អានតួអត្ថបទ
ប៉ាគីស្ថាន

សម្តេច​ប៉ាប​ថ្កោល​ទោស​ភេរវកម្ម​ផ្ទួនៗ ​ទៅ​លើ​វិហារ​សាសនា​កាតូលិក​នៅ​ប៉ាគីស្ថាន

ថ្ងៃ​អាទិត្យទី​ ១៥ មីនា ​មាន​វិហារ​គ្រឹស្ត​សាសនា​ពីរ​កន្លែង ​នៅ​ភាគ​ខាងកើត​ប្រទេស​ប៉ាគីស្ថាន ​ត្រូវ​បាន​រង​ការ​វាយ​ប្រហារ​ភេរវកម្ម ​ផ្ទួនៗ​គ្នា។ ហេតុការណ៍​នេះ ​បាន​សម្លាប់​មនុស្ស​១៤​នាក់ ​និង​ជា​ច្រើន​នាក់​រង​របួស។ សម្តេច​ប៉ាប​ ប្រមុខ​សង្ឃ​កាតូលិក ​បាន​សម្តែង​នូវ​សេចក្តី​សោក​សង្រេង ​និង​បាន​ថ្កោល​ទោស​ទង្វើ​នេះ ​ថា​​ជា​ការ​ប្រមាថ​មើល​ងាយ ​ដល់​ជីវិត​ប្រជាជន​ស្លូតត្រង់​ដែល ​គ្មាន​កំហុស​អ្វី​ទាំង​អស់ ដោយ​គ្រាន់​តែ​គ្នា​កាន់​សាសនា​កាតូលិក។

ស្រ្តី​​ជន​ជាតិ​ប៉ាគីស្ថាន​ កាន់សាសនា​កាតូលិក ​ស្រែកទ្រហោរយំ ​ក្រោយ​ហេតុ​ការណ៍​បំផ្ទុះ​គ្រាប់​បែក​ នៅថ្ងៃ ទី​១៥ មីនា ២០១៥
ស្រ្តី​​ជន​ជាតិ​ប៉ាគីស្ថាន​ កាន់សាសនា​កាតូលិក ​ស្រែកទ្រហោរយំ ​ក្រោយ​ហេតុ​ការណ៍​បំផ្ទុះ​គ្រាប់​បែក​ នៅថ្ងៃ ទី​១៥ មីនា ២០១៥ REUTERS/Mohsin Raza
ផ្សាយពាណិជ្ជកម្ម

ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ បាន​កើត​ឡើង​នៅ​ក្នុង​វិហារ​សាសនា​គ្រឹស្ត​ពីរ​កន្លែង ​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ពីគ្នា ​នៅ​ក្នុង​ទីក្រុង​ឡាហរ ​ខេត្ត​ប៉េន្ឌចាប់ ​ភាគ​ខាង​កើត​ប្រទេស​ប៉ាគីស្ថាន។ ​យោង​តាម​អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ប៉ាគីស្ថាន ​មាន​អ្នក​ស្លាប់​ចំនួន​១៤នាក់​ និង ​ជាង​៨០​នាក់​រង​របួស​ធ្ងន់។ ​ការ​ដាក់​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នេះ ​ធ្វើ​នៅ​ ទីមួយ​ក្នុង​វិហារ​កាតូលិក ​និង​មួយ​ទៀត​នៅ​វិហារ​ប្រូតេស្តង់ ​ដែល​នៅ​មិនឆ្ងាយ​ពីគ្នា ​ក្នុង​សង្កាត់​ដែល​សំបូរ​ដោយ​ប្រជាជន​​ប៉ាគីស្ថាន ​កាន់​សាសនា​គ្រឹស្ត​ រស់​នៅ​កុះករ។

 
ក្រុម​សង្រ្គោះ​កំពុង​តែ ​ធ្វើការ​ជួយ​ជន​រងគ្រោះ​ ហើយ​ចំនួន​អ្នក​ស្លាប់​ អាច​នឹង​កើនឡើង​លើស​នេះទៀត។ ​មាន​សាកសី​ជា​ច្រើន​នាក់​ បាន​ឃើញ ​ថា​មាន​មនុស្ស​មិន​ស្គាល់​មុខ​រត់ចូល​ទៅ​ក្នុង​វិហារ​ទាំងពីរ ​ហើយ​រំពេច​នោះ​ ស្រាប់​តែ​គេ​ឮ​សូរ​សំឡេង​ផ្ទុះ។ បន្ទាប់​មក​ទៀត​មាន​មនុស្ស​ម្នាក់ ចង់​រត់​ចូល​ទៅ​ក្នុង​វិហារ​បន្ថែម​ទៀត ​បន្តែ​អ្នក​យាម​ម្នាក់​ បាន​ចូល​ទៅ​ប្រវ៉ាយ​ប្រតប់ ​ហើយ​គ្រាប់បែក​ក៏​បានផ្ទុះ​ ស្លាប់​ទាំង​ពីរ​នាក់​តែម្តង។ ក្រុម​ភេរវកម្ម ​អាល់កាអ៊ីដា ​មួយ​ឈ្មោះ​ថា ចាម៉ាត អ៊ុល អារ៉ា (Jamaat-ul-Arrar) ​ដែល​ជា​សាខា​អាល់កាអ៊ីដា ​ប្រចាំ​នៅ​ភាគ​ខាង​កើត​ប៉ាគីស្ថាន បាន​ចេញ​មក​ប្រកាស​ថា ​ក្រុម​ពួក​វា​ជា​អ្នក​បញ្ជា​ ឲ្យ​ធ្វើ​ភេរវកម្ម​អត្តឃាត​នេះ។

ក្រោយ​ហេតុការណ៏​ផ្ទុះ ​ភាព​ចលាចល​ជុំវិញ​កន្លែង​កើត​ហេតុ​ បាន​កើត​ឡើង ​ដោយ​ប្រជាជន​បាន​វាយ​បណ្តេញ​នរគបាល ​ ​ហើយ​បាន​ស្រែក​ជេរ​អាជ្ញាធរ​ប៉ាគីស្ថាន​ ថា​អសមត្ថភាព ​​ក្នុង​ការ​ការពារ​សន្តិសុខ​របស់​ប្រជាជន។ បន្ថែម​ពី​នេះ ​ប្រជាជន​បាន​ព្រួតគ្នា​វាយ​សម្លាប់ ជន​សង្ស័យ​ពីរ​នាក់ ​នៅនឹង​កន្លែង​កើត​ហេតុ ផ្ទាល់។

ក្រោយ​បាន​ទទួល​ដំណឹង​នេះ ​សម្តេច​ប៉ាប​ហ្រ្វង់ស័រ ​ប្រមុខ​សង្ឃ​កាតូលិក ​បាន​សម្តែង​នូវ​សេចក្តី​ទុក្ខសោក ​ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ។ សម្តេច​សង្ឃ​បាន​អំពាវនាវ ​ឲ្យ​បញ្ឈប់​នូវ​អំពើ​កាប់​សម្លាប់ ​លើ​ប្រជាជន​ស្លូតត្រង់ ​ដែល​កាន់​សាសនា​កាតូលិក ​ដែល​គ្នា​គ្មាន​កំហុស​អ្វី​ទាល់​តែ​សោះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ប្រជាជន​កាន់​សាសនា​កាតូលិក ​ជា​ពិសេស​ក្នុង​តំបន់​ដើមបូព៌ា ​ត្រូវ​បាន​គេ​ធ្វើ​ទុក្ខ​បុកម្នេញ ​យ៉ាង​វេទនា​ជា​ទី​បំផុត។ ជាក់​ស្តែង​ក្រុម​អ្នក​កាន់​សាសនា​កាតូលិក​នៅ​អ៊ីរ៉ាក់ ​និង​នៅ​ស៊ីរី ​ត្រូវ​បាន​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម ​ធ្វើ​ការ​កាប់​សម្លាប់​យ៉ាង​ព្រៃផ្សៃ។ សហគមន៍​អ្នក​កាន់​សាសនា​កាតូលិក​នៅ​ប៉ាគីស្ថាន ​ក៏​ដូច​ជា​នៅ​ឥណ្ឌា ​ថ្មីៗ​នេះ​ ត្រូវ​បាន​រង​អំពើ​ភេរវកម្ម​ជា​បន្ត​បន្ទាប់ ​ហើយ​អាជ្ញាធរ​ប្រទេស​ទាំង​នោះ ដូច​ជា​មិន​សូវ​អើរពើ​ ទាល់​តែ​សោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ