថាន ក្រុម​ឧទ្ទាម​តាលីបង់ នៅតែ​អាច​ធ្វើ​ព្យុះ ធ្វើ​ភ្លៀង បង្ក​បញ្ហា​អសន្តិសុខ នៅ​ស្ទើរតែ​ពាសពេញ​ទឹកដី​អាហ្វហ្កានីស្ថាន។ សូម្បី​តែ​ប៉ាគីស្ថាន ដែល​ធ្លាប់​ជា​អ្នក​ជួយ​​ហ្វឹកហ្វឺន និង​ជ្រោមជ្រែង​កាល​ពីមុន​នោះ ក៏​ត្រូវ​ពួក​តាលីបង់​ធ្វើការ​វាយប្រហារ​ជា​ញឹកញាប់​ដែរ ហើយ​ជាទូទៅ រាល់​សកម្មភាព​វាយប្រហារ​នៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន តែងតែ​ត្រូវ​បាន​ក្រុម​តាលីបង់​អះអាង​ថា ជា​ការ​សងសឹក​ទៅនឹង​​រដ្ឋាភិបាល​​ក្រុង​អ៊ីស្លាម៉ាបាត ដែល​សហការ​ជាមួយ​អាមេរិក ក្នុងការ​វាយប្រហារ​ទៅលើ​ទីតាំង​របស់ពួកគេ។

បច្ចុប្បន្ន​នេះ នៅ​ពេល​ដែល​អាមេរិក​កំពុង​ត្រៀម​ដក​កងទ័ព​ចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន អ្នក​ជំនាញ​ជាច្រើន​យល់ថា ការ​ចរចា​ជាមួយ​នឹង​ពួក​ឧទ្ទាម​តាលីបង់ គឺ​ជា​ផ្លូវ​ដែល​មិន​អាច​ចៀសរួច ដើម្បី​ឆ្ពោះទៅ​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​នៅ​អាហ្វហ្កានីស្ថាន ក៏ដូចជា នៅ​ប៉ាគីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ