អានតួអត្ថបទ
ហុងកុង

សហព័ន្ធ​អ្នកកាសែត​អន្តរជាតិ៖​សេរីភាព​សារព័ត៌មាន​នៅ​ហុងកុង និង​ម៉ាកាវ​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ ២០១៥

នៅ​ថ្ងៃ​សៅរ៍ ទី៣០ មករា​នេះ សហព័ន្ធ​អ្នកកាសែត​អន្តរជាតិ​បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ ២០១៥ ស្តីពី​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​ចិន។ របាយការណ៍​បាន​កត់សម្គាល់​ឃើញ​ថា សេរីភាព​សារព័ត៌មាន​នៅ​ហុងកុង​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ ២០១៥ និង​បាន​ចង្អុល​ចំ​មុខ​ចិនដីគោក​ពី​បទ​បាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ត្រួតពិនិត្យ និង​ដាក់​គំនាប​លើ​បណ្តាញ​សារព័ត៌មាន​នៅ​ហុងកុង​ដែល​ជា​តំបន់​ពាក់កណ្តាល​ស្វយ័ត។

Logo សហព័ន្ធ​អ្នកកាសែត​អន្តរជាតិ
Logo សហព័ន្ធ​អ្នកកាសែត​អន្តរជាតិ
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​ប្រចាំ​ឆ្នាំ ២០១៥ របស់​សហព័ន្ធ​អ្នកកាសែត​អន្តរជាតិ​ស្តីពី​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​ចិន​បាន​ផ្តោត​សំខាន់​លើ​សេរីភាព​សារព័ត៌មាន​នៅ​ហុងកុង និង​ម៉ាកាវ​ដែល​ជា​តំបន់​ពិសេស​ពាក់កណ្តាល​ស្វយ័ត​របស់​ចិនដីគោក។ របាយការណ៍​បាន​បញ្ជាក់​ច្បាស់ៗ​ពី​ការ​ធ្លាក់​ចុះ​សេរីភាព​សារព័ត៌មាន​នៅ​ហុងកុង និង​ម៉ាកាវ​ក្នុង​ឆ្នាំ ២០១៥ កន្លង​ទៅ និង​បាន​បរិហារ​ចិន​ដីគោក​ពី​បទ​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ដាក់គំនាប ក៏​ដូច​ជា​ត្រួតពិនិត្យ​លើ​គ្រប់​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក ពិសេស​នៅ​ហុងកុង និង​ម៉ាកាវ។

របាយការណ៍​របស់​សហព័ន្ធ​អ្នកកាសែត​អន្តរជាតិ​បាន​ផ្សព្វផ្សាយ​ឡើង ចំ​ពេល​ដែល​មាន​ការ​បាត់​ខ្លួន​បុគ្គលិក​ចំនួន ៥នាក់​ដែល​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​បោះពុម្ព​សៀវភៅ​នៅ​ហុងកុង​ឈ្មោះ Mighty Current។ ការ​បាត់​ខ្លួន​មនុស្ស ទាំង​៥នាក់​ដ៏​អាទិ៍កំបាំង​នៅ​ហុងកុង​បាន​បំផុស​ឲ្យ​មាន​ក្តីរបារម្ភ​ជា​ពន់ពេក​នៅ​ក្នុង​ចំណោម​មហាជន​ហុងកុង​ទូទៅ ពិសេស​ខណៈ​មាន​ព័ត៌មាន​លេច​ឡើង​ថា មនុស្ស​ទាំង ៥នាក់​នោះ​ប្រហែល​ជា​កំពុង​ត្រូវ​បាន​រដ្ឋអំណាច​ចិនដីគោក​ឃុំឃំាង។

គួរ​ជម្រាប​ជូន​ថា ក្រុមហ៊ុន​បោះពុម្ព​សៀវភៅ​នៅ​ហុងកុង​ឈ្មោះ Mighty Current ល្បី​ខាង​បោះពុម្ព​សៀវភៅ​ដែល​មាន​ខ្លឹមសារ​វាយប្រហារ​រដ្ឋាភិបាល​ចិនដីគោក។ សព្វថ្ងៃ​នៅ​ហុងកុង រឿង​អាស្រូវ​មួយ​នេះ​បាន​បំផុស​ឲ្យ​មាន​ប្រតិកម្ម​ប្រឆាំង​ចិនដីគោក​ពី​បទ​រំលោភបំពាន​លើ​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​ដែល​ទីក្រុង​ប៉េកាំង​បាន​ចុះ​ហត្ថលេខា​ជាមួយ​ប្រទេស​អង់គ្លេស​ក្នុង​ឆ្នាំ ១៩៩៧។ យោង​តាម​កិច្ចព្រមព្រៀង ហុងកុង​ត្រូវ​បន្ត​រក្សា​លក្ខន្តិក​ដូច​ក្នុង​ជំនាន់​អាណានិគម​អង់គ្លេស​រយៈពេល ៥០ឆ្នាំ​ដោយ​គិត​ពី​ឆ្នាំ ១៩៩៧ ទាំង​របៀប​រស់នៅ​ក៏​ដូច​ជា​សិទ្ធិសេរីភាព។

តាម​របាយការណ៍​របស់​សហព័ន្ធ​អ្នកកាសែត​អន្តរជាតិ ព្រឹត្តិការណ៍​បាត់ខ្លួន​បុគ្គលិក ៥នាក់​នៅ​ក្រុមហ៊ុន​បោះពុម្ព​សៀវភៅ Mighty Current បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ហុងកុង​បារម្ភ​ពី​សន្តិសុខ​ផ្ទាល់​ខ្លួន និង​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ចោទ​ចិនដីគោក​ថា បាន​ប្រើ​អំណាច​សេដ្ឋកិច្ច​ដើម្បី​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​នៅ​ហុងកុង​មុន​ពេល​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី​ហុងកុង​នា​ឆ្នាំ ២០១៧ ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ