អានតួអត្ថបទ
ថៃ

ថៃ៖​លោកស្រី​អតីត​នាយករដ្ឋមន្រ្តី​យីងឡាក់​ស្នើ​ឲ្យ​របបសឹក​បំភ្លឺ​ជុំវិញ​រឿង​បោះឆ្នោត​ឆ្នាំ ២០១៧

នៅ​ថ្ងៃ​សុក្រ ទី១ មេសា លោកស្រី​អតីត​នាយករដ្ឋមន្រ្តី​ថៃ​យីងឡាក់​បាន​ចេញ​មុខ​ទាមទារ​ឲ្យ​របបសឹក​បំភ្លឺ​ឲ្យ​បាន​ច្បាស់​ជុំវិញ​ផែនការ​រៀបចំ​បោះឆ្នោត​ដែល​របបសឹក​បាន​សន្យា​រៀបចំ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៧។ តែ​មុន​នឹង​ការ​រៀបចំ​បោះឆ្នោត​ឈាន​មក​ដល់ របបសឹក​ត្រូវ​រៀបចំ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ក្នុង​ឆ្នាំ ២០១៦។

លោកស្រី​អតីត​នាយករដ្ឋមន្រ្តី​ថៃ​យីងឡាក់
លោកស្រី​អតីត​នាយករដ្ឋមន្រ្តី​ថៃ​យីងឡាក់ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

ការ​ទាមទារ​របស់​លោកស្រី​អតីត​នាយករដ្ឋមន្រ្តី​ថៃ​យីងឡាក់​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ទំព័រ​បណ្តាញ​សង្គម Tweeter របស់​លោកស្រី។ នៅ​ក្នុង​ទំព័រ Tweeter លោកស្រី​យីងឡាក់​ដែល​ត្រូវ​បាន​របបសឹក​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥ឆ្នាំ​បាន​ទាមទារ​ឲ្យ​របបសឹក​បំភ្លឺ​ឲ្យ​បាន​ច្បាស់​ថា បើ​ប្រជារាស្រ្ត​ថៃ​បោះឆ្នោត​មិន​ទទួល​យក​ច្បាប់​រដ្ឋធម្មនុញ្ញថ្មី​​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ក្នុង​ឆ្នាំ​នេះ តើ​របបសឹក​គិត​យ៉ាង​ម៉េច​រឿង​បោះឆ្នោត​ដែល​បាន​សន្យា​រៀបចំ​នៅ​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ​ហឹ្នង?។

សូម​ជម្រាប​ជូន​ថា តាំង​ពី​រដ្ឋប្រហារ​យោធា​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៤ មក របបសឹក​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​រៀបចំ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​នៅ​ខែ​សីហា​ខាង​មុខ។ អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក​ហើយ​ដែល​ក្រុមអ្នកច្បាប់​សំរាំង​ដោយ​ក្រុម​ឧត្តមសេនីយ​បាន និង​កំពុង​រៀបចំ​តាក់តែង​រដ្ឋធម្មនុញ្ញ​មួយ​ថ្មី​ស្រឡាង តែ​ត្រូវ​បាន​ក្រុមប្រឆាំង ពិសេស​ពួក​អាវក្រហម​បរិហារ​រួច​ជា​ស្រេច​ថា​ជា​ទង្វើ​ផ្ទុយ​នឹង​លទ្ធិប្រជាធិបតេយ្យ។

រហូត​មក​ដល់​ពេល​នេះ របបសឹក​មិន​បាន​បញ្ជាក់​ទេ​ថា បើ​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​នឹង​ត្រូវ​ប្រជារាស្រ្ត​បោះឆ្នោត​ប្រឆាំង តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​នា​ពេល​ខាង​មុខ?។ ក្រៅ​ពី​ចង់​បាន​ចម្លើយ​ពិត​ប្រាកដ​ចំពោះ​សំណួរ​នេះ លោកស្រី​យីងឡាក់​ក៏​ចង់​បាន​ចម្លើយ​នឹង​សំណួរ​ដែល​ថា តើ​របបសឹក​នឹង​រៀបចំ​បោះឆ្នោត​សភា​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៧ ដូច​ដែល​បាន​សន្យា​ឬ​ទេ។

គួរ​បញ្ជាក់​ជូន​ថា តាំង​ពី​ឡើង​កាន់កាប់​ប្រទេស​ដោយ​រដ្ឋប្រហារ​មក របបសឹក​បាន​លើក​ពេល​រៀបចំ​បោះឆ្នោត​ម្តង​ជា​ពីរ​ដង​នៅ​ក្នុង​សង្គម​មួយ​ដែល​កំពុង​បែកបាក់​ខ្លាំង​រវាង​ក្រុម​សកម្មជន​អាវក្រហម​គាំទ្រ​លោក​អតីត​នាយករដ្ឋមន្រ្តី​ធ្លាក់​ពី​អំណាច​ថាក់ស៊ីន និង​ក្រុមសកម្មជន​អាវលឿង​គាំទ្រ​ដោយ​ពួក​បញ្ញាវន្ត និង​កងទ័ព។ អ្វី​ដែល​របបសឹក​ចង់​បាន​នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី គឺ​ព្យាយាម​កំចាត់​ត្រកូល​ថាក់ស៊ីន​ចេញ​ពី​ឆាក​នយោបាយ​ថៃ​ដែល​បន្ត​ឈ្នះ​ឆ្នោត​នៅ​រាល់​ការ​បោះឆ្នោត។

គិត​តាំង​ពី​ឆ្នាំ ១៩៣២ មក ច្បាប់​រដ្ឋធម្មនុញ្ញ​ថៃ​ត្រូវ​បាន​ធ្វើ​ការ​តាក់តែង​ថ្មី​ប្រមាណ​ជា ១០ដង។ នៅ​លើក​នេះ និង​បើ​តាម​មេ​រដ្ឋប្រហារ​លោក​ប្រាយុទ្ធ ចាន់អូចា​ឲ្យ​ដឹង​ថា ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​នឹង​អនុញ្ញាត​បិទបញ្ចប់​ការ​ហែកហួរ​គ្នា​ដែល​រាជាណាចក្រ​ថៃ​បាន​ឆ្លង​កាត់​អស់​ជា​ច្រើន​ឆ្នាំ​កន្លង​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ