អានតួអត្ថបទ
ថៃ

ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​បរិហារ​លើ​ការ​ពង្រឹង​អំណាច​កងទ័ព​នៅ​ថៃ

នៅ​ថ្ងៃ​អង្គារ ទី៥ មេសា​នេះ ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​បាន​ចេញ​មុខ​បរិហារ​ពី​ការ​ពង្រឹង​អំណាច​យោធា​នៅ​ក្នុង​ប្រទេស​ថៃ តាម​រយៈ​រាជ​ក្រឹត្យ​ថ្មី​មួយ។ គឺ​ជា​រាជក្រឹត្យ​ដែល​របបសឹក​បាន​ប្រគល់​សិទ្ធិ​ឲ្យ​ទាហាន និង​ប៉ូលិស​អាច​ឃាត់ និង​ចាប់​ខ្លួន​ជនសង្ស័យ​ដោយ​មិន​ចំាបាច់​មាន​ដីការ​ពី​តុលាការ។ ក្រុមអង្គការ​ការពារ​សិទ្ធិមនុស្ស​បាន​អំពាវនាវ​របបសឹកឲ្យ​ដករាជ​ក្រឹត្យ​នោះ​ចេញ​វិញ​ជា​បន្ទាន់។

លោក​​ប្រាដ អាដាំ នាយក​​អង្គការ​ Human Rights Watch នៅ​​អាស៊ី
លោក​​ប្រាដ អាដាំ នាយក​​អង្គការ​ Human Rights Watch នៅ​​អាស៊ី
ផ្សាយពាណិជ្ជកម្ម

ការ​ទាមទារ​របស់​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​របស់​អង្គការ​ក្រៅរដ្ឋាភិបាល​ចំនួន ៦អង្គការ ក្នុង​នោះ​មាន Human Rights Watch Amnesty International និង​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ចេញ​ផ្សាយ​ថ្ងៃ​នេះ ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​បាន​ថ្កោលទោស និង​បាន​ចាត់​ទុក​រាជក្រឹត្យ​អនុម័ត​ដោយ​របបសឹក​ថា​នឹង​នាំ​ថៃ​ឲ្យ​រំលោភបំពាន​លើ​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន​ក្នុង​បញ្ហា​សិទ្ធិមនុស្ស។

លោក​ប្រាដ អាដាំ នាយក​អង្គការ​ Human Rights Watch នៅ​អាស៊ី​បាន​បញ្ជាក់​ថា របបសឹក​ថៃ​បាន និង​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​បព្រ្ចាស់​នឹង​លទ្ធិប្រជាធិបតេយ្យ។ សម្រាប់​លោក​អាដាំ រាជក្រឹត្យ​ថ្មី​បាន​អនុញ្ញាត​ឲ្យ​របបសឹក​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត រួម​ទាំង​ការ​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ដោយ​គ្មាន​ទទួល​ទោស​ព័យ​អ្វី​ទាំង​អស់។ សូម​ជម្រាប​ជូន​ថា កាល​នា​សប្តាហ៍​កន្លង​ទៅ របបសឹក​បាន​អនុម័ត​រាជក្រឹត្យ​មួយ​ដោយ​អនុញ្ញាត​ឲ្យ​កងទ័ព​មាន​សិទ្ធិ​ចាប់ និង​ឃុំ​ខ្លួន​ជនសង្ស័យ​ដោយ​មិន​បាច់​មាន​ដីការ​តុលាការ ព្រម​ទាំង​មាន​សិទ្ធិ​រឹបអូស​ទ្រព្យសម្បតិ និង​រារាំង​ជនសង្ស័យ​មិន​ឲ្យ​ចាកចេញ​ពី​ប្រទេស​ទៀត​ផង។

លោក​វីលដ័រ តៃល័រ អគ្គលេខាធិការ​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ​បាន​កត់សម្គាល់​ឃើញ​ជា​រួម​ថា ទង្វើ​រំលោភ​សិទ្ធិមនុស្ស​នៅ​ថៃ​បាន​កើត​មាន​សឹង​តែ​រាល់​ថ្ងៃ​តាំង​ពី​ក្រោយ​រដ្ឋប្រហារ​យោធា​ក្នុង​ថ្ងៃទី២២ ឧសភា ឆ្នាំ ២០១៤។ អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​របស់​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល គឺ​ការ​ដែល​របបសឹក​បាន​ប្រើ​រាជក្រឹត្យ​ថ្មី​នោះ​ដើម្បី​បំបិត​មាត់​ពួក​ប្រឆាំង រួម​ទាំង​សកម្មជន​អ្នក​ការពារ​សិទ្ធិមនុស្ស​ផង។

ចំណែក​របបសឹក​បាន​ចេញ​មុខ​ពន្យល់​បក​ស្រាយ​ថា ការ​បង្កើត​ឲ្យ​មាន​រាជក្រឹត្យ​ថ្មី​ពិសេស​មួយ​ជា​រឿង​ចាំ​បាច់​ដើម្បី​បង្រ្កាប​ក្រុម Mafia។ គួរ​រម្លឹក​ជូន​ថា តាំង​ពី​បាន​ឡើង​កាន់​អំណាច​មក របបសឹក​បាន​បង្កើត​ច្បាប់​ថ្មី​មួយ​ចំនួន​ក្នុង​គោលដៅ​រឹតបន្តឹង​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ពិសេស​មតិ​នយោបាយ​ណា​ដែល​ប្រឆាំង​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ