អានតួអត្ថបទ

សភា​ថៃ​ច្រាន​ចោល​គម្រោង​រដ្ឋធម្មនុញ្ញ ការ​បោះឆ្នោត​អាច​នឹង​ត្រូវ​លើក​ពេល​ទៀត

គម្រោង​កំណែទម្រង់​រដ្ឋធម្មនុញ្ញ របស់​​រដ្ឋាភិបាល​សឹក​​កំពុង​កាន់​អំណាច ត្រូវ​បាន​សភា​ដែលរបប​សឹក​ខ្លួន​ឯង​ជា​អ្នក​ចាត់​តាំង​ឡើង​សោះ ច្រាន​ចោល​នៅ​ថ្ងៃ​អាទិត្យនេះ។ ដំណើរការ​កំណែទម្រង់ ត្រូវ​វិល​មក​ចំណុច​ចាប់​ផ្តើម​វិញ​ជា​ថ្មី ! គឺ​ជា​បរាជ័យ​ដ៏​ជូរចត់​សម្រាប់​របប​​សឹក ប៉ុន្តែការ​ច្រាន​ចោល​បែប​នេះ​អាច​​ជា​ប្រការ​ល្អ​សម្រាប់​រដ្ឋាភិបាល​ ក្នុង​ការ​រក្សា​អំណាច​ឱ្យ​បាន​កាន់​តែ​យូរ និង​មាន​លេស​គ្រប់​គ្រាន់​សម្រាប់​ពន្យារ​ពេល​បោះឆ្នោត។

ក្រុមប្រឹក្សា​កំណែទម្រង់​ជាតិ​ថៃ​បានច្រាន​ចោល​គម្រោង​ច្បាប់រដ្ឋធម្មនុញ្ញ​ស្នើ​ឡើង​ដោយ​របប​សឹក​
ក្រុមប្រឹក្សា​កំណែទម្រង់​ជាតិ​ថៃ​បានច្រាន​ចោល​គម្រោង​ច្បាប់រដ្ឋធម្មនុញ្ញ​ស្នើ​ឡើង​ដោយ​របប​សឹក​ © Reuters
ផ្សាយពាណិជ្ជកម្ម

គម្រោង​ច្បាប់​រដ្ឋធម្មនុញ្ញ​ជាមូលដ្ឋាន​គ្រឹះ​ជាតិ​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល​សឹក​ថៃ​នេះ គឺ​ជា​គម្រោង​ច្បាប់​ទី​២០​ហើយ បើ​គិត​ចាប់​ពី​របប​រាជានិយម​ផ្តាច់ការ​ថៃ​បាន​រលំរលាយ​​ទៅ​នៅ​ឆ្នាំ​១៩៣២​មក។ តែ​នៅ​ក្នុង​ចំណោម​សមាជិក​ទាំង​២៤០​នាក់ មាន​ដល់​ទៅ​១៣៥​សំឡេង​​បាន​បដិសេធ​ ទល់​នឹង ​១០៥សំឡេង​គាំទ្រ​ ប៉ុណ្ណោះ បើ​ទោះ​បី​ជា​របប​សឹក និង​ក្រុម​ឧត្តមសេនីយ៍​កំពូលៗ បាន​ប្រើ​គ្រប់​មធ្យោបាយ​ គ្រប់ល្បិច​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ច្បាប់​នេះ​អាច​ចេញ​រួច​​ក៏​ដោយ។ របប​សឹក​បាន​ប្រើ​មធ្យោបាយ​ក្តៅ​ដែល​ពេល​ខ្លះ​ជ្រុល​ហួស​ហេតុ រហូត​ដល់​ត្រួតពិនិត្យ​​យ៉ាង​តឹង​តែង​ការ​តស៊ូ​មតិ​ជា​សាធារណៈផង។

 
ប៉ុន្តែ​គម្រោង​ច្បាប់​នេះ បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ស្ទើរ​គ្រប់​ស្រទាប់​នយោបាយ​ទាំង​អស់ មិនមែន​តែ​​​បក្ស​ប្រឆាំងមួយ​ប៉ុណ្ណោះ​ទេ។ បើ​តាម​គម្រោង​ច្បាប់ អំណាច​របស់​រដ្ឋាភិបាល​ជាប់​ឆ្នោត​នឹង​រួម​តូច ដោយ​បង្កើត​ឱ្យ​មាន​ក្រុមប្រឹក្សា​ តែង​តាំង​ឈ្មោះ​រួច​ជា​ស្រេច​ដែល​អាច​ក្តាប់​អំណាច​បាន​ភ្លាម ក្នុង​ពេល​ប្រទេស​មាន​វិបត្តិ។ គណៈកម្មការ​ដែល​មាន​សមាជិក​២២​រូប ជា​មេ​ទាហាន ជា​មេប៉ូលិស ... អាច​ចូល​ធ្វើ​អន្តរាគមន៍​ដឹកនាំ​ប្រទេស​ បាន​គ្រប់​ពេល​វេលា​ សម្រាប់​រយៈ​ពេល​៥​ឆ្នាំ គិត​ចាប់ពី​ច្បាប់​នេះ​អនុម័ត​រួច។ ​គឺ​ត្រង់​ចំណុច​មាត្រា​នេះ​ហើយ ដែល​សមាជិក​សភា​ភាគ​ច្រើន​មិន​ពេញ​ចិត្ត! ចំណែក​ខាង​បក្ស​ប្រឆាំង​វិញ ដូច​យើង​បាន​ធ្លាប់​ឮ​មក​ជា​រឿយៗ គម្រោង​កំណែទម្រង់​ច្បាប់​រដ្ឋធម្មនុញ្ញ​នេះ គ្រាន់​តែ​ជា​មធ្យោបាយ​ផ្តល់​អំណាច​ឱ្យ​របប​សឹក និង​ជា​រនាំង​រាំង​ស្ទះ​ការ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ថៃ​ឡើង​វិញ​តែ​ប៉ុណ្ណោះ។

អន្តរកាល​នយោបាយ​ អូស​បន្លាយ​ ថែម​៨​ខែទៀត

 
ពេលនេះ​អ្វីៗ​ហាក់​ដូច​ជា​ត្រូវ​ចាប់​ផ្តើម​ពី​ចំណុច​សូន្យ​ឡើង​វិញ​អញ្ចឹង។ អន្តរកាល​នយោបាយ​ត្រូវ​ពន្យារ​ពេល​​បន្ត​ទៅ​ទៀត​យ៉ាង​ហោច​ណាស់ ក៏​៨​ខែ​បន្ថែម​ទៀត​ដែរ។

របប​សឹក​ដែល​ដឹកនាំ​ដោយ​លោក​ប្រាយុទ្ធ​ ចាន់​អូចា ដែល​បាន​ឡើង​កាន់​អំណាច​ក្រោយ​រដ្ឋប្រហារ​កាលពី​ខែ​ឧសភា ២០១៤​មក តែង​បាន​សន្យា​ផ្តល់​សន្ទុះ​ថ្មី​ដល់​ប្រទេស​ តាម​រយៈ​ការ​តាក់តែង​រដ្ឋធម្មនុញ្ញថ្មី​ ដ៏​ចាំ​បាច់ សម្រាប់​ខិត​ឱ្យ​បាន​កាន់​តែ​ជិត​ជាមួយ​ពលរដ្ឋ​ថៃ មុន​នឹង​បោះឆ្នោត។ ព្រោះ​សូម​បញ្ជាក់​ជា​ថ្មី ថាក្នុង​ប្រវត្តិ​ប្រទេស​ថៃ រាល់​ការ​បោះឆ្នោត​​តែង​ផ្តល់​ជ័យ​ជំនះ​ដល់​បក្ស​ប្រឆាំង បក្ស​ប្រជាធិបតេយ្យ​និយម​របស់​គ្រួសារ​ត្រកូល​ថាក់ស៊ីន ស៊ីណាវ៉ាត់ និង​បក្ស​អភិរក្ស​និយម និង​ក្រុមស្និទ្ធ​នឹង​រាជវង្ស​មិន​ដែល​ស្គាល់​ជ័យ​ជំនះ​តាម​សន្លឹក​ឆ្នោត​ទេ។ ​

តែ​ជា​ចៃដន្យ​គម្រោង​ច្បាប់ដែល​មាន​ធានា​អំណាច​យោធា​​និង​ប៉ូលិស ​ត្រូវ​បាន​ច្រាន​ចោលដោយ​ ​ក្រុមប្រឹក្សា​កំណែទម្រង់​ជាតិ។ ជា​ផលវិបាក គេ​ត្រូវ​ផ្តើម​ដំណើរការ​​តាក់តែង​អត្ថបទ​​ច្បាប់​ថ្មី។ របប​សឹក​មាន​ពេល​មួយ​ខែ​សម្រាប់​ បង្កើត​គណៈកម្មការ​តាក់តែង​គម្រោង​ច្បាប់​ថ្មី​។ ហើយ​គណៈកម្មការ​នេះ​មាន​ពេល​១៨០​ថ្ងៃ សម្រាប់សរសេរ​​តែង​ជា​ច្បាប់ ដែល​នឹង​ត្រូវ​បន្ទាប់​មក​ឆ្លង​កាត់​ការធ្វើ​ប្រជាមតិ​។ ដូច្នេះ​ការ​បោះឆ្នោត​នឹង​ត្រូវ​ ដោយ​ចៀស​មិន​រួច​ លើក​ពេល​យ៉ាង​ហោច ពី​៦ ទៅ​៧​ខែ។

ហើយ​បើ​មិន​ទាន់​មាន​ការ​បោះឆ្នោត បរាជ័យ​នេះ​ថ្វី​បើ​ជា​បាក់​មុខ​បន្តិច​មែន  ​របប​សឹក​នៅ​អាច​អង្គុយ​ពី​លើ​បាន​ ព្រម​ទាំង​អាច​​បំពេញ​ចំណង់​​ ដែល​មាន​កប់​ក្នុង​ចិត្ត កាន់​អំណាច​បន្ត​ទៀត បាន​រហូត​យ៉ាង​ហោច​ណាស់​ក៏​បាន​ទល់​នឹង​ឆ្នាំ​២០១៧​ដែរ​។ ម្យ៉ាង​វិញ​ទៀត ​បរិបទមិន​ជាក់លាក់​ក្នុង​រាជវាំង ដោយ​ស្ថានភាព​សុខភាព ​​របស់​ព្រះរាជា​ភូមិបុល​ ព្រះជន្ម​៨៧​វស្សា ដុនដាប​ខ្លាំងគួរ​ឱ្យ​បារម្ភ របប​សឹក​មាន​លេស​គ្រប់​យ៉ាង​នឹង​ប្រើ​ទម្ងន់​ដៃ​សឹក​ គ្រប់គ្រង​ប្រទេស។

យើង​មិន​ដឹងថា​តើ​ក្រុម​ឧត្តមសេនីយ៍​ជា​មេដឹកនាំ​ថៃ​ មាន​ប្រតិកម្ម​យ៉ាងណា​ទេ ចំពោះ​ឆ្នោត​អវិជ្ជមាន​ថ្ងៃ​អាទិត្យ​នេះ។ របប​សឹកអាចនឹង​ប្រែ​ចិត្ត​ ក្រោយ​ពី​បាន​ស្តាប់​ឮ​ការ​រិះគន់​ពី​សំណាក់​សមាជិក​ក្នុងក្រុម ហើយ​បើក​ចិត្ត​ឱ្យ​ទូលាយ និង​សេរីជាមុន។ ឬ​ផ្ទុយ​ទៅ​វិញ កាន់​តែ​ក្រេវក្រោធ​ដាក់​ស្រមោល​​របស់​ខ្លួន កើត​ភាព​សង្ស័យ​កាន់​តែ​ខ្លាំង ហើយ​ទៅ​រឹត​បន្តឹង​ជួរ​កាន់​អំណាច​កាន់​តែ​ណែន ប្រលេះ​ចោល​ឱ្យ​នូវ​ក្រុម​ និង​បុគ្គល​ណា​ដែល​បាន​បោះឆ្នោត​ប្រឆាំង​ក៏​ថា​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ