អានតួអត្ថបទ
ថៃ

ថៃ៖របបសឹក​បាន​សម្រេច​លើក​ថ្ងៃ​បោះឆ្នោត​សភា​នៅ​ក្រោយ​ខែ​មិថុនា ឆ្នំា ២០១៧

នៅ​ក្នុង​ប្រទេស​ថៃ របបសឹក​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី១៦ កញ្ញា​ពី​ការ​លើក​ថ្ងៃ​បោះឆ្នោត​សភា។ ការ​រៀបចំ​បោះឆ្នោត​សភា​នៅ​ពេល​ខាង​មុខ​ដែល​មិន​អាច​ធ្វើ​ឡើង​នៅ​មុន​ខែ​មិថុនា ឆ្នំា ២០១៧ បាន​ទេ។ គួរ​រម្លឹក​ជូន​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​រដ្ឋប្រហារ​កាល​ពី​ជាង ១៥ខែ​មុន របបសឹក​ដឹកនំា​ដោយ​លោក​ប្រាយុទ្ធ ចាន់អូចា​បាន​សន្យា​ថា ការ​រៀបចំ​បោះឆ្នោត​សភា​នឹង​ត្រូវ​ធ្វើ​ឡើង​យ៉ាង​យូរ​បំផុត ១៨ខែ​ក្រោយ​ថ្ងៃ​រដ្ឋប្រហារ។ តែ​នៅ​ពេល​ថ្ងៃ​កំណត់​កាន់​តែ​ខិត​ជិត​មក​ដល់ របបសឹក​តែងតែ​បាន​លើក​ពេល​ជា​បន្ត​បន្ទាប់។

លោក​ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី​ថៃ
លោក​ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី​ថៃ REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​ក្រុមឧត្តមសនីយ​បាន​សន្យា​ពេញ​មាត់​ជា​ផ្លូវការ​តំាង​ពី​ក្រោយ​ថ្ងៃ​រដ្ឋប្រហារ​ជាង ១ឆ្នំា​កន្លង​ទៅ​នោះ​គឺ​ថា ពួក​គេ​នឹង​ប្រគល់​អំណាច​ទៅ​ឲ្យ​ស៊ីវិល​កាន់កាប់​វិញ​តាម​រយៈ​ការ​រៀបចំ​បោះឆ្នោត​នៅ ១ឆ្នំា​កន្លះ​ក្រោយ​ថ្ងៃ​រដ្ឋប្រហារ មាន​ន័យ​ថា នៅ​ប៉ុន្មាន​ខែ​ទៀត​ខាង​មុខ។ ការ​លើក​ឡើង​របស់​ក្រុម​ឧត្តមសេនីយ​ដូច​នេះ​ដោយ​គេ​សំអាង​លើ​ការ​ចំណាយ​ពេល​ដើម្បី​រៀបចំ​តាក់តែង​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី។ តែ​នៅ​ពេល​ថ្ងៃ​កំណត់​កាន់​តែ​ខិត​ចូល​ជិត​មក​ដល់ របបសឹក​ដឹកនំា​ដោយ​លោក​ប្រាយុទ្ធ ចាន់អូចា​តែងតែ​បាន​លើក​ពេល​ម្តង​ជា​ពីរ​ដង។ នៅ​ដើម​ខែ​កញ្ញា​នេះ ក្រុមប្រឹក្សា​កំណែទម្រង់​ដែល​បង្កើត​ឡើង​ដោយ​របបសឹក​បាន​ប្រកាស​ច្រាន​ចោល​សេចក្តីព្រាង​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី។

គឺ​ទង្វើ​របស់​ក្រុមប្រឹក្សា​កំណែទម្រង់​នេះ​ហើយ​ដែល​របបសឹក​បាន​យក​ទៅ​ធ្វើ​ជា​ហេតុផល​ក្នុង​ការ​លើក​ពេល​រៀបចំ​បោះឆ្នោត​សភា។ នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្រ្តីការទូត​បរទេស​ក្នុង​ទីក្រុង​បាងកក​នា​ថ្ងៃ​ពុធ ទី១៦ កញ្ញា លោក​ឧបនាយករដ្ឋមន្រ្តី​ថៃ​វីសានុ គ្រាងាម​បាន​ថ្លែង​ថា ការ​រៀបចំ​តាក់តែង​ច្បាប់​រដ្ឋធម្មនុញ​ជា​ថ្មី​នឹង​ត្រូវ​ប្រើ​ពេល​យ៉ាង​តិច​បំផុត ២០ខែ និង​ថា លោក​សង្ឃឹម​នឹង​អាច​រៀបចំ​បោះឆ្នោត​សភា​នៅ​ក្នុង​ខែ​មិថុនា ឆ្នំា ២០១៧ ឬ​មួយ​ក៏​ក្រោយ​នេះ​បន្តិច ហើយ ១ខែ​ក្រោយ​ការ​បោះឆ្នោត ថៃ​នឹង​មាន​រដ្ឋាភិបាល​ថ្មី​ដឹកនំា​ដោយ​ស៊ីវិល។ ចំណែក​លោក​រដ្ឋមន្រ្តី​ការបរទេស​បាន​បន្ថែម​ថា លោក​នាយករដ្ឋមន្រ្តី​ក៏​មិន​ចង់​បន្ត​កាន់​អំណាច​យូរ​ដែរ។

 
គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​នឹង​មាន​ការ​ប្រកាស​លើក​ពេល​បោះឆ្នោត​ជា​ថ្មី​ឬ​អត់​ទេ។ តែ​បើ​របបសឹក​គោរព​តាម​អ្វី​ដែល​ខ្លួន​ទើប​បាន​សន្យា​ជា​ថ្មី​ថា​នឹង​រៀបចំ​បោះឆ្នោត​នៅ​ក្នុង​ខែ​មិថុនា ឆ្នំា ២០១៧ មែន​នោះ នោះ​មាន​ន័យ​ថា របបសឹក​បាន​កាន់​អំណាច​រយៈពេល ៣ឆ្នំា​ដែល​ជា​រយៈពេល​យូរ​បំផុត​មិន​ធ្លាប់​មាន​ទេ​គិត​តំាង​ពី​ឆ្នំា ១៩៦៩។

របបសឹក​ធ្លាប់​បាន​ធានា​ថា វត្តមាន​រដ្ឋធម្មនុញ្ញ​ថ្មី​ជា​រឿង​មួយ​មិន​អាច​ខ្វះ​បាន​សម្រាប់​ផ្សះផ្សារ​សង្គម​ថៃ​ដែល​កំពុង​បែកបាក់។ សូម​ជម្រាប​ជូន​ថា ការ​ប្រកាស​លើក​ពេល​បោះឆ្នោត​ជា​ថ្មី​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ស្ថានភាព​សិទ្ធិមនុស្ស​កាន់​តែ​ធ្លាក់​ដុនដាប និង​ចំ​ពេល​ដែល​ក្តីបារម្ភ​កំពុង​បន្ត​កើត​មាន​ជុំវិញ​ស្ថានភាព​សុខភាព​របស់​ព្រះមហាក្សត្រ​ព្រះចៅ​ភូមិវិបុល អាឌូយ៉ាដេត​ដែល​កំពុង​សម្រាក​ព្យាបាល​ជម្ងឺ​ក្នុង​មន្ទីរពេទ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ