អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​អ្វីខ្លះ​ជា​ដើមហេតុ ​និង​ផលវិបាក​នៃ​ការ​ប្រែប្រួល​អាកាសធាតុ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាកាសធាតុ​ចម្លែកៗ នៅ​អាមេរិក អឺរ៉ុប ក៏ដូចជា នៅ​អាស៊ី នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍ចុងក្រោយ​នេះ បាន​ធ្វើ​ឲ្យ​គេ​គិតថា ​វាជា​សញ្ញា​មួយ​បន្ថែម​ទៀត ដែល​បញ្ជាក់​អំពី​ភាពធ្ងន់ធ្ងរ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​នៅលើ​ភពផែនដី។ សហរដ្ឋ​អាមេរិក ដែល​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ច្រើន​ជាងគេ ហើយ​ដែល​កន្លងមក តែងតែ​ព្យាយាម​គេចវេះ​ពី​កាតព្វកិច្ច​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន កំពុងតែ​ព្យាយាម​បញ្ចូល​ឲ្យ​គ្រប់ប្រទេស​ទាំងអស់​ពួតដៃ​គ្នា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ។

ការឡើងកម្តៅ​នៃ​ភពផែនដី​ធ្វើ​ឲ្យ​ផ្ទាំងទឹកក​នៅ​តំបន់​ប៉ូល​ត្រូវ​រលាយ ហើយ​កម្រិត​កម្ពស់​ទឹកសមុទ្រ​ត្រូវ​កើនឡើង
ការឡើងកម្តៅ​នៃ​ភពផែនដី​ធ្វើ​ឲ្យ​ផ្ទាំងទឹកក​នៅ​តំបន់​ប៉ូល​ត្រូវ​រលាយ ហើយ​កម្រិត​កម្ពស់​ទឹកសមុទ្រ​ត្រូវ​កើនឡើង Peter Adams/Getty Images
ផ្សាយពាណិជ្ជកម្ម

តើការប្រែប្រួល​អាកាសធាតុ​បណ្តាល​មក​ពី​មូលហេតុអ្វីខ្លះ?
 
ការប្រែប្រួល​អាកាសធាតុ គឺ​សម្តៅទៅលើ​ការ​ប្រែប្រួល​ខ្លាំង និង​ជាលក្ខណៈ​យូរអង្វែង នៃ​សីតុណ្ហភាព​មធ្យម​នៃ​ភព​ផែនដី។ វាអាចជាការ​ធ្លាក់ចុះ​ ឬ​ក៏​ជា​ការ​កើនឡើង ​នៃ​សីតុណ្ហភាព​​មធ្យម​ ដែលគេ​វាស់ស្ទង់​ក្នុងរយៈពេល​ច្រើនឆ្នាំ​ជាប់ៗគ្នា។

តាមការសិក្សា​របស់​អ្នកវិទ្យាសាស្រ្ត គេរកឃើញ​ថា នៅ​ក្នុង​ប្រវត្តិ​នៃ​ភពផែនដី ដែល​មាន​អាយុកាល​ជាង ៤ពាន់ ៥រយ​លាន​ឆ្នាំ​មក​ហើយ​នេះ សីតុណ្ហភាព​មធ្យមនៃ​ភពផែនដី​តែងតែ​មាន​ការ​ប្រែប្រួល​ មាន​ពេលខ្លះ​សីតុណ្ហភាព​ធ្លាក់ចុះ ហើយ​ពេល​ខ្លះ​កើនឡើង។ ការ​ប្រែប្រួល​អាកាសធាតុ​នៃ​ភពផែនដី​អាច​កើតឡើង​ពី​មូលហេតុ​ធម្មជាតិ។

ទីមួយ វា​អាច​បណ្តាល​មក​ពី​ការប្រែប្រួល​នៃ​គន្លង​ផែនដី​ជុំវិញ​ព្រះអាទិត្យ។ នៅ​ពេល​ណា គន្លងផែនដី​​​ខិត​ចូល​ទៅ​ជិត​ព្រះអាទិត្យ​បន្តិច វា​ក៏​ធ្វើ​ឲ្យ​សីតុណ្ហភាព​ឡើង ហើយ​​ពេល​ណា​ដែល​គន្លងផែនដី​​ឃ្លាតឆ្ងាយ​​​​មក​វិញ សីតុណ្ហភាព​ក៏​ថយចុះ​មកវិញ។

មួយ​ទៀត វាអាច​បណ្តាល​​មក​ពី​​យន្តការ​មួយ ដែល​គេហៅ​តាម​ភាសាបារាំង​ថា “Gas à effet de serre” ឬ​ភាសា​អង់គ្លេសថា “Greenhouse effect”​ ហើយ​ដែល​យើង​អាច​បកប្រែ​ជា​ខ្មែរ​ថា “ឥទ្ធិពល​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់”។

នៅតាម​បណ្តា​​ប្រទេស​ដែល​មាន​អាកាសធាតុ​ត្រជាក់ គេ​ធ្វើ​ “ផ្ទះកញ្ចក់” (Greenhouse/Serre) ដើម្បី​ដាំ​បន្លែ ឬ​ដើមឈើ ដែល​មាន​ប្រភព​ពី​​តំបន់​ត្រូពិក ហើយ​ដែល​ដុះ​ក្នុង​អាកាសធាតុ​ក្តៅ។ នៅ​ក្នុង​ផ្ទះ​កញ្ចាក់​នេះ កម្តៅ​​ព្រះអាទិត្យ​​អាច​ចាំងចូល​តាម​កញ្ចក់ ក៏ប៉ុន្តែ ​កញ្ចក់​នេះ​អាច​ទប់​កម្តៅ​មិន​ឲ្យ​ភាយ​ចេញ​ទៅ​ក្រៅវិញ ទើប​ធ្វើ​ឲ្យ​សីតុណ្ហភាព​ក្នុង​ផ្ទះ​កញ្ចក់​​មាន​កម្រិត​ខ្ពស់។

នៅ​ក្នុង​បរិយាកាស​នៃ​ភពផែនដី​យើង មាន​ស្រទាប់​ឧស្ម័ន​មួយ ដែល​ហ៊ុំព័ទ្ធផែនដី​ ដូចជា កញ្ចាក់នេះដែរ។ នៅ​ពេល​ដែល​កម្តៅ​ជះពីព្រះអាទិត្យ​​មក​លើ​ផែនដី ​ស្រទាប់​ឧស្ម័ននេះ​ទប់​​កម្តៅ​មួយ​ផ្នែក​មិន​ឲ្យ​ភាយ​ចេញ​ទៅវិញ។ បើសិន​ជា​ស្រទាប់ឧស្ម័ន​នេះ​​ថយចុះ ទប់កម្តៅ​ព្រះអាទិត្យ​​បានតិច សីតុណ្ហភាព​លើ​ផែនដី​ក៏​ធ្លាក់ចុះ ហើយ​បើសិន​ជា​ស្រទាប់​ឧស្ម័ន​នេះ​កើនឡើង ទប់កម្តៅ​បាន​ច្រើន វា​ក៏​ធ្វើ​ឲ្យ​​សីតុណ្ហភាព​កើនឡើង ដែល​គេហៅថា “ការឡើងកម្តៅ​នៃ​ភពផែនដី” (Global warming/Réchauffement climatique)។

បើសិន​ជា​ការ​ប្រែប្រួល​សីតុណ្ហភាព​នេះ វា​គឺ​ជា​ដំណើរ​ធម្មតា​​​នៃ​ធម្មជាតិ​ ដែល​តែងតែ​កើតមាន​​​ពីមុនមក តើ​ហេតុអ្វី​បាន​ជា​គេ​នាំគ្នា​ព្រួយបារម្ភ​ខ្លាំងម្ល៉េះ នៅពេលនេះ?

អ្វីដែល​គេ​ព្រួយបារម្ភ នៅពេលនេះ មិនមែន​បារម្ភ អំពី​ការ​ប្រែប្រួល​អាកាសធាតុ ទៅតាម​លក្ខណៈ​ធម្មជាតិ​ទេ ក៏ប៉ុន្តែ បារម្ភ​អំពី​ការប្រែប្រួល​អាកាសធាតុ ដែល​មាន​កម្រិត​ខ្ពស់​ ឬ​ល្បឿន​លឿន ហួស​ពី​លក្ខណៈ​ធម្មជាតិ។

តាមការ​សិក្សា​របស់​អ្នកវិទ្យាសាស្រ្ត គេ​សង្កេតឃើញ​ថា សីតុណ្ហភាព​មធ្យម​នៅលើ​ភពផែនដី នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ កំពុងតែ​មាន​ការ​កើនឡើង​ខ្លាំង និង​លឿន ជាង​អ្វី ដែល​គេ​ធ្លាប់​សង្កេតឃើញ​តាម​លក្ខណៈ​ធម្មជាតិ កាល​ពី​ពេលមុនៗ។ ក្រុមអ្នកវិទ្យាសាស្រ្ត​របស់​អ.ស.ប បាន​រកឃើញ​ភស្តុតាង ដែល​អាច​ឲ្យ​គេ​ធ្វើកា​រសន្និដ្ឋាន​បាន ៩៥%​ ថា ការឡើងកម្តៅ​នៃ​ភពផែនដី នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​បង្ក​ឡើង​ដោយ​សកម្មភាព​របស់​មនុស្ស ពោលគឺ សីតុណ្ហភាព​នៃ​ភពផែនដី​មាន​ការ​កើនឡើង ទៅតាម​លក្ខណៈ​ធម្មជាតិ​ផង ក៏ប៉ុន្តែ សកម្មភាព​របស់​មនុស្ស​​កំពុងតែ​មក​បន្ថែម ធ្វើ​ឲ្យ​សីតុណ្ហភាព​​កើនឡើង​​កាន់តែ​ខ្លាំង​ថែមទៀត។

តើ​សកម្មភាព​អ្វីខ្លះ​របស់​មនុស្ស ដែល​ជា​ដើមហេតុ​​ជំរុញ​​ឲ្យ​ផែនដី​ឡើងកម្តៅកាន់តែ​ខ្លាំង​បែបនេះ?

នៅ​ក្នុង​ចំណោម​ប្រភេទ​ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​ជា​ដើមហេតុ​នៃ​ការ​ឡើងកម្តៅផែនដី មាន​ឧស្ម័នមួយចំនួន កើតចេញ​ពី​សកម្មភាព​របស់​មនុស្ស ជាពិសេស ឧស្ម័ន​កាបូនិក និង​មេតាន។

រាល់គ្រឿង​ម៉ាស៊ីន ដែល​ប្រើប្រេង និង​ធ្យូងថ្ម ដូចជា ម៉ាស៊ីន​ឡាន ម៉ូតូ ម៉ាស៊ីន​រោងចក្រ ឬ​រោងចក្រ​ផលិតអគ្គិសនី​ដើរ​ដោយ​ធ្យូងថ្មជាដើម សុទ្ធសឹង​ជា​សកម្មភាព ដែល​បំភាយ​ឧស្ម័ន​កាបូនិក​ទៅ​ក្នុង​បរិយាកាស។ ចំណែក​ឯ​សកម្មភាព​ធ្វើ​កសិកម្ម ដូចជា​ការ​ចិញ្ចឹមសត្វ​ជាដើម គឺ​ជា​ដើមហេតុ​ចម្បងមួយ នៃ​ការ​បញ្ចេញ​ឧស្ម័ន​មេតាន ទៅ​ក្នុង​បរិយាកាស។

បន្ថែម​ពីលើ​នេះ​ទៀត ការ​កាប់បំផ្លាញ​ព្រៃឈើ​ ក៏​ជា​ដើមហេតុ​មួយដែរ ដែល​នាំ​ឲ្យ​​ផែនដី​ឡើងកម្តៅ ពីព្រោះ​ថា ព្រៃឈើ​ជួយស្រូប​ឧស្ម័ន​កាបូនិក​ពី​ក្នុង​បរិយាកាស។ កាលណា​បរិមាណ​ព្រៃឈើធ្លាក់ចុះ សមត្ថភាព​ក្នុងការ​ស្រូប​ឧស្ម័ន​កាបូនិក​ក៏​ត្រូវ​ធ្លាក់ចុះ ហើយ​វា​ធ្វើ​ឲ្យ​បរិមាណ​ឧស្ម័នកាបូនិក​នៅ​ក្នុង​បរិយាកាស​មាន​ការ​កើនឡើង ដែល​ជាដើមហេតុ​នាំ​ឲ្យ​ផែនដី​ឡើង​កម្តៅ។

តើ​ការ​ឡើងកម្តៅ​នៃ​ភពផែនដី​អាច​ជះផលវិបាកអ្វីខ្លះ?

ការឡើងកម្តៅ​នៃ​ភពផែនដី អាច​បង្ក​នូវ​ផលវិបាក​ធ្ងន់ធ្ងរ ទាំង​ចំពោះ​បរិស្ថាន សុខភាព និង​សេដ្ឋកិច្ច​របស់​ពិភពលោក​ទាំងមូល។

ផលវិបាក​ទី១ នៅពេល​ដែល​សីតុណ្ហភាព​កើន​ឡើង ប្រទេស​ដែលមាន​សីតុណ្ហភាព​​ក្តៅ​ស្រាប់ ដូចជា ប្រទេស​កម្ពុជា​ ជាដើម នឹង​កាន់តែ​ក្តៅ​ខ្លាំង​ថែមទៀត ដែល​ធ្វើ​ឲ្យ​ពិបាក​រស់នៅ។ កន្លែង​ខ្លះ​​ទៀត ដែល​ធ្លាប់​តែ​មាន​សីតុណ្ហភាព​​ត្រជាក់​ ហើយ​មាន​ធ្លាក់​ព្រិល ដូចជា នៅ​ប្រទេស​បារាំង ជាដើម ​នៅពេល​សីតុណ្ហភាព​កើន​ឡើង ព្រិល​ក៏លែង​ធ្លាក់ ឬធ្លាក់តិចតួច។ នៅពេលនោះ ​របរ​​រកស៊ី ដោយ​សារ​ព្រិល ដូចជា ​ស្ថានីយ៍​​លេង​ស្គី កន្លែង​ជួល​ឧបករណ៍​ស្គី ​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន សម្រាប់ទទួល​​អ្នក​មក​លេង​ស្គី ជាដើម ក៏​ត្រូវ​ជួប​នឹង​បញ្ហា ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ជីវភាព​របស់​ប្រជាជន ក៏ដូចជា ទៅដល់​សេដ្ឋកិច្ច​ជាតិ។

ផលវិបាក​ទី២ ការប្រែប្រួល​អាកាសធាតុ​បណ្តាល​ឲ្យ​បាត់លំនឹង​ Ecosystème។ តំបន់ខ្លះ​គ្មាន​ភ្លៀង​សោះ រហូត​​បង្ក​ទៅ​ជា​គ្រោះ​រាំង​ស្ងួត។ ចំណែក​កន្លែង​ខ្លះ​​ទៀត មានភ្លៀងខ្លាំង​ហួសហេតុ បង្ក​ទៅ​ជា​ទឹក​ជំនន់ ជន់​លិច​​ខូច​ដំណាំ​ និងផ្ទះ​សម្បែង។

ផលវិបាក​ទី៣ ពេល​សីតុណ្ហភាព​កើន​ឡើង វា​ធ្វើ​ឲ្យ​ផ្ទាំងទឹកកក នៅ​តំបន់​ប៉ូល​រលាយ​ច្រើន ហើយ​ទឹកកក​ដែល​រលាយនេះ ក៏​ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ នាំឲ្យ​កម្ពស់​ទឹក​សមុទ្រ​កើន​ឡើង។ តាម​ការ​ព្យាករ​របស់​អ្នក​វិទ្យាសាស្រ្ត ​ក្នុង​រយៈពេល​៩០​ឆ្នាំ​ទៀត កម្រិត​កម្ពស់​ទឹកសមុទ្រ​ជាទូទៅ នឹង​កើន​ឡើង ពី​កន្លះម៉ែត្រ ទៅ​ជិត ១ម៉ែត្រ។ ដល់​ពេលនោះ តំបន់​ដែល​ជាប់​មាត់សមុទ្រ​នឹង​ត្រូវ​លិច​បាត់អស់។ អ្នកដែល​រងគ្រោះ​ខ្លាំង​ជាង​គេ គឺ​ប្រជាជន​នៅតាមប្រទេស ដែល​ជា​កោះ នៅ​កណ្តាល​សមុទ្រ ដូចជា ប្រទេស​ Maldive ជាដើម ដែល​ជា​កោះ​តូចមួយ នៅ​កណ្តាល​មហាសមុទ្រ​​ឥណ្ឌា។

ម្យ៉ាងទៀត នៅ​ពេល​ដែល​ទឹកកក​រលាយ​ពី​តំបន់​ប៉ូល ចាក់ចូល​មក​សមុទ្រ កាន់តែ​ច្រើន វា​ធ្វើ​ឲ្យ​​មានការ​ប្រែប្រួល​នៃ​ចរន្ត​ទឹកក្តៅ-ទឹកត្រជាក់ នៅ​មហាសមុទ្រ។ ការប្រែប្រួល​នេះ វា​អាច​​បង្ក​ទៅ​ជា​ព្យុះធំៗ ខុសរដូវ ខុស​កន្លែង​ប្រក្រតី។ រដូវ​ខ្លះ ដែល​កន្លង​មក ​មិន​ធ្លាប់​មាន​ព្យុះ ទៅ​ជា​មាន។ កន្លែង​ខ្លះ ដែល​មិន​ធ្លាប់​ជួប​នឹង​ព្យុះ ក៏​ជួប។

ទាំងនេះ​ជា​ផលវិបាក​ធំៗ ដែល​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ ហើយ​អ្នក​ដែល​រង​គ្រោះ​​ខ្លាំង​ជាង​គឺ ប្រជាជន​នៅ​តាម​បណ្តា​ប្រទេស​ក្រីក្រ ព្រោះថា ប្រទេស​ក្រីក្រ​អស់ទាំង​នេះ​ មិនមាន​លុយ ហើយ​ក៏​មាន​មាន​បច្ចេកវិទ្យា​ខ្ពស់ៗ​ ដូច​ជា​ប្រទេស​អ្នកមាន ដើម្បី​យក​មក​ទប់ទល់​នឹង​ផលវិបាក​អស់ទាំង​នេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ