អានតួអត្ថបទ

ប្រធានាធិបតី​បារាំង​ទៅ​ចិន​ដើម្បី​និយាយ​ពី​សន្និសីទ​អាកាសធាតុ

លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ ចាប់ផ្តើម​ដំណើរទស្សនកិច្ច​រយៈពេល ២ថ្ងៃ នៅ​ក្នុង​ប្រទេស​ចិន។ គោលដៅ​សំខាន់ គឺ​បញ្ចុះបញ្ចូល​ចិន​ឲ្យ​ចូលរួម​កាន់តែ​សកម្ម​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ដើម្បី​ជំរុញ​ឲ្យ​សន្និសីទ​អាកាសធាតុ នៅ​ទីក្រុង​ប៉ារីស​អាច​សម្រេច​បាន​ជោគជ័យ។

លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង ពេល​ទទួល​ជួប​លោក លី ខឺឈាំង ​នាយករដ្ឋមន្រ្តី​ចិន នៅ​វិមាន​អេលីហ្សេ កាលពីថ្ងៃទី៣០ មិថុនា ២០១៥
លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង ពេល​ទទួល​ជួប​លោក លី ខឺឈាំង ​នាយករដ្ឋមន្រ្តី​ចិន នៅ​វិមាន​អេលីហ្សេ កាលពីថ្ងៃទី៣០ មិថុនា ២០១៥ REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

នៅសល់​មិនដល់​មួយខែ​ទៀត​ទេ នឹង​ត្រូវ​ដល់​ពេល​បើក​សន្និសីទ​អាកាសធាតុ នៅ​ទីក្រុង​ប៉ារីស ហើយ​ដើម្បី​ឲ្យ​សន្និសីទ​នេះ​អាច​ទទួល​ជោគជ័យ បារាំង​ប្រាកដ​ជា​ត្រូវការ​ចិន ដែល​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​កាបូនិក​ច្រើន​ជាងគេ​បង្អស់​នៅលើ​ពិភពលោក។

គេ​សង្កេតឃើញ​ថា នៅ​ក្នុង​កិច្ចចរចា​ជុំចុងក្រោយ​​នៅ​អាល្លឺម៉ង់ កាល​ពី​ជាង​មួយសប្តាហ៍មុន ក៏ដូចជា​កិច្ចចរចា​អាកាសធាតុ​លើកមុនៗ ចំណុច​ចម្រូងចម្រាស​ធំបំផុត គឺ​​ការខ្វែងគំនិតគ្នា រវាង​ប្រទេស​អភិវឌ្ឍ និង​ប្រទេស​កំពុងអភិវឌ្ឍ។ ចិន​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​លំដាប់ទី២ ប៉ុន្តែ នៅមិនទាន់​ទទួលស្គាល់​ខ្លួនឯង​ថា​ជា​ប្រទេស​អភិវឌ្ឍ តែងតែ​បដិសេធ​មិន​ព្រម​ជាប់កាតព្វកិច្ច​ក្នុងការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន ហើយ​នៅពេលដែល​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច និង​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ច្រើន​ជាងគេ​មិន​ជាប់កាតព្វកិច្ច​បែបនេះ វា​ធ្វើ​ឲ្យ​ប្រទេស​ផ្សេងទៀត​ក៏​បាន​​នាំគ្នា​បដិសេធ​មិន​ព្រម​ធ្វើ​ដូចគ្នា។

ដូច្នេះ ដើម្បី​អាច​បញ្ចុះបញ្ចូល​ប្រទេស​ផ្សេងទៀត​បាន គេ​ត្រូវ​តែ​បញ្ចុះបញ្ចូល​ចិន​ឲ្យ​បាន​ជាមុនសិន។ នេះ​ហើយ ដែល​ជា​គោលដៅ​ចម្បងបំផុត​​របស់​លោក​ប្រធានាធិបតី​ហ្វ្រង់ស័រ ហូឡង់ នៅក្នុង​ដំណើរទស្សនកិច្ច​នៅ​ចិន​នៅ​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ​​ស្អែកនេះ។

សម្រាប់​លោក​ហ្វ្រង់ស័រ ហូឡង់ អ្វីដែល​លោក​ស្វះស្វែង​រក​ នៅ​ក្នុង​ដំណើរទស្សនកិច្ច​នេះ គឺ​បញ្ចុះបញ្ចូល​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ឲ្យ​ចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ដែល​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​ខ្ពស់​របស់​ចិន នៅក្នុងការ​ប្រឹងប្រែង​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន ដើម្បី​ធ្វើ​យ៉ាងណា​ទប់ស្កាត់​សីតុណ្ហភាព​មធ្យម​នៃ​ភពផែនដី កុំ​ឲ្យ​កើនឡើង​លើស​ពី ២អង្សា នៅ​ចុងសតវត្សរ៍​ទី២១​នេះ។

ក្រៅពី​ជួប​ជាមួយ​នឹង​មេដឹកនាំ​ចិន លោក​ហ្វ្រង់ស័រ ហូឡង់ ក៏​គ្រោង​នឹង​ចូលរួម​ផងដែរ នៅ​ក្នុង​វេទិកា​ក្រុមហ៊ុន​ចិន និង​បារាំង ដែល​នឹង​រៀបចំ​ធ្វើ​នៅថ្ងៃ​អង្គារ ដើម្បី​ជជែក​អំពី​ប្រធានបទ “សេដ្ឋកិច្ច និង​អាកាសធាតុ”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ