ចិននិងអាមេរិក ផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងក្រុងប៉ារីស ស្តីពីអាកាសធាតុCOP21
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៣៤
ស្របពេលដែលចិនកំពុងទទួលរៀបចំកិច្ចប្រជុំកំពូល នៃបណ្តាប្រទេសសេដ្ឋកិច្ចនាំមុខទាំង២០ រឺហៅថា G20 រដ្ឋាភិបាលចិន និងអាមេរិក ទើបបានប្រកាសអំពីការផ្តល់សច្ចាប័ន ដល់កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ ដែលបានចុះហត្ថលេខា កាលពីចុងឆ្នាំ២០១៥កន្លងទៅ នៅទីក្រុងប៉ារីស។ នេះគឺជាដំណឹងមួយដ៏ល្អ ព្រោះចិន និងអាមេរិក គឺជាប្រទេសដែលបញ្ចេញឧស្ម័នពុលច្រើនជាងគេបង្អស់ ហើយគេសង្ឃឹមថា ប្រទេសធំៗដ៏ទៃទៀត នឹងប្រញ៉ាប់ប្រញាល់ផ្តល់សច្ចាប័នដែរ ដើម្បីអនុញ្ញាតិឲ្យកិច្ចព្រមព្រៀងស្តីពីការកាត់បន្ថយកំដៅផែនដីនេះ អាចចូលជាធរមានជាស្ថាពរ នៅមុនដំណាច់ឆ្នាំ២០១៦។
ចិន និងអាមេរិក ម្ចាស់ឧស្ម័នពុល៤០% ព្រមធ្វើសច្ចាប័ន៖
នេះគឺជាដំណឹងល្អណាស់ ជាពិសេសគឺវាជាក្តីសង្ឃឹមរបស់មនុស្សជាតិ និងភពផែនដីយើង ដែលកំពុងតែរងឥទ្ធិពល ដោយការឡើងកំដៅផែនដី។ ក្នុងឱកាសបើកកិច្ចប្រជុំកំពូល ប្រទេសសេដ្ឋកិច្ចនាំមុខទាំង២០ នៅទីក្រុងហាងចូវនេះ គឺចិន និងអាមេរិក បានប្រកាសរួមគ្នា ថាបានធ្វើសច្ចាប័ន ដល់កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ។
តាមពិត វាគឺជាចេតនារបស់រដ្ឋាភិបាលចិន ដែលចង់ផ្សព្វផ្សាយដំណឹងនេះ ព្រមពេលគ្នាជាមួយកិច្ចប្រជុំប្រទេស G20 ដើម្បីជាការកសាងមុខមាត់ បង្អួតប្រាប់ប្រទេសទាំង១៩ផ្សេងទៀត ដែលមានមុខក្នុងកិច្ចប្រជុំនេះដែរ។ យ៉ាងណាមិញ ដើម្បីកសាងមុខមាត់ និងទទួលភ្ញៀវឲ្យបានអធិកអធម្ម ក្នុងឱកាសជំនួបកំពូលប្រទេសG20 នេះ រដ្ឋាភិបាលចិន បានបញ្ជាឲ្យផ្អាកដំណើរការរោងចក្រដុតធ្យូងថ្មជាច្រើន ប្រមាណ៣០០គីឡូម៉ែត្រ ជុំវិញទីក្រុងហាងចូវទៀតផង។ ធ្វើអញ្ចឹង ដើម្បីកុំឲ្យគណប្រតិភូដែលមកប្រជុំ ឃើញផ្សែងខ្មៅ និងបរិយាកាសអួរអាប់ នៅកន្លែងប្រជុំ។
ដូចយើងដឹងហើយ ចិនគឺជាប្រទេសដែលបញ្ចេញឧស្ម័នពុលច្រើនជាងគេបង្អស់។ ពោលគឺ ឧស្ម័នពុល រឺឧស្ម័នកាបូនិក ដែលបញ្ចេញចោលក្នុងបរិយាកាសចំនួន២៤% គឺជារបស់ចិន។ វិស័យដែលបញ្ចេញឧស្ម័នពុលច្រើនបំផុតនៅចិននេះ គឺវិស័យថាមពលរោងចក្រតែម្តង។ ៧០%នៃថាមពលដែលផលិតបាននៅចិន គឺមានប្រភពពីការដុតធ្យូងថ្ម។ ធ្យូងថ្មនេះ គឺជាមូលហេតុយ៉ាងសំខាន់ នៃការបញ្ចេញឧស្ម័នកាបូនិក ហើយដែលឧស្ម័នទាំងនេះ វាបានហ៊ុំព័ទ្ធស្រទាប់បរិយាកាសផែនដី ហើយធ្វើឲ្យផែនដីកាន់តែក្តៅ។
មុននេះបន្តិច គេគ្រាន់តែដឹងពីការផ្តល់សច្ចាប័នរបស់ចិនតែប៉ុណ្ណោះ ហើយគេបានសង្ស័យថាលោកអូបាម៉ា ដែលមានមុខទៅប្រជុំនោះ នឹងប្រកាសពីការធ្វើសច្ចាប័នរបស់អាមេរិកដែរ។ ទីបំផុតដូចការរំពឹងទុក គឺថ្នាក់ដឹកនាំមហាអំណាចសេដ្ឋកិច្ច នឹងមេបញ្ចេញឧស្ម័នពុលទាំងពីរ បានប្រកាសរួមគ្នា។ លោក ស៊ីជីនពីង និងលោកអូបាម៉ា បានប្រគល់ឯកសារផ្លូវការស្តីពីការធ្វើសច្ចាប័ន ទៅលោកបាន គីមូន ។ គេរំពឹងយ៉ាងខ្លាំងថា កិច្ចព្រមព្រៀងស្តីពីអាកាសធាតុនេះនឹងចូលជាធរមាន នៅចុងឆ្នាំ២០១៦នេះ។
នៅថ្ងៃណាមួយ យើងនឹងអាចមើលឃើញច្បាស់ថា ការចុះកិច្ចព្រមព្រៀងក្រុងប៉ារីស គឺជាហេតុការណ៍ប្រវត្តិសាស្រ្តមួយ ដែលយើងទាំងអស់គ្នាមូលមតិគ្នាតែមួយ ក្នុងការសង្រ្គោះភពផែនដីរបស់យើង។
ប្រសាសន៍របស់លោកអូបាម៉ា
២លក្ខខណ្ឌ ដើម្បីឲ្យកិច្ចព្រមព្រៀងស្តីពីអាកាសធាតុ អាចចូលជាធរមាន៖
លក្ខខណ្ឌមានពីរ៖ ទីមួយ គឺត្រូវឲ្យមានប្រទេសហត្ថលេខីចំនួនយ៉ាងហោចណាស់ ៥៥ប្រទេស ផ្តល់សច្ចាប័ន ដល់កិច្ចព្រមព្រៀងនេះ។ ហើយលក្ខខណ្ឌទីពីរ គឺប្រទេសទាំង៥៥នេះ ត្រូវតែជាប្រទេសដែលមានចំណែកបញ្ចេញឧស្ម័នពុល សរុបរួម យ៉ាងហោចណាស់៥៥%។ លក្ខខណ្ឌទាំងពីរនេះ គឺមិនអាចខ្វះមួយណាបានទេ។
ប្រទេសនីមួយៗ មានកំរិតបញ្ចេញឧស្ម័នពុល មិនស្មើគ្នាទេ ពោលគឺវាអាស្រ័យទៅលើទំហំសេដ្ឋកិច្ច ព្រមទាំងប្រភពថាមពលដែលប្រើប្រាស់។ ដូចដែលខ្ញុំបានលើកឡើងពីខាងលើ ប្រភពថាមពលដែលចូលរួមបញ្ចេញឧស្ម័នពុលច្រើនជាងគេ គឺប្រភពថាមពលដែលផលិតដោយសារធាតុហ្វូស៊ីល។ សារធាតុហ្វូស៊ីលនេះមានអ្វីខ្លះ? គឺមានដូចជា ប្រេងកាត រឺប្រេងឥន្ធនៈ ឧស្ម័នហ្គាស ហើយនឹងធ្យូងថ្ម ជាដើម។
ក្នុងករណីប្រទេសផ្តល់សច្ចាប័នមានគ្រប់៥៥ តែសុទ្ធតែប្រទេសតូចៗ ដែលមិនបញ្ចេញឧស្ម័នពុលច្រើន ហើយមិនគ្រប់៥៥% នៃកម្រិតឧស្ម័នពុលសរុប គឺកិច្ចព្រមព្រៀងនេះ មិនអាចចូលជាធរមានបានទេ។ ដូច្នេះ គេត្រូវការជាចាំបាច់ នូវការផ្តល់សច្ចាប័នពីប្រទេសមហាយក្សសេដ្ឋកិច្ច ដូចជាចិន អាមេរិក ជប៉ុន ឥណ្ឌា ជាដើម។
មានប្រទេស២៦ ដែលបានផ្តល់សច្ចាប័ន៖
មកត្រឹមពេលនេះ មានប្រទេសទាំងអស់២៦ហើយ បូកថែមទាំងចិន នឹងអាមេរិក ដែលទើបតែផ្តល់សច្ចាប័ន។ ក៏ប៉ុន្តែក្នុងចំណោមប្រទេសទាំង២៦នេះ គឺភាគច្រើនសុទ្ធតែប្រទេសតូចៗ រឺប្រទេសកូនកោះជាដើម។ បើយើងផាត់ ប្រទេសចិន និងអាមេរិកចេញ កម្រិតនៃការបច្ចេញឧស្ម័នពុលសរុបនៃប្រទេស២៤ទៀតនោះ គឺមានមិនដល់២%ផងទេ។ នេះបើតាមតួលេខ ដែលមានផ្សាយនៅលើគេហទំព័រ របស់អង្គការសហប្រជាជាតិ។ បូកថែមជាមួយចិននៅពេលនេះ គឺយើងមាន២៦ប្រទេស សម្រាប់លក្ខខណ្ឌទីមួយ ហើយសម្រាប់លក្ខខណ្ឌទីពីរ គឺយើងមាន ប្រមាណជាង៤២%នៃឧស្ម័នកាបូនិក។
គ្រាន់តែចិន និងអាមេរិក គឺមានកម្រិតឧស្ម័នកាបូនិក ៤០% ទៅហើយ។ ដូច្នេះ គេត្រូវការ ការចូលរួមពីប្រទេសធំៗ ទាំងអស់ ពោលគឺប្រទេសសេដ្ឋកិច្ចនាំមុខ ដែលមានវត្តមានក្នុងជំនួបកំពូលនាពេលនេះតែម្តង។ ដោយឡែកនៅអឺរ៉ុបវិញ នៅមានការយឺតយ៉ាវណាស់។ ក្នុងចំណោមប្រទេសសមាជិកសហភាពអឺរ៉ុប គឺមានតែបារាំង និងហុងគ្រីទេ ដែលបានផ្តល់សច្ចាប័នរួចរាល់។
ឧបសគ្គមួយរយជំពូក៖
ឧបសគ្គនៅមានច្រើន។ ជំហានដំបូង ធ្វើយ៉ាងណាឲ្យកិច្ចព្រមព្រៀងនេះ បានចូលជាធរមានសិន។ មួយវិញទៀត គេកំពុងបារម្ភ ដោយសារនៅតែប៉ុន្មានខែទៀត លោកអូបាម៉ា នឹងត្រូវចប់អាណត្តិ។ ដូច្នេះរដ្ឋាភិបាលថ្មីដែលឡើងមក អាចប្តូរចិត្តបាន។ យ៉ាងណាមិញ លោកដូណាល់ ត្រាំ បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណៈរដ្ឋ ធ្លាប់បានប្រកាសហើយថា បើគាត់ឡើងធ្វើប្រធានាធិបតី គឺគាត់នឹងលប់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីអាកាសធាតុចោល។
អ្នកដែលមានគោលជំហំរឹងរូសមួយទៀតនោះគឺឥណ្ឌា។ រដ្ឋាភិបាលឥណ្ឌា ធ្លាប់បានប្រកាសហើយថា វាជាសិទ្ធឥណ្ឌាក្នុងការប្រើប្រាស់ប្រភពថាមពលគ្រប់រូបភាព ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។ ចង់ឲ្យគេកាត់បន្ថយឧស្ម័នពុល ទាល់តែប្រទេសធំៗផ្សេងទៀត ជួយផ្តល់ថវិកាវិនិយោគ និងអភិវឌ្ឍន៍វិស័យថាមពលប្រកបដោយចីរភាព ឲ្យបានច្រើនដល់គេ។ បច្ចុប្បន្ននេះ ឥណ្ឌាបញ្ចេញឧស្ម័នពុលប្រមាណជា៦,៥%។ តែបើយោងទៅតាមល្បឿនសេដ្ឋកិច្ចឥណ្ឌារាល់ថ្ងៃនេះ ហើយបើគ្មានគោលនយោបាយផ្លាស់ប្តូរទេនោះ ឥណ្ឌានឹងបញ្ចេញឧស្ម័នពុលទ្វេរមួយជាពីរ នៅរវាងឆ្នាំ២០៣០។
ទាំងអស់នេះគឺសុទ្ធតែជាឧបសគ្គ។ កិច្ចព្រមព្រៀងស្តីពីអាកាសធាតុនេះ នៅមានដំណើរវែងឆ្ងាយទៀតណាស់ ទាំរាំអាចចូលជាធរមានបាន។ អ្វីៗគឺវាអាស្រ័យលើការភ្ញាក់រលឹករបស់ប្រទេសធំៗ ដែលបំពុលបរិយាកាសខ្លាំងជាងគេ។ យ៉ាងណាមិញ លោកបាន គីមូន បានកោះប្រជុំប្រទេសសមាជិកអង្គការសហប្រជាជាតិ នៅថ្ងៃទី២១ កញ្ញា ខាងមុខនេះ ដើម្បីនិយាយពីបញ្ហានេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ