អានតួអត្ថបទ
ចិន-អាស៊ាន

ចិន​ព្យាយាម​បន្ធូរ​ភាពតានតឹង​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង

ចិន​កំពុង​ព្យាយាម​បន្ធូរបន្ថយ​ភាព​តានតឹង​​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ជាមួយ​ប្រទេស​អាស៊ាន ដោយ​បាន​ប្រកាស​សន្យា​នៅថ្ងៃ​សៅរ៍​នេះ​ថា ចិន​នឹង​មិន​ប្រើ​កម្លាំង​ទ័ព​មក​ដោះស្រាយ​ជម្លោះនោះទេ។ ចិន​ក៏​បាន​លើកជា​សំណើ​ផងដែរ​ចង់​បើក​ធ្វើ​សមយុទ្ធ​ទ័ព​ជើងទឹករួមគ្នា​ជាមួយ​ប្រទេស​អាស៊ាន នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង នៅ​ឆ្នាំ​២០១៦​ខាងមុខ។

លោក​ហ្វាន ឆាងឡុង (Fan Changlong) អនុប្រធាន​គណៈកម្មការ​កងទ័ព​មជ្ឈិម​នៃ​បក្ស​កុម្មុយនិស្ត​ចិន
លោក​ហ្វាន ឆាងឡុង (Fan Changlong) អនុប្រធាន​គណៈកម្មការ​កងទ័ព​មជ្ឈិម​នៃ​បក្ស​កុម្មុយនិស្ត​ចិន REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

ចិន​នឹង​មិន​ចេះតែ​ប្រើ​កម្លាំង​ទ័ព​ដោយ​គ្មាន​គិតពិចារណានោះទេ បើទោះបីជានៅ​ក្នុង​ជម្លោះ​ទាក់ទង​នឹង​អធិបតេយ្យភាព​ក៏ដោយ ហើយ​ចិន​នឹង​ព្យាយាម​គ្រប់មធ្យោបាយ ដើម្បី​បញ្ចៀស​វិវាទ​ដែល​អាច​កើតឡើង​ដោយ​អចេតនា” នេះ​គឺ​ជា​ការ​អះអាង​របស់​លោក​ហ្វាន ឆាងឡុង (Fan Changlong) អនុប្រធាន​គណៈកម្មការមជ្ឈិម​កងទ័ព​នៃ​បក្ស​កុម្មុយនិស្តចិន ដែល​ជា​ស្ថាប័ន​មាន​អំណាច​កំពូល​ខាង​កងទ័ព​នៅ​ចិន។ លោកហ្វាន ឆាងឡុង មាន​ប្រសាសន៍​បែបនេះ នៅ​ក្នុង​អំឡុង​សន្និសីទ​ស្តីពី​សន្តិសុខ ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​រដ្ឋមន្រ្តី​ការពារជាតិ​មក​ពី​បណ្តា​ប្រទេស​អាស៊ាន។

លោក​ហ្វាង ឆាងឡុង ក៏​បាន​អះអាង​ផងដែរ​ថា ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ចិន​សាងសង់​នៅលើ​កោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​សេរីភាព​ក្នុង​ការធ្វើ​នាវាចរណ៍​របស់​ប្រទេស​ដទៃ​នោះទេ ផ្ទុយទៅវិញ វា​មានតែ​ជួយ​ដល់​ការ​ធ្វើ​ដំណើរ​តាមផ្លូវសមុទ្រ​ទៅវិញទេ ជាពិសេស គឺ​ការ​សាងសង់​ហ្វា​បំភ្លឺផ្លូវ​នាវាចរណ៍។

ក៏ប៉ុន្តែ ប្រទេស​អាស៊ាន​ខ្លះ​ដែល​កំពុង​ជាប់ជម្លោះ​ជាមួយ​ចិន រួមជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ផង បាន​អះអាង​ថា តាមការពិតទៅ អ្វី​ដែល​ចិន​កំពុងតែ​ធ្វើ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នៅពេលនេះ គឺ​កំពុងតែ​សាងសង់​កោះសិប្បនិម្មិត ដើម្បី​ដាក់តាំង​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​ទៅវិញទេ។

កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​​ធ្លាប់​បាន​លើកឡើង​ថា អាមេរិក​នឹងបញ្ជូន​នាវា​ទៅកាន់​គ្រប់ទីកន្លែងណា ដែល​អនុញ្ញាត​ដោយ​ច្បាប់​អន្តរជាតិ ហើយ​មន្រ្តី​កងទ័ព​អាមេរិក​បាន​បង្ហើប​ឲ្យដឹង​ថា អាមេរិក​នឹង​បញ្ជូន​នាវាចម្បាំង​ឲ្យ​ចូល​ទៅកាន់​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ធ្វើ​តេស្ត​ពី​សិទ្ធិសេរីភាព​នាវាចរណ៍​នៅទីនោះ។

ថ្លែង​នៅ​ក្នុង​អំឡុង​សន្និសីទ​ស្តីពី​សន្តិសុខ​នៅ​ថ្ងៃ​សៅរ៍​នេះ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ម៉ាឡេស៊ី​បាន​បង្ហាញ​នូវ​ក្តីបារម្ភ​ខ្លាច ការ​ប្រឈមមុខដាក់គ្នា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង រវាង​អាមេរិក និង​ចិន ដែល​សុទ្ធសឹង​ជា​មហាអំណាច​យោធា​ អាច​នឹង​​រាលដាល​ទៅ​ជា​ជម្លោះ ដោយ​ចេតនា ឬ​អចេតនា ហើយនាំ​ឲ្យ​ប៉ះពាល់​ទៅដល់​បណ្តា​ប្រទេស​តូចតាច​ផ្សេងទៀត នៅ​ក្នុង​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ