អានតួអត្ថបទ
ប៉ាគីស្ថាន-តាលីបង់

ក្រុម​ឧទ្ទាម​តាលីបង់​ វាយប្រហារ​វិហារ​ស៊ីអ៊ីត​នៅ​ប៉ាគីស្ថាន​ សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​២០នាក់

ក្រុម​ឧទ្ទាម​មួយ​ក្រុម​ប្រដាប់​ដោយ​អាវុធ​និង​គ្រាប់បែក​ បាន​បើក​ការ​វាយប្រហារ​ទៅលើ​ព្រះវិហារ​ស៊ីអីត​នៅ​ប៉ាគីស្ថាន​ នៅ​ថ្ងៃ​សុក្រ​ ទី​១៣កុម្ភៈ​ម្សិលមិញ។ ​ការ​វាយប្រហារ​នេះ​ បាន​ស្លាប់​មនុស្ស​អស់យ៉ាង​ហោចណាស់​២០នាក់​ និង​ធ្វើ​ឲ្យ​របួស​ជា​ច្រើន​ទៀត។ ​ក្រោយ​កើត​ហេតុ​ ក្រុម​ឧទ្ទាម​តាលីបង់​បាន​ចេញ​មុខមក​អះអាងថា​ ខ្លួន​ជា​អ្នក​នៅ​ពីក្រោយ​ការ​វាយប្រហារ​នេះ។ ​និង​ថា ​នេះ​គឺជា​ការ​សង​សឹក​ ទៅ​លើ​រដ្ឋាភិបាល​ប៉ាគីស្ថាន​ ដែល​បាន​កាត់ទោស​ប្រហារ​ជីវិត​យុទ្ធជន​តាលីបង់​ម្នាក់​កាល​ពី​ចុង​ឆ្នាំ​២០១៤​កន្លង​ទៅ។

ក្រុម​ឧទ្ទាម​តាលីបង់​ វាយប្រហារ​វិហារ​ស៊ីអ៊ីត​នៅ​ប៉ាគីស្ថាន​ សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​២០នាក់
ក្រុម​ឧទ្ទាម​តាលីបង់​ វាយប្រហារ​វិហារ​ស៊ីអ៊ីត​នៅ​ប៉ាគីស្ថាន​ សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​២០នាក់ Reuters
ផ្សាយពាណិជ្ជកម្ម

មនុស្ស​យ៉ាងហោចណាស់​២០​នាក់​បាន​ស្លាប់​ និង៤៥នាក់​ទៀត​រងរបួស​ បន្ទាប់​ពី​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​មួយក្រុម​ បាន​សម្រុក​ចូល​ក្នុង​ពិធីបួងសួង​ថ្ងៃ​សុក្រ​ នៃ​ព្រះវិហារ​សាសនា​ស៊ីអីត​មួយ ​នៅ​ក្នុង​ក្រុងប៉េសាវ៉ា ​នៃ​ប្រទេស​ប៉ាគីស្ថាន។ ​មន្ដ្រី​ប៉ូលីស​បាន​ឲ្យ​ដឹងថា​ បន្ទាប់​ពី​បើក​ការ​បាញ់ប្រហារ​ដោយ​កាំភ្លើង​ ក្រុម​ឧទ្ទាម​ដែល​មាន​គ្នា​៣នាក់ ​បាន​បំផ្ទុះ​គ្រាប់បែក​ធ្វើ​អត្តឃាត​ចំនួន​៣គ្រាប់ផ្ទួន​ៗ​គ្នា​ផងដែរ។ ​បើតាម​មន្ដ្រី​ប៉ូលីស​ដដែល​ ជន​ប្រដាប់​អាវុធ​ចំនួន​២នាក់​ក្នុង​ចំណោម​៣នាក់​ បាន​ស្លាប់​ដោយសារ​តែ​គ្រាប់​បែក​អត្តឃាត​ និង​ម្នាក់​ទៀត​ ស្លាប់​ដោយសារ​តែ​សាសនិកជន​ ដែល​ចូលរួម​ពិធីបួងសួង។

ក្រោយ​កើតហេតុ​ ក្រុម​ឧទ្ទាមតាលីបង់​ TTP ​បាន​ចេញ​មុខមក​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នេះ។ ​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​ផ្ញើ​ចេញ​តាម​សារអេឡិចត្រូនិក​ ក្រុម​តាលីបង់ ​TTP ​បាន​ឲ្យ​ដឹងថា ​ការ​វាយប្រហារ​នេះ​ គឺជា​ការសង​សឹក​ចំពោះ​រដ្ឋាភិបាល​ប៉ាគីស្ថាន​ ដែល​បាន​កាត់ទោស​ប្រហារជីវិត​យុទ្ធជន​តាលីបង់​ម្នាក់​ កាល​ពី​ខែធ្នូ ​ឆ្នាំ​២០១៤​កន្លង​ទៅ។ ​ក្រុម​ឧទ្ទាម​នេះ​បាន​ព្រមាន​រដ្ឋាភិបាល​ប៉ាគីស្ថាន​ទៀតថា​ ការ​សងសឹក​នេះ​នឹង​អូស​បន្លាយ​តទៅទៀត។ ​ហើយ​ថា​ រដ្ឋាភិបាល​ប៉ាគីស្ថាន​គួរ​តែ​រំពឹង​ការ​សងសឹក​ខ្លាំងក្លា​ជាង​នេះ​ និង​ច្រើន​ជាង​នេះ​ទៅ​ទៀត។

រដ្ឋាភិបាល​ប៉ាគីស្ថាន​ ក្រោយ​ការ​វាយប្រហារ​នេះ​ បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត​ក្នុង​ការ​លុប​បំបាត់​បញ្ហា​ភេរវកម្ម​ និង​ភាព​ជ្រុលនិយម​នៅក្នុង​ប្រទេស។ ​ដោយឡែក​ អ្នកសម្រប​សម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ប៉ាគីស្ថាន​ គឺ​លោក ​Timo Pakkala ​បាន​ថ្កោលទោស​ និង​ថា​ អំពើហិង្សា​ទៅលើ​ក្រុម​ជនជាតិភាគតិច​ណា​ក៏ដោយ​ គឺ​មិន​អាច​ទទួល​យក​បាន​ទេ។ ​លោក Timo Pakkala ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ប៉ាគីស្ថាន​ ជំរុញ​ឲ្យ​មាន​ការ​អត់ឱន​នៅ​ក្នុង​ប្រទេស​ ខណៈ​ដែល​ប្រទេស​នេះ​ ប្រយុទ្ធ​ប្រឆាំង​នឹង​ពួកក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ