អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

តើ​កងទ័ព​អាមេរិក​ត្រូវ​បន្ត​ស្ថិតនៅ​អាហ្វហ្កានីស្ថាន ក្រោយ​ឆ្នាំ ២០១៤?

តាមកាល​កំណត់ កងទ័ព​បរទេស​អង្គការ​អូតង់​នឹង​ត្រូវ​ដកចេញ​ឲ្យ​អស់​ពី​ទឹកដី​អាហ្វហ្កានីស្ថាន យ៉ាងយូរ​ដាច់ឆ្នាំ ២០១៤។ ប៉ុន្តែ ក្នុងហេតុផល​សន្តិសុខ រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​កំពុង​ស្វែងរក​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​អាច​ឲ្យ​ទាហាន​អាមេរិក​អាច​បន្ត​ស្ថិតនៅ ក្រោយ​ការដកទ័ព​បរទេស​ពី​អាហ្វហ្កានីស្ថាន។ ចាប់តាំង​ពី​ថ្ងៃ​ម្សិលមិញ សភា​អាហ្វហ្កានីស្ថាន​ត្រូវកោះប្រជុំ​ពិសេស ដើម្បី​ពិនិត្យ​លើ​សន្ធិសញ្ញា ដែល​រដ្ឋាភិបាល​ចង់ចុះ​ជាមួយ​អាមេរិក។

ប្រធានាធិបតី​អាហ្វហ្កានីស្ថាន លោក​អាមីដ កាហ្សៃ នៅក្នុង​ប្រជុំសភា Loya Jirga,កាលពីថ្ងៃ​ទី ២១​វិច្ឆិកា
ប្រធានាធិបតី​អាហ្វហ្កានីស្ថាន លោក​អាមីដ កាហ្សៃ នៅក្នុង​ប្រជុំសភា Loya Jirga,កាលពីថ្ងៃ​ទី ២១​វិច្ឆិកា REUTERS/Omar Sobhani
ផ្សាយពាណិជ្ជកម្ម

 

តើ​កងទ័ព​អាមេរិក​អាច​បន្ត​ស្ថិតនៅ​យ៉ាងម៉េច នៅក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន នៅក្រោយ​កាដកទ័ព​បរទេស ចេញ​ឲ្យ​អស់​ពីអាហ្វហ្កានីស្ថាន នៅ​ឆ្នាំ ២០១៤។ ទំាងនេះ​ជា​ចម្ងល់​ ដែល​សមាជិក​សភា​មក​ពី​គ្រប់​តំបន់​របស់​អាហ្វហ្កានីស្ថាន ចោទសួរ​ឡើង​នៅក្នុង​វេទិកា​ប្រជុំ​សភា ដែល​បើក​ធ្វើ​កាលពី​ថ្ងៃព្រហស្បតិ៍ ទី ២១​វិច្ឆិកា។

តាមគម្រោង កិច្ចប្រជុំ​សភា ដែល​នឹង​ប្រព្រឹត្ត​ធ្វើ​រហូត​​ដល់​ថ្ងៃអាទិត្យ សំដៅ​ពិភាក្សា និង​បោះឆ្នោត អនុម័ត​លើ​សន្ធិសញ្ញា​ទ្វេភាគី​ស្តីពី​សន្តិសុខ ដែល​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ចង់​ធ្វើ​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន។ ប្រសិន​បើ​សភា​អាហ្វហ្កានីស្ថាន​អនុម័ត​គាំទ្រ​សន្ធិសញ្ញា​ទ្វេភាគី នោះ កងទ័ព​អាមេរិកាំង​ប្រមាណ ១​៥០០០នាក់​នឹង​ត្រូវ​បន្ត​ស្ថិតនៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ ទិសដៅ​របស់ពួកគេ​គឺ ដើម្បី​បណ្តុះបណ្តាល​កងទ័ព​អាហ្វហ្កានីស្ថាន និង​ប្រយុទ្ធប្រឆាំង​អំពើភេរវកម្ម។ សន្ធិសញ្ញា​កម្រាស់​៣២​ទំព័រ​មាន​ចែង​ផងដែរ ពី​ចំនួន​មូលដ្ឋាន​ទ័ព លក្ខខណ្ឌ​នៃ​អន្តរាគមន៍​របស់​ទ័ព​អាមេរិក និង​ជំនួយ​ហិរញ្ញវត្ថុ​ដែល​អាមេរិក​សន្យា​ផ្តល់​ឲ្យ​អាហ្វហ្កានីស្ថាន ក្នុង​រយៈពេល​វែង។

តាម​អ្នកជំនាញ មាន​ចំណុច​ជាច្រើន នៅក្នុង​សន្ធិសញ្ញា ដែល​មិនបំពេញចិត្ត​អ្នកនយោបាយ​អាហ្វហ្កានីស្ថាន។ ទីមួយ គឺ​លក្ខខណ្ឌ​នៃការអន្តរាគមន៍​របស់​ទ័ពអាមេរិក នៅពេល​ដែល​កិច្ចព្រមព្រៀង​បាន​ចែង​ពី​សិទ្ធិ​របស់​ទាហាន​អាមេរិកាំង​ដើម្បី​ចូល​ឆែកឆេរ​តាមផ្ទះ​របស់​ប្រជាជន​អាហ្វហ្កានីស្ថាន។ ទីពីរទៀត ​រដ្ឋាភិបាល​អាមេរិក​បាន​ទាមទារ​អភ័យឯក​សិទ្ធិ​ឲ្យ​ទាហាន​របស់ខ្លួន ក្នុង​ករណី​មាន​បទល្មើស​ឧក្រិដ្ឋ មានន័យថា ទាហាន​អាមេរិកាំង​ដែល​ប្រព្រឹត្ត​កំហុស ឬ​ឧក្រិដ្ឋ​នៅ​អាហ្វហ្កានីស្ថាន នឹង​ត្រូវ​ជំនុំជម្រះ​ដោយ​តុលាការ​អាមេរិកាំង ប៉ុន្តែ មិនមែន​អាហ្វហា្កនីស្ថានទេ។

កាលពី​ថ្ងៃ​ម្សិលមិញ លោកប្រធានាធិបតី​អាហ្វហ្កានីស្ថាន ដែល​ត្រូវ​អស់​អាណត្តិ​នៅ​ខែ​មេសា​ឆ្នាំក្រោយ បាន​បញ្ជាក់​ម្តងហើយ ម្តងទៀត​ពី​សារៈសំខាន់​នៃ​វត្តមានទ័ព​អាមេរិក​នៅ​អាហ្វហ្កានីស្ថាន។ តាមអ្នកតាមដាន​នយោបាយ​អាហ្វហ្កានីស្ថាន វត្តមានយោធា​អាមេរិក ដើម្បី​រក្សា​សន្តិសុខ ប្រឈមនឹង​ការគំរាមកំហែង​របស់​ពួក​តាលីបង់ គឺជារឿងមួយ ប៉ុន្តែ គឺ​លុយដុល្លារ បៃតង សម្រាប់​សេដ្ឋកិច្ច​អាហ្វហ្កានីស្ថាន​ដែល​សំខាន់​ជាងអ្វីទាំងអស់។ លុយដុល្លារ​អាមេរិក​អាច​ជួយ​ធានា​ការបើកប្រាក់ខែ​សម្រាប់​កងទ័ព​អាហ្វហ្កានីស្ថាន​ប្រមាណ​៣សែននាក់។ គេ​បារម្ភថា ចំនួន​ទាហាន​អាហ្វហ្កានីស្ថាន​ដែល​រត់ចូល​ទៅក្រុមឧទ្ទាម មក​ប្រឆាំង​នឹង​រដ្ឋាភិបាល នឹង​អាច​នឹង​កើនឡើង នៅពេល​ដែល​ជីវភាព​របស់ពួកគេ​ជួបការខ្វះខាត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ