អានតួអត្ថបទ
បារាំង

​កាសែត​Charlie-Hebdo "លេខ​រួច​ពី​ស្លាប់" លក់​ដាច់​អស់​​​គ្មានសល់ពី​តូប

គ្រាន់​តែ​ដាក់​ចែក​ចាយ​ដល់​តូប​ភ្លាម កាសែត​Charlie-Hebdo ក៏​លក់​ដាច់​អស់​ភ្លាម​មួ​យ​រំពេញ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​កាសែត​សម្រេច​បង្កើន​ចំនួន​​បោះផ្សាយ​ ឱ្យ​ដល់​៥​លាន​ច្បាប់។ ទំព័រ​មុខ​របស់​កាសែត​ត្រូវ​បាន​បង្ហាញ​ឱ្យ​ដឹង​ជា​សាធារណៈ​តាំង​ពី​​ថ្ងៃ​ទីចន្ទ​ទី​១២ ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ក្រុមការងារ​រួច​ពី​ស្លាប់​មិន​ចុះញ៉ម​ទេ និង​រក្សា​គោលការណ៍ និពន្ធ​ដដែល។ ប៉ុន្តែ​ប្រតិកម្ម​គាំទ្រ​ និង​ប្រឆាំង​ក៏​បាន​ច្រើន​​ធ្លាក់​មក​ជា​បន្ត​បន្ទាប់​ដែរ។

មនុស្ស​ម្នា​តម្រង់ជួរ​ចាំ​ទិញ​កាសែត​Charlie-Hebdo ថ្ងៃទី ១៤​មករា ២០១៤
មនុស្ស​ម្នា​តម្រង់ជួរ​ចាំ​ទិញ​កាសែត​Charlie-Hebdo ថ្ងៃទី ១៤​មករា ២០១៤ © Reuters
ផ្សាយពាណិជ្ជកម្ម

តាក់តែង​និពន្ធនិង​​គូរ​ក្នុង​ទុក្ខសោក​ ដោយ​អ្នក​កាសែត​រួច​ពី​ស្លាប់​ក្នុង​ភេរវកម្ម​ថ្ងៃ​ទី ៧​មករា២០១៥​  លេខ​ថ្មី​របស់​កាសែត​ស្ហាលី​បាន​ចេញ​លក់​នៅ​ថ្ងៃ​ពុធ​នេះ។

បោះផ្សាយ​ចំនួន​៣លាន​ច្បាប់ និង​សម្រេច​សម្រួច​ចុង​ក្រោយ​ មាន​ដល់​ទៅ ១៦៨​ទំព័រ ដូច​ទម្លាប់ កាសែត​បាន​លក់​ដាច់​អស់​រលីង​ តាំង​ពីបើក​ទ្វារ​ភ្លាម។​

ក្នុង​អត្ថន័យ​រក្សា​ទម្លាប់ “កំប្លែង​ឱ្យ​សើច" ​ គោលការណ៍​និពន្ធ​ រិះគន់​នយោបាយ​ សាសនា​ ​​បន្ត​ឆ្លុះ​បញ្ចាំង​នៅក្នុង​ទំព័រ​កាសែតលេខ​១១៧៨។ សម្រាប់​លោក Luz ដែល​ជា​អ្នកគូរ​រូប​នៅ​ទំព័រ​មុខ ម៉ូហាម៉េត កាន់​បដា “Je suis Charlie” ខ្ញុំ​ជា​ស្ហាលីអម​ដោយ​ចំណង​ជើង​ “អត់អោនទោស​ឱ្យ​ទាំង​អស់” ​ បាន​ពន្យល់​អំពី​ជម្រើស​នេះ​ថា ៖

“មិន​មែន​ជា​ទំព័រ​មុខ​ដែល​ពិភពលោក​ចង់បាន តែ​យើង​ចង់ មិន​មែ​ន​ជា​ទំព័រ​មុខ​ដែល​ពួកភេរវជន​ជីហាតចង់​ឃើញតែ​យើង​គូរ ​ព្រោះ​គ្មាន​ន័យ​ភេរវកម្ម​ទេ មាន​តែ​បុរស​ម្នាក់​យំ បុរស​នោះ​គឺ​ម៉ូហាម៉េត ! ខ្ញុំ​សូម​ទោស​ ដែល​ត្រូវ​គូស​រូប​ថ្លុក​ម៉ូហាម៉េត​​ជា​ថ្មី​ទៀត ​ប៉ុន្តែ​គ្មាន​ន័យ​បង្កប់ ម៉ូហាម៉េតដែល​យើង​គូរ​នេះ​ គឺ​គ្រាន់​តែ​ជា​រូប​មនុស្ស​ម្នាក់យំ តែ​ប៉ុណ្ណោះ”។

ចេញ​ផ្សាយ​មួយ​សប្តាហ៍​ក្រោយ​ភេរវកម្ម​សម្លាប់​អ្នក​កាសែត​អស់​១២​នាក់ កាសែត​ស្ហាលី បក​ប្រែជា​១៦​ភាសា និង​បញ្ជូន​ទៅ​លក់​ក្នុង​ប្រទេស​ចំនួន​២៥ ​បាន​ទទួល​ការ​ស្វាគមន៍​គាំទ្រ​យ៉ាង​ខ្លាំង។ ពិភព​អ្នក​កាសែត​ តាំង​ពី​អឺរ៉ុប​ឆ្លង​ដល់​អូស្ត្រាលី បាន​នាំ​គ្នា​ចម្លង​រូប​ទំព័រ​មុខ​របស់​ស្ហាលី​លេខ​រួច​ពី​ស្លាប់​នេះ​ ដោយ​គ្មាន​បង្អង់។ ប៉ុន្តែ​រូប​ថ្លុក​ម៉ូហាម៉េត​ ស្រក់​ទឹក​ភ្នែក កាន់​បដា​ខ្ញុំ​ជាស្ហាលី មិន​បាន​ធ្វើ​ឱ្យ​អ្នក​កាន់​សាសនា​អ៊ីស្លាម​រីករាយ​ជាមួយ​ឡើយ។

តំណាង​អ៊ីស្លាមស៊ុននីត​​នៅ​អេហ្ស៊ីប​ យល់​ថា​ជា​ប្រមាថ​ព្រះ​ និង​ជា​ការ​ចាក់​ស្រេស​ឱ្យ​មាន​ភាព​ស្អប់​ខ្ពើម​គ្នា។ នៅ​ប៉ាគីស្ថាន​វិញ បាតុកម្ម​តូច​មួយ​បាន​រៀប​ចំ​ឡើង​​ដើម្បី​សរសើរ​ភេរវជន​សម្លាប់​អ្នកកាសែត​ស្ហាលី។ នៅ​តួកគី​ដែល​មានលក់​កាសែត​ស្ហាលីដែរ ធ្លាប់​ត្រូវ​បាន​រដ្ឋមន្ត្រី​​អ៊ីស្លាមអភិរក្ស បរិហារ​ថា​កាសែត​ញុះញង់។​ តែ​នៅ​ក្នុង​ប្រទេស​បារាំង​វិញ សហគមន៍​អ៊ីស្លាម​ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​​អ្នកកាន់​សាសនា​អ៊ីស្លាម​ទាំង​អស់​អត់​ធ្មត់​ រក្សា​ភាព​ស្ងប់​ស្ងាត់ និង​គោរព​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ