អានតួអត្ថបទ
ហុងកុង

ហុងកុង៖គណបក្ស​គាំទ្រ​ចិនដីគោក​ទទួល​បាន​ជោគជ័យ​ធំធេង​នា​ការ​បោះឆ្នោត​ឃុំ សង្កាត់

នៅ​ហុងកុង មាន​ពលរដ្ឋ​ហុងកុង​ជិត ៥០% បាន​ចូលរួម​បោះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ សង្កាត់​នា​ថ្ងៃ​អាទិត្យ ទី២២ វិច្ឆិកា។ នេះ​ជា​អត្រា​មួយ​ដ៏​ខ្ពស់​ដែល​មិន​ធ្លាប់​មាន​ទេ​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ សង្កាត់​នា​ពេល​កន្លង​មក។ ម្យ៉ាង​ទៀត នេះ​ក៏​ជា​ការ​បោះឆ្នោត​លើកទី១ បន្ទាប់​ពី​មាន​ការ​ងើប​បះបោរ​របស់​សកម្មជន​ប្រជាធិបតេយ្យ​នៃ​ចលនា​ឆ័ត្រ​កាល​ពី​រដូវ​លំហើយ​ឆ្នំា ២០១៤។ យ៉ាង​ណា​ក៏​ដោយ ជោគជ័យ​នៅ​តែ​ស្ថិត​ក្នុង​កណ្តាប់​ដៃ​របស់​គណបក្ស​មាន​ទំនោរ​រក​ចិន​ដីគោក​ដោយ​ទទួល​បាន​សម្លេង​គាំទ្រ​ជិត ៧០%។

ហុងកុង៖គណបក្ស​គាំទ្រ​ចិនដីគោក​ទទួល​បាន​ជោគជ័យ​ធំធេង​នា​ការ​បោះឆ្នោត​ឃុំ សង្កាត់
ហុងកុង៖គណបក្ស​គាំទ្រ​ចិនដីគោក​ទទួល​បាន​ជោគជ័យ​ធំធេង​នា​ការ​បោះឆ្នោត​ឃុំ សង្កាត់ REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោត​ឃុំ សង្កាត់​នៅ​ហុងកុង គឺ​ជា​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​គណៈកម្មាធិការ​តំបន់ ពោល​មាន​ន័យ​ស្មើ​នឹង​ការ​បោះឆ្នោត​ជ្រើសរើស​ទីប្រឹក្សា​ឃុំ សង្កាត់។ តែ​សម្រាប់​ពលរដ្ឋ​ហុងកុង​ទូទៅ ការ​បោះឆ្នោត​របៀប​នេះ​ក៏​សំខាន់​ដូច​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​ដែល​គ្រោង​រៀបចំ​នៅ​ឆ្នំា ២០១៧ ខាង​មុខ។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ នេះ​ជា​លើកទី១ ដែល​ការ​បោះឆ្នោត​ឃុំ សង្កាត់​បាន​រៀបចំ​ឡើង បន្ទាប់​ពី​មាន​ចលនា​ងើបបះបោរ​របស់​ក្រុម​សកម្មជន​​ប្រជាធិបតេយ្យ​​នៃ​ចលនា​ឆ័ត្រ​កាល​ពី​រដូវ​លំហើយ​ឆ្នាំ ២០១៤។

តែ​យ៉ាង​ណា​ក៏​ដោយ លទ្ធផល​ផ្លូវការ​ចេញ​ផ្សាយ​ថ្ងៃ​នេះ​ឲ្យ​ដឹង​ថា គណបក្ស​សម្ព័ន្ធប្រជាធិបតេយ្យ​ដើម្បី​សុវឌ្ឍិកម្ម និង​ការ​ចម្រើន​ដែល​ជា​គណបក្ស​មាន​ទំនោរ​រក​ចិនដីគោក​បាន​ទទួល​ជោគជ័យ​យ៉ាង​ធំធេង​ប្រឈម​នឹង​គណបក្ស​ប្រជាធិបតេយ្យ។ ក៏​ប៉ុន្តែ គណបក្ស​ប្រជាធិបតេយ្យ​ហាក់​ដូច​ជា​មិន​សូវ​ភ្ញាក់ផ្អើល​នឹង​លទ្ធផល​នេះ​ប៉ុន្មាន​ទេ ព្រោះ​ជា​ទូទៅ គណបក្ស​គាំទ្រ​ចិន​ដីគោក​មាន​សមត្ថភាព និង​លទ្ធភាព​ច្រើន​ជាង​គណបក្ស​ប្រជាធិបតេយ្យ​ឆ្ងាយ​ណាស់​សម្រាប់​ការ​បោះឆ្នោត​ឃុំ សង្កាត់។ ឧទាហរណ៍​ជាក់ស្តែង បេក្ខជន​របស់​បក្ស​កាន់​អំណាច​បាន​ចុះ​ធ្វើ​យុទ្ធនាការ​ដោយ​នំា​យក​ទៅ​ជាមួយ​នូវ​កាដូ និង​ជំនួយ​ផ្សេងៗ​សម្រាប់​ពលរដ្ឋ​ដល់​លំនៅដ្ឋាន​តែ​ម្តង។

អ្នកបោះឆ្នោត​មាន​វ័យ​ចំណាស់​ខ្លះ​ថែម​ទំាង​បាន​សារភាព​ត្រង់ៗ​ថា ពួក​គេ​បាន​បោះឆ្នោត​តាម​ការ​បង្គាប់​របស់​មន្រ្តី​ស្រុក។ នេះ​ពិត​ជា​ទង្វើ​មួយ​ដែល​បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រឆំាង​ចិនដីគោក​មិន​សប្បាយ​ចិត្ត​សោះ​ឡើយ។ ១ឆ្នំា​ក្រោយ​ព្រឹត្តិការណ៍​ងើប​បះបោរ​របស់​មហាជន​ហុងកុង​នៃ​ចលនា​ឆ័ត្រ​មក កំហឹង​ប្រឆាំង​នឹង​នយោបាយ​ចិនដីគោក​នៅ​តែ​មិន​ទាន់​អាច​ផ្តល់​ជោគជ័យ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​តាម​រយៈ​កា​បោះឆ្នោត​ឃុំ សង្កាត់​នា​ពេល​នេះ​ទេ។ តែ​គេ​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ពី​ការ​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ហុងកុង​ជា​បណ្តើរៗ​របស់​សកម្មជន​នៃ​ចលនា​ឆ័ត្រ។ ក្តីសង្ឃឹម​របស់​ពួក​គេ គឺ​ប្តូរ​រូបភាព​នយោបាយ​ហុងកុង​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​នា​ឆ្នំា ២០១៧​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ