អានតួអត្ថបទ
ថៃ

គ្រូទាយ​ថៃ ក៏​ត្រូវ​ចាប់ខ្លួន ដោយសារ​បទចោទប្រកាន់​ជេរ​ប្រមាថ​ព្រះមហាក្សត្រ

បន្ទាប់ពី​ក្រុមអ្នកប្រឆាំង និស្សិត អ្នកនយោបាយ និង​សិល្បករ ដល់​វេន គ្រូទាយថៃ ដែល​ត្រូវ​ជាប់​ក្នុង​សំណាញ់​បង្រ្កាប​របស់​របបសឹក។ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ គ្រូទាយ​ដ៏​ល្បី​ឈ្មោះ​ម្នាក់​នៅ​ប្រទេស​ថៃ ត្រូវ​បាន​ទាហាន​ចាប់​ដាក់ខ្នោះ បញ្ជូន​ទៅ​តុលាការ​យោធា ទៅតាម​បទ​ចោទប្រកាន់​ជេរប្រមាថ​ព្រះមហាក្សត្រ។ ការនិយាយ​ប៉ះពាល់​ដល់​ស្ថាប័ន​ព្រះមហាក្សត្រ​ត្រូវ​ចាត់ទុក​ជា​បទឧក្រិដ្ឋ តាម​មាត្រា​ទី ១១២ នៃ​ច្បាប់​ជេរប្រមាថ​ព្រះមហាក្សត្រ ដែល​នៅក្នុង​នោះ ជនល្មើស​ត្រូវ​ផន្តាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១៥​ឆ្នាំ។ 

ព្រះចៅភូមិបុល​ អាប់ឌុលយ៉ាដេត ព្រះមហាក្សត្រ​ថៃ
ព្រះចៅភូមិបុល​ អាប់ឌុលយ៉ាដេត ព្រះមហាក្សត្រ​ថៃ ©Reuters
ផ្សាយពាណិជ្ជកម្ម

មនុស្ស​បីនាក់ ដែលនៅក្នុង​មាន​គ្រូទាយ និងជំនួយការ រួម​ទាំង​មន្រ្តី​ប៉ូលិស​ជាន់ខ្ពស់​ម្នាក់ ត្រូវ​បាន​យោធា​ថៃ ចាប់ឃាត់ខ្លួន តាំងពី​ថ្ងៃ​ទី ១៨ តុលា ក្នុង​បទសង្ស័យ រំលោភ​ច្បាប់​ជេរប្រមាថ​ព្រះមហាក្សត្រ​ថៃ។ នៅ​ថ្ងៃ​ពុធ តុលាការ​យោធា បាន​សម្រេច​ចោទប្រកាន់​ពួកគេ​ជា​ផ្លូវការ និង​បាន​ផ្តល់​សិទ្ធិ​ឲ្យ​ប៉ូលិស​ឃុំខ្លួន​ពួកគេ រយៈពេល​១២​ថ្ងៃ​ទៀត សម្រាប់​ដំណើរការ​ស៊ើបអង្កេត។

 
សុតស៉ាយេ ស៊ូរីយ៉ង់ ស៊ូចារីផុលវ៉ង់ ហៅក្រៅ​ម៉ យ៉ុង គឺ​ជា​គ្រូទាយ​ដ៏​ល្បី​ឈ្មោះ​ម្នាក់ ដែល​ធ្លាប់​ចូល​និយាយ​ក្នុង​ទូរទស្សន៍ ជាញឹកញយ និងធ្វើ​ជា​ប្រឹក្សា​​ឲ្យ​​ក្រុមតារា​ជា​ច្រើន នៅ​ប្រទេស​ថៃ។ គ្រូទាយ​វ័យ ៥៥​ឆ្នាំ​រូបនេះ ព្រម​ទាំង​ជំនួយការ​ផ្ទាល់ខ្លួន ត្រូវ​បាន​លោក​ប្រាយុទ្ធ ចាន់ អូចា បញ្ជា​ឲ្យ​ចាប់ខ្លួន បន្ទាប់ពី​គេរកឃើញថា ពួកគេ​ទាំងពីរ​នាក់​ឧស្សាហ៍​និយាយ​ប្រាប់​ទៅ អតិថិជន​ថា ពួកគេ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន​ដ៏​ខ្ពស់​បំផុត​នៅ​ប្រទេស​ថៃ។ ស្ថាប័ន​ខ្ពស់​បំផុត គឺ​​ព្រះរាជបល្ល័ង្ក​ថៃ ដែល​គ្រប់គ្នា មិន​ហ៊ាន​និយាយ​ចំៗឡើយ ដោយសារ​ខ្លាច​ច្បាប់​ជេរប្រមាថ​ព្រះមហាក្សត្រ។ សម្រាប់​លោក​ប្រាយុទ្ធ ចាន់​អូចារ ក្រុមគ្រូទាយ​បាន​យក​ឈ្មោះ​ព្រះមហាក្សត្រ ទៅកេង​យក​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន។

ទោះ​មិន​បាន​ជេរ ឬ​និយាយ​ប៉ះពាល់​ព្រះកិត្តិនាម ប៉ុន្តែ គ្រាន់​តែ យក​ឈ្មោះ​ព្រះមហាក្សត្រ ទៅ​ប្រើ​ក៏​ធ្វើ​ឲ្យ​គ្រូទាយ​ថៃ​រងគ្រោះ ជាប់​ក្នុង​សំណាញ់​បង្រ្កាប​របស់​របប​សឹក​ថៃ។ តាម​ប៉ូលិស​ថៃ គ្រូទាយ​ផ្ទាល់ខ្លួន​បាន​ទទួល​សារភាព ប៉ុន្តែ ជនសង្ស័យ​ពីរនាក់​ទៀត ជាពិសេស មន្រ្តី​ប៉ូលិស ដែល​តុលាការ​ចោទពី​បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ នៅ​តែ​បដិសេធ​ការចោទប្រកាន់។ បើសិន​ជនសង្ស័យ​ត្រូវ​គេ​រកឃើញថា បាន​ប្រព្រឹត្ត​បទល្មើសមែន ពួកគេ​នឹង​ប្រឈម​នឹង​ទោស​ជាប់ពន្ធនាគារ​១៥​ឆ្នាំ ទៅតាម​ច្បាប់ ស្តីពីការជេរប្រមាថ​ព្រះមហាក្សត្រ។

តាំងពី​ធ្វើ​រដ្ឋប្រហារ ទម្លាក់​នាយករដ្ឋមន្រ្តី​ស្របច្បាប់​ចេញពី​តំណែង នៅ​ខែ​ឧសភា ឆ្នាំ ២០១៤ របបសឹក​ថៃ ដឹកនាំ​ដោយ​លោក​ប្រាយុទ្ធ ចាន់អូចា ដែល​ប្រកាស​ជា​អ្នកការពារ​ព្រះរាជបល្ល័ង្ក​ថៃ មិន​ខ្លាច​នឹង​ចាត់វិធាន​បង្ក្រាប​រាល់​អ្នកដែល​ហ៊ាន​និយាយ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ ឬ សមាជិក​ព្រះរាជវង្ស។ ក្រុមគ្រួសារ​របស់​ម្ចាស់ក្សត្រី ស្រ៊ីរស្មី ដែល​ជា​អតីត​មហេសី របស់​ព្រះរាជបុត្រ​ត្រូវ​ស្នងរាជ្យ មហា វិជ្ជរ៉ាឡុងកន ក៏​ត្រូវ​យោធា​ថៃ ចាប់​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​ដែរ ក្នុង​បទ​ដែល​ហ៊ាន​អាង យក​ឈ្មោះ​ស្ថាប័ន​ជាន់ខ្ពស់​បំផុត ទៅប្រើ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ