អានតួអត្ថបទ
ភូមា

សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​នៅតែ​ខ្ទាស់​ហាម​មិន​ឲ្យ​លោកស្រី​អ៊ុងសាន ស៊ូជី​​អាច​​ក្លាយ​ជា​ប្រធានាធិបតី

រដ្ឋាភិបាល​ភូមា​បន្ទន់​ជំហរ ដោយ​សុខចិត្ត​យល់ព្រម​ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​ទៅតាម​ការទាមទារ​របស់​បក្ស​ប្រឆាំង។ កាលពី​ថ្ងៃ ព្រហស្បតិ៍ រដ្ឋាភិបាល​ចេញផ្សាយ​ជា​សាធារណៈ សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​ត្រូវ​បាន​ដាក់​ឲ្យ​សភា ពិភាក្សា កាល​ពី​ថ្ងៃ​ពុធ ទី ១០​មិថុនា។ ជាមួយ​នឹង​រដ្ឋធម្មនុញ្ញ​ថ្មី ក្រុមយោធា ភូមា នឹងត្រូវ​កាត់បន្ថយ​សំឡេង និង​គ្មាន​សិទ្ធិ​ធ្វើ​វេតូ​នៅ​សភា​តទៅទៀត។ ប៉ុន្តែ យ៉ាងណាក៏​ដោយ​គណបក្ស​ប្រឆាំង​សំខាន់​របស់​ភូមា គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ នៅតែ​រិះគន់ និងចាត់ទុក ការធ្វើ​ទម្រង់​របស់​រដ្ឋអំណាច​ភូមាថា នៅទាន់​មិនគ្រប់គ្រាន់។ 

លោកស្រី​អ៊ុងសាន ស៊ូជី ជួប​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​ចិន នៅថ្ងៃ​ព្រហស្បតិ៍ទី ១១​មិថុនា ឆ្នាំ ២០១៥
លោកស្រី​អ៊ុងសាន ស៊ូជី ជួប​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​ចិន នៅថ្ងៃ​ព្រហស្បតិ៍ទី ១១​មិថុនា ឆ្នាំ ២០១៥ ©REUTERS/China Daily
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ​ដែល​គេ​ទន្ទឹង​រង់ចាំ​ជាយូរ​មកហើយ ត្រូវ​បាន​ចេញផ្សាយ​ជា​សាធារណៈ កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅក្នុង​កាសែត​រដ្ឋភូមា The Mirror។ ចំនុចវិជ្ជមាន​នៃ​សេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ គឺ​ការបិទ​បញ្ចប់​សិទ្ធិ​ធ្វើ​វេតូ​របស់​យោធា នៅក្នុង​រដ្ឋសភា តទៅទៀត ចំណែក​បុគ្គល​ដែល​មាន​កូនចៅ រៀបការ​ជាមួយ​ជនបរទេស ក៏​នឹង​ត្រូវ​គេលែង​ហាមឃាត់ ក្នុងរឿង​ឈរ​ឈ្មោះ ជា​ប្រធានាធិបតី​ភូមា។

 
នៅភូមា នៅក្រោយ​របបសឹក​រំលាយ​ខ្លួន និង​បង្កើត​រដ្ឋាភិបាល​ស៊ីវិល ក្រុមយោធា​នៅ​តែ​ដើរតួសំខាន់ និងកាន់កាប់ ដោយ​ស្វ័យប្រវត្តិ សំឡេង ២៥ភាគរយ​នៅ​សភា។ តាម​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន ដើម្បី​ធ្វើ​វិសោធនកម្ម កែប្រែរដ្ឋធម្មនុញ្ញ គេ​ត្រូវការ​សំលេង​យ៉ាងតិច ៧៥ភាគរយ​នៅ​សភា។ លក្ខខណ្ឌនេះ​បាន​បើក​ដៃ​ឲ្យ​យោធា​ភូមា​មាន​សិទ្ធិ​ធ្វើ​វេតូ។ ប៉ុន្តែ សេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​បានតម្រូវ​ឲ្យ​មាន​ត្រឹមតែ​សំឡេង​៧០ភាគរយ​ប៉ុណ្ណោះ ពោល​គឺ​អំណើះតទៅ គណបក្ស​ប្រឆាំង នឹង​អាច​មាន​ក្តីសង្ឃឹម មាន​លទ្ធភាព ទាមទារ​ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ ដោយ​គ្មាន​យោធា ខ្ទាស់ជើង ជាស្វ័យប្រវត្តិ។

យ៉ាងណាក៏ដោយ នៅក្រោយ​ការចុះផ្សាយ របស់​កាសែត​រដ្ឋភូមា គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដែល​ជា​គណបក្ស​ប្រឆាំង សំខាន់​នៅ​ភូមា នៅ​តែ​សំដែង​ការខកចិត្ត ព្រោះ​ថា វិសោធនកម្ម រដ្ឋធម្មនុញ្ញ នៅ​ទីបំផុត​ទៅ មិន​បាន​និយាយ​ពី​ករណី​មេដឹកនាំ​របស់ពួកគេ គឺ​លោកស្រី​អ៊ុងសាន ស៊ូជី​ទេ។ ជារួម លោកស្រី មេបក្ស​ប្រឆាំង នៅ​តែ​ត្រូវ​គេ​ហាមឃាត់ មិន​ឲ្យ​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​ភូមា បើទោះលោកស្រី​ឈ្នះឆ្នោត នោះក៏ព្រោះថា លោកស្រី មាន​ស្វាមី និង​កូន​ជា​ជនបរទេស។

តាំងពីថ្ងៃ​ពុធ លោកស្រី​មេបក្ស​ប្រឆាំង​ភូមា បាន​ផ្តើម​ទស្សនកិច្ច​ផ្លូវរដ្ឋ ជាប្រវត្តិសាស្រ្ត នៅ​ប្រទេស​ចិន ទៅតាមការអញ្ជើញ​របស់​បក្ស​កុម្មុយនិស្ត​ចិន។ នៅថ្ងៃ​ព្រហស្បតិ៍​លោកស្រី​បានជួប​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ដែល​បាននិយាយ​ត្រង់ៗថា តាមរយៈ​ទស្សនកិច្ច​លើកនេះ លោកស្រី​អ៊ុងសាន ស៊ូជី នឹង​ស្គាល់​បាន​ស៊ីជម្រៅ​ប្រទេស និង​បក្ស​កុម្មុយនិស្ត​ចិន។ “ខ្ញុំសង្ឃឹមថា លោកស្រី និង​គណបក្ស​របស់លោកស្រី នឹង​បន្ត​ដើរតួនាទី​សំខាន់ ក្នុងការកសាង និង​ដឹកនាំ​ប្រជាជន​ភូមា”។ នេះជាអ្វី​ដែលលោក​ប្រធានាធិបតី​ចិន ថ្លែង​ទៅកាន់​មេបក្ស​ប្រឆាំង​ភូមា។ គណបក្ស​ប្រឆាំង​របស់​លោកស្រី​អ៊ុងសាន ស៊ូជី​ត្រូវ​គេ​ព្យាករ​ថា នឹង​អាច​ឈ្នះឆ្នោត ច្រើន នៅថ្ងៃ​បោះឆ្នោតនា​ខែ​វិច្ឆិកា​ខាងមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ