អានតួអត្ថបទ
ប៉ាគីស្ថាន

ប៉ាគីស្ថាន៖ផ្ទុះហិង្សា​នៅ​ក្នុង​ក្បួន​បាតុកម្ម​នៅ​ទីក្រុងការ៉ាឈី​ប្រឆំាង​នឹង​ទស្សនាវដ្តី​បារំាង Charlie Hebdo

នៅ​ក្នុង​ទីក្រុង​ការ៉ាឈី ប្រទេស​ប៉ាគីស្ថាន មាន​មនុស្ស​រាប់សិបពាន់នាក់​បាន​នំា​គ្នា​ដង្ហែរ​ក្បួន​បាតុកម្ម​កាល​ពី​រសៀល​ថ្ងៃ​សុក្រ ទី១៦ មករា។ គឺ​ជា​បាតុកម្ម​ប្រឆំាង​នឹង​ទស្សនាវដ្តី​បារំាង​មួយ​ឈ្មោះ​ Charlie Hebdo ដែល​ទើប​បាន​ចេញ​ផ្សាយ​លេខ​ថ្មី​ដោយ​បាន​ផ្តិត​រូប​ព្យាការី​អ៊ីស្លាម​ម៉ាហូម៉េត​នៅ​លើ​ទំព័រ​មុខ។ រូប​ព្យាការី​ម៉ាហូម៉េត​ដែល​កំពុង​សម្រក​ទឹកភ្នែក​ជាមួយ​នឹង​ដៃ​កាន់​បដា​សរសេរ​ថា ខ្ញុំ​ជា Charlie។ នៅ​ទីបំផុត ក្បួនបាតុកម្ម​បាន​បញ្ចប់​ទៅ​ដោយ​មាន​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា​រវាង​ពួក​បាតុករ និង​កម្លំាង​ប៉ូលិស​នៅ​មុខ​ស្ថានទូត​បារំាង​ប្រចំា​ទីក្រុង​ការ៉ាឈី​ដោយ​បណ្តាល​ឲ្យ​មាន​របួស ២នាក់។

ប៉ាគីស្ថាន៖ផ្ទុះហិង្សា​នៅ​ក្នុង​ក្បួន​បាតុកម្ម​នៅ​ទីក្រុងការ៉ាឈី​ប្រឆំាង​នឹង​ទស្សនាវដ្តី​បារំាង Charlie Hebdo
ប៉ាគីស្ថាន៖ផ្ទុះហិង្សា​នៅ​ក្នុង​ក្បួន​បាតុកម្ម​នៅ​ទីក្រុងការ៉ាឈី​ប្រឆំាង​នឹង​ទស្សនាវដ្តី​បារំាង Charlie Hebdo REUTERS/Mohsin Raza
ផ្សាយពាណិជ្ជកម្ម

ពិត​មែន​តែ​ទស្សនាវដ្តី​បារំាង Charlie Hebdo មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ដាក់​លក់ ឬ​មួយ​ក៏​ចូល​អាន​តាម​អ៊ីធឺណែត​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ក៏​ដោយ ក៏​កំហឹង​ប្រឆំាង​នឹង​ទស្សនាវដ្តី​ត្លុកកំប្លែង​របស់​បារំាង​មួយ​នេះ​បាន និង​កំពុង​កើត​មាន​យ៉ាង​ពុះកញ្ជ្រោល។ គឺ​ជា​ក្បួន​បាតុកម្ម​ដែល​អំពាវនាវ​ដោយ​ចលនា​អ៊ីស្លាម​ប៉ាគីស្ថាន រួម​ជាមួយ​នឹង​គណបក្ស​អ៊ីស្លាម​ជា​ច្រើន ក្នុង​នោះ​ក៏​មាន​គណបក្ស Jamaat-e-Islami ដែរ។ នៅ​ក្នុង​ទីក្រុង​ការ៉ាឈី​ដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ​ជា ២០លាននាក់ មាន​បាតុករ​ជា​ច្រើន​រយ​នាក់​បាន​នំា​គ្នា​បរិហារ​ទស្សនាវដ្តី Charlie Hebdo ដែល​បាន​យក​រូប​ព្យាការី​អ៊ីស្លាម​ម៉ាហូម៉េត​មក​ផ្តិត​លើ​ទំព័រ​មុខ​របស់​ខ្លួន។ តាម​គម្រោង ពួក​បាតុករ​ចង់​ដង្ហែរ​ក្បួន​ប្រឆំាង​ដោយ​ដើរ​កាត់​ពី​មុខ​ស្ថានទូត​បារំាង តែ​ត្រូវ​បាន​ប៉ះទង្គិច​ជាមួយ​នឹង​កម្លំាង​ប៉ូលិស​យ៉ាង​ហិង្សា ដោយ​បណ្តាល​ឲ្យ​មាន​របួស ២នាក់ ក្នុង​នោះ​មាន​អ្នកថតរូប​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ម្នាក់។

ក្រៅ​ពី​ទីក្រុង​ការ៉ាឈី ក្បួនបាតុកម្ម​ដែល​បាន​រៀបចំ​ឡើង​នៅ​ក្រោយ​បញ្ចប់​ពិធី​សូត្រធម៌​ដូច​ថ្ងៃ​សុក្រ​សព្វមួយ​ដង​ក៏​បាន​កើត​មាន​នៅ​ក្នុង​ទីក្រុង​ប៉ាគីស្ថាន​ផ្សេង​ទៀត ដូច​យ៉ាង​អ៊ីស្លាម៉ាបាត ឡាអរ ប៉េស្ហាវ៉ា ឬ​មួយ​ក៏​មុលតាន​ដែល​ទង់ជាតិ​បារំាង​ត្រូវ​បាន​ពួក​បាតុករ​យក​ទៅ​ជាន់ឈ្លី​ដុត​ចោល។ « រដ្ឋាភិបាល​បារំាង​ត្រូវ​តែ​ធ្វើ​ការ​សុំទោស​ចំពោះ​ប្រទេស​អ៊ីស្លាម​ទំាង​អស់ និង​ថា ប្រទេស​អ៊ីស្លាម​ទំាង​អស់​ត្រូវ​តែ​រួម​សាមគ្គី​គ្នា​ឡើង » នេះ​ជា​ការ​ថ្លែង​របស់​លោក​ស៊ីរ៉ា អុលហាក ប្រធាន​គណបក្ស​អ៊ីស្លាម Jamaat-e-Islami។ ទន្ទឹម​គ្នា​នេះ លោក​អុលហាក​ក៏​បាន​អំពាវនាវ​ឲ្យ​បាតុករ​ទំាង​អស់​សាទរ​ចំពោះ​សេចក្តី​ថ្លែងការណ៍​របស់​សម្តេច​ប៉ាប​ហ្រ្វង់ស័រ​ដែល​ថា សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​មិន​បាន​អនុញ្ញាត​ឲ្យ​ប្រមាជ ដៀមដាម​សាសនា​អ្នក​ដទៃ​នោះ​ទេ។

ដោយឡែក និង​ក្រៅ​ពី​កំហឹង​របស់​ប្រជាជន លោក​នាយករដ្ឋមន្រ្តី និង​រដ្ឋសភា​ប៉ាគីស្ថាន​ក៏​បាន​ថ្កោលទោស​លើ​ទស្សនាវដ្តី Charlie Hebdo ដែរ។ គួរ​រម្លឹក​ជូន​ថា​ក្នុង​ឆ្នំា ២០១២ ប៉ាគីស្ថាន​ក៏​ធ្លាប់​បាន​ស្គាល់​បាតុកម្ម​យ៉ាង​ហិង្សា​ប្រឆំាង​នឹង​ការ​ចុះ​ផ្សាយ​រូប​ត្លុកកំប្លែង​ព្យាការី​ម៉ាហូម៉េត​ដូច​គ្នា ព្រម​ទំាង​ប្រឆំាង​នឹង​កុន​អាមេរិកំាង​មួយ​ដែល​មាន​លក្ខណៈ​ប្រឆំាង​អ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ