អានតួអត្ថបទ
ប៉ាគីស្ថាន

ប៉ាគីស្ថាន៖ស្លាប់ ២១នាក់​នៅ​ក្នុង​អំពើ​ភេរវកម្ម​អត្តឃាត​បង្ក​ដោយ​ពួក​តាលីបង់

នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ២១នាក់ និង​របួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​អំពើ​ភេរវកម្ម​អត្តឃាត​បង្ក​ឡើង​ដោយ​ពួក​ឧទ្ទាម​តាលីបង់​នា​រសៀល​ថ្ងៃ​អង្គារ ទី២៩ ធ្នូ។ ព្រឹត្តិការណ៍​នេះ​បាន​កើត​មាន​ឡើង​នៅ​ប៉ែក​ពាយព្យ​ប្រទេស​ដោយ​ពួក​ឧទ្ទាម​ម្នាក់​ដែល​បំពាក់​ជាតិ​ផ្ទុះ​ជាប់​ខ្លួន​បាន​បើក​ម៉ូតូ​សំដៅ​ចូល​ការិយាល័យ​រដ្ឋាភិបាល​ដែល​កំពុង​មាន​វត្តមាន​បុគ្គលិក​ជា​ច្រើន​នាក់។ ក្រោយ​ឧប្បត្តិហេតុ​នោះ​ភ្លាម សាខា​របស់​ចលនា​ឧទ្ទាម​តាលីបង់​បាន​ចេញ​មុខ​ប្រកាស​ទទួល​ស្គាល់​ជា​ស្នាដៃ​របស់​ខ្លួន។

ប៉ាគីស្ថាន៖ស្លាប់ ២១នាក់នៅក្នុងអំពើភេរវកម្មអត្តឃាតបង្កដោយពួកតាលីបង់
ប៉ាគីស្ថាន៖ស្លាប់ ២១នាក់នៅក្នុងអំពើភេរវកម្មអត្តឃាតបង្កដោយពួកតាលីបង់ REUTERS/Khuram Parvez
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​ស្រុក​ម៉ាដាន​ស្ថិត​ប៉ែក​ពាយ័ព្យ​ប្រទេស​ដែល​ពួក​ឧទ្ទាម​តាលីបង់​បាន​បើក​ការ​វាយប្រហារ ហើយ​ការិយាល័យ​ដែល​អត្តឃាករ​តាលីបង់​ម្នាក់​បាន​បរ​ម៉ូតូ​សំដៅ​ចូល​ទៅ​ខាង​ក្នុង​នោះ គឺ​ជា​ស្ថាប័ន​ទទួល​បន្ទុក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​ប្រជាជន​ប៉ាគីស្ថាន នេះ​ជា​ការ​បញ្ជាក់​របស់​ប៉ូលិស​ស្រុក​ម៉ាដាន។ តុល្យការ​ចុង​ក្រោយ​ត្រូវ​បាន​រដ្ឋអំណាច​ប្រាប់​ឲ្យ​ដឹង​ថា មាន​មនុស្ស​ស្លាប់​ចំនួន ២១នាក់ និង​របួស​ប្រមាណ​ជា ៦៣នាក់​ផ្សេង​ទៀត។ ទូរទស្សន៍​ក្នុង​ស្រុក​ជា​ច្រើន​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ឥទ្ធិពល និង​រូបភាព​នៃ​អំពើ​ភេរវកម្ម​អត្តឃាត​ដែល​ជញ្ជាំង​រលំបាក់ លាយឡំ​នឹង​គំនរ​ថ្ម ព្រម​ទាំង​កំទេចកំទី​ជា​ច្រើន​បំណែក​នៅ​តាម​ផ្លូវ។

កម្មករ​ម្នាក់​អាយុ​អាយុ ២៩ឆ្នាំ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​រូប​គាត់​កំពុង​តម្រង់ជួរ​ដើម្បី​បន្ត​អត្តសញ្ញាណប័ណ្ណ ស្រាប់​តែ​ឮ​សូរ​សម្លេង​ស្រែក​ឡើង​ថា Allah Akbar ឬ​ព្រះ​ជា​ម្ចាស់​ធំ​មហិមា ភ្លាមៗ​នោះ គាត់​ក៏​បាន​ក្រាប​ផ្ទាល់​ដី។ ចំណែក​​បុរស​សាក្សី​ម្នាក់​ទៀត​ដែល​បាន​របួស​ជើង​បាន​និយាយ​ថា លោក​បាន​ឃើញ​ឈាម និង​បំណែក​សាច់​មនុស្ស​រប៉ាត់រប៉ាយ​នៅ​កន្លែង​ដែល​មនុស្ស​តម្រង់​ជួរ​ឈរ​ចាំ​ដើម្បី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី ឬ​មួយ​ក៏​បន្ត​អត្តសញ្ញាណប័ណ្ណ។ ក្រោយ​អំពើ​ភេរវកម្ម​អត្តឃាត​បន្តិច Jamaat-ul-Ahrar ដែល​ជា​សាខា​របស់​ចលនា​ឧទ្ទាម​តាលីបង់Tehreek-e-Taliban Pakistan (TTP)បាន​ចេញ​មុខ​ប្រកាស​ថា​ជា​ស្នាដៃ​របស់​ខ្លួន។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន Jamaat-ul-Ahrar បាន​សន្យា​នឹង​បន្ត​វាយប្រហារ​សងសឹក​លើ​ស្ថាប័ន​រដ្ឋាភិបាល​ប៉ាគីស្ថាន​ដែល​បាន​បើក​យុទ្ធនាការ​បង្រ្កាប​ពួក​គេ។ គួរ​រម្លឹក​ជូន​ថា ទ័ព​រដ្ឋាភិបាល​ប៉ាគីស្ថាន​ពិត​ជា​បាន​ធ្វើ​ការ​វាយប្រហារ​លើ​ចលនា​តាលីបង់ និង​ក្រុម​ឧទ្ទាម​ផ្សេង​ទៀត​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​អាហ្វហ្កានីស្ថាន។ កន្លង​មក Jamaat-ul-Ahrar ​ធ្លាប់​បាន​សារភាព​ពី​ការ​រៀបចំ​ភេរវកម្ម​អត្តឃាត​ប្រមាណ​ជា ១០ ក្នុង​ទឹកដី​ប៉ាគីស្ថាន។ ជាក់ស្តែង អំពើ​ភេរវកម្ម​អត្តឃាត​ពីរ​ផ្ទួន​គ្នា​ប្រឆាំង​នឹង​អង្គប្រជុំ​នយោបាយ​មួយ​កាល​ពី​ខែ​សីហា​ដោយ​សម្លាប់​មនុស្ស ១៦នាក់ និង​អំពើភេរវកម្ម​អត្តឃាត​ប្រឆាំង​វិហារ​គ្រឹស្តសាសនា​ចំនួន​ពីរ​ក្នុង​ទីក្រុង​ឡាអរ​កាល​ពី​ខែ​មីនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ