អានតួអត្ថបទ
ភូមា

សភាភូមា​បដិសេធ​មិន​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅមុនការបោះឆ្នោត ឆ្នាំ២០១៥

ច្បាស់​ដោយ​គ្មាន​ស្រពិចស្រពិល លោកស្រី​អ៊ុងសាន ស៊ូជី ប្រមុខដឹកនាំ​បក្ស​ប្រឆាំង​ភូមា នឹង​មិន​អាច​ក្លាយ​ជា​ប្រធានាធិបតី​ភូមា បើសិន​ជា​គណបក្ស​របស់លោកស្រីឈ្នះ​ឆ្នោត នៅ​ឆ្នាំក្រោយ។ កាលពីថ្ងៃ​អង្គារ ទី ១៨ វិច្ឆិកា ប្រធានសភា​ភូមា បានបញ្ជាក់​​ប្រាប់អ្នកកាសែតថា សភា​នឹង​មិនអាច​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ នៅ​មុន​ការបោះឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៥​ទេ។ គណបក្ស​ប្រឆាំង​បាន​ទាមទារ​ឲ្យ​សភា និង​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​គេ​វាយ​តម្លៃ​ថា ជារនាំង​ ឧបសគ្គ ​មិន​ឲ្យ​លោកស្រី​ជ័យលាភី​ណូបែល​សន្តិភាពអាច​​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី។ 

អគារ​រដ្ឋបាល រួម​ទាំង​សភា​ភូមា នៅទីក្រុង​ណៃពីដោរ
អគារ​រដ្ឋបាល រួម​ទាំង​សភា​ភូមា នៅទីក្រុង​ណៃពីដោរ ©REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​មុន​ពេល​បោះឆ្នោត​ជាតិ នៅឆ្នាំ ក្រោយ គឺ​ជា​រឿង​ដែល​មិន​អាច​ទៅរួច។ នេះ​បើតាម​ការប្រកាស​របស់​លោក​ស្វេ ម៉ាន់ ប្រធាន​រដ្ឋសភា​ភូមា កាលពីថ្ងៃ​អង្គារ។

 
ការសម្រេច​របស់​សភា​ ​ដែល​បក្ស​ប្រឆាំង​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសារ​ បាន​បិទបញ្ចប់​ក្តីសង្ឃឹម​របស់​លោកស្រី​អ៊ុងសាន ស៊ូជី មេបក្ស​ប្រឆាំង​ភូមា ដែល​ប្រាថ្នា​ចង់​ក្លាយ​ជា​ប្រធានាធិបតី​ភូមា ក្នុង​ករណី​គណបក្ស​របស់​លោកស្រី ឈ្នះឆ្នោត នៅឆ្នាំ​២០១៥។

ប្រធាន​សភា​បាន​បញ្ជាក់​ដំណឹង​នេះ​ទៅ​អ្នកកាសែត បន្ទាប់ពី​មាន​ការចាក់ផ្សាយ​តាម​ទូរទស្សន៍ នូវ​​កិច្ចប្រជុំ​ពេញអង្គមួយ​​របស់​រដ្ឋសភា កាលពី​ថ្ងៃ​អង្គារ​។ នៅក្នុង​កិច្ចប្រជុំ​សភា ដែល​បើក​ធ្វើ​តាំងពីថ្ងៃ​ចន្ទ យោភា​ភូមា​ដែលកាន់កាប់​​​អាសនៈ​ចំនួន ២៥ភាគរយ​នៃ​រដ្ឋសភា បានចេញ​មុខ​ប្រឆាំង​ មិន​ឲ្យ​សភា​បោះឆ្នោត​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។ ​វរសេនីយឯក​ តៃ ណាំង សមាជិក​​​យោធា ដែល​មាន​ឥទ្ធិពល​ជាងគេនៅ​សភា បាន​ឡើង​និយាយថា វា​នឹង​ជារឿង​គួរ​ឲ្យ​ព្រួយបារម្ភ ​សម្រាប់​អនាគត​ប្រជាជន​ភូមា ប្រសិន​បើ​កូន​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់ពួកគេ ជា​ជនបរទេស។

លោកស្រី​អ៊ុងសាន ស៊ូជី​ដែល​រៀបការ​ជាមួយ​ជនជាតិ​អង់គ្លេស (ទទួល​មរណភាព​រួច​ហើយ) មាន​កូន​ប្រុស​ពីរនាក់​ដែល​កាន់​លិខិត​ឆ្លងដែន​អង់គ្លេស។ គណបក្ស​ប្រឆាំង​ធ្លាប់​មាន​ក្តីសង្ឃឹម​ កាលពី​ខែ​តុលា នៅពេល​ដែល​រដ្ឋាភិបាលសន្យា​ថា សភា​នឹង​ពិភាក្សា​ពី​ការកែប្រែ​រដ្ឋធម្មនុញ្ញ។ តាម​ប្រធាន​សភា​ភូមា បើទោះបី​ជា​គេ​មិន​ធ្វើ​វិសោធនកម្ម ​នៅមុន​ឆ្នាំ ២០១៥ ប៉ុន្តែ ការបោះឆ្នោត​ប្រជាមតិដើម្បី​ទាមទារ​ឲ្យ​មាន​​វិសោធនកម្ម​​រដ្ឋធម្មនុញ្ញ​ អាច​នឹង​ធ្វើ​ឡើង នៅ​ខែ​ឧសភា ឆ្នាំ ២០១៥ គឺ​នៅមុន​ការបោះឆ្នោតជាតិ ​ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​ នៅ​ចុងខែ​តុលា ឬ ដើម​ខែ​វិច្ឆិកា ឆ្នាំក្រោយ។

ការបដិសេធ​មិនកែប្រែ​រដ្ឋធម្មនុញ្ញ​របស់សភា​ភូមា ធ្វើ​ឡើង​នៅតែ​ប៉ុន្មាន​ថ្ងៃ​ក្រោយជំនួប​រវាង​លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ជាមួយលោកថេន សេន ប្រធានាធិបតី​ភូមា។ នៅក្នុង​ជំនួប​ជាមួយ​លោកស្រី​អ៊ុងសាន ស៊ូជី លោកអូបាម៉ា​បាន​ទាមទារ​ឲ្យ​មាន​ការបោះ​ឆ្នោត ដោយ​សេរី និង​ស្មើភាព។ លោកស្រី​ មេបក្ស​ប្រឆាំងវិញ បាន​រិះគន់​ដោយ​ចំហ​រដ្ឋធម្មនុញ្ញ​ភូមា ដែល​លោកស្រី​ចាត់ទុកថា មិន​យុត្តិធម៌ និង​គ្មាន​លក្ខណៈ​ប្រជាធិបតេយ្យ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ