អានតួអត្ថបទ

ថៃដើរ​ត្រលប់​ក្រោយ វិល​ទៅ​ប្រកាន់យក​​របប​ប្រជាធិបតេយ្យ​ពាក់កណ្តាល​ផ្តាច់ការ

 គណៈកម្មការតាក់តែង​ច្បាប់​ ដែល​តែង​តាំង​បន្តុប​ដោយ​រដ្ឋាភិបាល​យោធា បាន​បញ្ជូន​សេចក្តី​ព្រាង​​រដ្ឋ​ធម្មនុញ្ញ​ថ្មី ទៅ​ឱ្យ​មេ​ដឹកនាំ​សឹក​ តាមការ​​ស្នើ​សុំហើយ នៅ​ថ្ងៃអង្គារ​ម្សិលមិញ។​ គម្រោង​ច្បាប់​នេះ នឹង​ត្រូវ​ឆ្លង​កាត់​ការ​ធ្វើ​ប្រជាមតិ​នៅ​ខែ​សីហា​ខាង​មុខ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​រង់ចាំ​ គ្មាន​ទេ​ការ​តស៊ូ​មតិ​ជា​សាធារណៈ។ របប​សឹក​ថៃ​បាន​ហាមឃាត់​ជា​ដាច់​ខាត និង​គំរាម​ដាក់​ទោស​ជន​ណា​ដែល​ហ៊ាន​បញ្ចេញ​មតិ​យោបល់​​ លើ​សេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ​នេះ​ផង។ 

លោក Meechai Ruchupanប្រធាន​គណៈកម្មការ​តាក់តែង​ច្បាប់​រដ្ឋធម្មនុញ្ញ បង្ហាញ​គម្រោង​ច្បាប់​ថ្មី​ដល់​អ្នក​សារព័ត៌៌មាន ថ្ងៃទី ២៩ មីនា ២០១៦
លោក Meechai Ruchupanប្រធាន​គណៈកម្មការ​តាក់តែង​ច្បាប់​រដ្ឋធម្មនុញ្ញ បង្ហាញ​គម្រោង​ច្បាប់​ថ្មី​ដល់​អ្នក​សារព័ត៌៌មាន ថ្ងៃទី ២៩ មីនា ២០១៦ REUTERS/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

គម្រោង​រដ្ឋ​ធម្មនុញ្ញ​ថ្មី នឹង​នាំ​ប្រទេស​ថៃ​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ បែប​ផ្តាច់ការ។ ​ព្រឹទ្ធសភាជា​ល្បាយ​នៃ​ទាហាន​និង​ប៉ូលិស ! ក្នុង​ចំណោម​​សមាជិកចំនួន​​២៥០​នាក់ ​ខ្លះ​ជា​អតីត​នាយ​ទាហាន និង​មេ​ប៉ូលិស​ និង​ដែល​​ត្រូវ​តែង​តាំង​ដោយ​យោធា។ ឥស្សរជន​ម្នាក់ នៅ​ក្រៅ​ពិភពលោក​នយោបាយ និង​ដោយ​មិន​ឆ្លង​កាត់​ការ​បោះឆ្នោត​នឹង​អាច​ក្លាយ​ទៅ​ជា​នាយករដ្ឋមន្ត្រី។ គណៈកម្មការ​យុទ្ធសាស្ត្រ ដែល​មាន​ទម្រង់​ជា​ការិយាល័យ​នយោបាយ ត្រួតត្រា​​ដោយ​យោធា​ អាច​នឹង​មាន​អំណាច​​រយៈ​ពេល​២០​ឆ្នាំ សម្រាប់​បញ្ជា​លើ​រដ្ឋាភិបាលឱ្យ​ធ្វើ​តាម។ សភាជាតិ នឹង​ឆ្លង​កាត់​ការ​បោះឆ្នោត ប៉ុន្តែ​ជា​ធម្មតា​និង​ដោយ​ជាក់​ស្តែង ពិត​ជា​នឹង​គ្មានអំណាច​ជា​ប្រាកដ​ឡើយ។

នេះ​គឺ​ជា​ដើរ​ត្រលប់​ថយ​ក្រោយ​ ​! ថយ​ដល់​ទៅ​៤០​ឆ្នាំ ទៅ​រក​អតីតកាល ដែល​កាល​ណោះ​រាជាណាចក្រ​ថៃ ស្ថិត​ក្រោម​របប​ដឹកនាំ​មួយ​ដែល​គេ​ប្រសិទ្ធិនាម​ថា ប្រជាធិបតេយ្យ​ពាក់កណ្តាលផ្តាច់ការ។

​សម្រាប់​របប​សឹក ការ​ធ្វើ​ប្រជាមតិ​លើ​គម្រោង​រដ្ឋធម្មនុញ្ញ នៅ​ខែ​សីហា​ខាង​មុខ គឺ​ជា​ជម្រើស​បែប​ប្រជាធិបតេយ្យ ព្រោះ​​បើ​ពលរដ្ឋ​បោះឆ្នោត​ទទួល​យក​គម្រោង​ច្បាប់ នោះ​មាន​ន័យ​ថា​ជា​​​ការ​យល់​ព្រម​ ​ការ​​អនុម័តច្បាប់​​ដោយសំឡេង​​ប្រជាពលរដ្ឋ។ ប៉ុន្តែ​ នៅក្នុង​ស្ថានភាព​​ជាក់ស្តែង របប​សឹក បានចេញ​បម្រាម​​ហាមឃាត់ គ្រប់​ទម្រង់​នៃ​ការ​តស៊ូ​មតិ ឬ​ការ​ពិភាក្សា​វែកញែក​ ជា​សាធារណៈ លើ​គម្រោង​ច្បាប់​នេះ។ ក្រិត្យ​ច្បាប់​មួយ​បាន​ចេញ​ប្រកាស​ ដាក់​ទោស​​ធ្ងន់​រហូត​ដល់​ជាប់​ពន្ធនាគារ​​១០​ឆ្នាំ លើ​ជន​ឬ​បុគ្គល​ណា​ដែល​​ហ៊ាន​ជះ​ឥទ្ធិពល​លើ​​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ មុន​ពេល​​ពេល​ធ្វើ​ប្រជាមតិ។ តើ​នេះ​មិន​មែន​ជា​បំផ្លែង​ការពិត​ទេ​ឬ ?!

វិធានការ​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​បំផុត​មួយ​ទៀត គឺ​ការ​គំរាម​កំហែង​របស់​រដ្ឋាភិបាល​យោធា​ថៃ។ ប្រសិន​បើ​គម្រោង​រដ្ឋធម្មនុញ្ញ​នេះ ត្រូវ​បាន​ច្រាន​ចោល​ដោយ​ប្រជាមតិ នោះ​របប​សឹក​គំរាម​វិល​ទៅ​បន្ត​ប្រើ​ច្បាប់​រដ្ឋធម្មនុញ្ញ​ចាស់ ដែល​​តឹង​តែង​ខ្លាំង​ជាង​គ្រោង​ថ្មី​នេះ​ផង៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ