អានតួអត្ថបទ
ភូមា

ជនជាតិ​រ៉ូហ៊ីងយ៉ា​កំពុង​ត្រូវ​គេ​ផាត់ចេញ​ពី​ការ​បោះឆ្នោត​ជាតិ​ភូមា

យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​ភូមា​បាន​ចាប់ផ្តើម​បើក​ធ្វើ​ ដោយ​មាន​​បេក្ខជន​ជាង ៦ពាន់នាក់ ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភាជាតិ និង​សភា​តំបន់ ដែល​នឹង​ត្រូវ​រៀបចំ​ធ្វើ នៅថ្ងៃ​ទី៨​វិច្ឆិកា​ខាងមុខ។ ក៏ប៉ុន្តែ នៅ​ក្នុងពេល​ដែល​លោក​ប្រធានាធិបតី​ថេន សេន ប្រកាស​សន្យា​ថាការបោះឆ្នោត​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​យុត្តិធម៌ គេ​សង្កេតឃើញ​ថា ជនជាតិរ៉ូហ៊ីងយ៉ា​កំពុងតែ​ត្រូវ​​បាន​គេ​ផាត់ចេញ​ពី​ដំណើរការ​ប្រជាធិបតេយ្យ​នេះ។

សកម្មជន​គណបក្ស​របស់​លោកស្រី​អ៊ុង សានស៊ូជី ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត កាលពីថ្ងៃ​ទី៥ កញ្ញា ២០១៥
សកម្មជន​គណបក្ស​របស់​លោកស្រី​អ៊ុង សានស៊ូជី ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត កាលពីថ្ងៃ​ទី៥ កញ្ញា ២០១៥ REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

នៅសល់​ពេលមិនដល់​ពីរខែ​ទៀត​ទេ​នឹង​ត្រូវ​ដល់​ពេល​បោះឆ្នោត ហើយ​​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​​ក៏​បាន​ចាប់ផ្តើម​ទៅហើយដែរ ក៏ប៉ុន្តែ អ្នក​នយោបាយ​រ៉ូហ៊ីងយ៉ា ដែល​ជា​ជនជាតិ​ភាគតិច​​កាន់សាសនា​អ៊ីស្លាម​យ៉ាងតិច ២៨នាក់ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​​បោះឆ្នោត​ភូមា​បដិសេធ​មិន​ឲ្យ​ឈរឈ្មោះ​ជា​បេក្ខជន។

មូលហេតុ​ដែលលើកឡើង​ក្នុង​ការ​បដិសេធ​មិន​ឲ្យ​ឈរឈ្មោះ​នេះ គឺ​បញ្ហា​សញ្ជាតិ។ តាមច្បាប់​ភូមា អ្នក​ដែល​អាច​ឈរឈ្មោះ​បោះឆ្នោត​បាន លុះត្រា​តែ​មាន​សញ្ជាតិភូមា​ពី​កំណើត ព្រមទាំង​មាន​ឪពុក​និង​ម្តាយ​ជា​ពលរដ្ឋ​ភូមា។ ក៏ប៉ុន្តែ ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​តែងតែ​ត្រូវ​បាន​រដ្ឋាភិបាល​ភូមា​ចាត់ទុក​ថា​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​មក​ពី​បង់ក្លាដែស ហើយ​បដិសេធ​មិន​ព្រមទទួលស្គាល់​ថា​ជា​ជនជាតិ​ភាគតិច ដែល​មាន​សញ្ជាតិ​ភូមា​នោះទេ។ ហេតុដូច្នេះហើយ​បាន​ជា​សំណើ​សុំ​ឈរឈ្មោះ​បោះឆ្នោត​របស់​អ្នក​នយោបាយ​រ៉ូហ៊ីងយ៉ា​​ត្រូវ​បាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​បដិសេធ​ចោល។

អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​និង​ហួសចិត្ត​កាន់តែ​ខ្លាំង​ថែមទៀត​នោះ គឺ​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​បដិសេធ​មិន​ឲ្យ​ឈ្មោះ​នេះ មាន​ម្នាក់ គឺ​ជា​តំណាងរាស្រ្ត ដែល​បាន​ជាប់ឆ្នោត កាល​ពីឆ្នាំ​២០១០ ហើយ​បច្ចុប្បន្ន​​កំពុង​ស្ថិត​ក្នុង​អាណត្តិ​នៅឡើយ។ តំណាងរាស្រ្ត​រ៉ូហ៊ីងយ៉ា​រូបនេះ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា វា​គឺ​ជារឿង​ដែល​គួរ​ឲ្យ​ហួស​ចិត្ត​ខ្លាំងណាស់ ដែល​កាល​ពី​៥ឆ្នាំ​មុន​លោក​អាច​ឈ្មោះ​ជា​បេក្ខជន រហូត​ជាប់ឆ្នោត​ជា​តំណាងរាស្រ្ត ហើយ​ស្រាប់​តែ​ពេលនេះ​​បេក្ខភាព​របស់​លោក​​បែរជា​ត្រូវ​បាន​គេ​ច្រានចោល​ទៅវិញ។

ក្រៅពី​មិន​អាច​ឈរឈ្មោះ​បោះឆ្នោត ជនជាតិ​រ៉ូហ៊ីងយ៉ា​​ប្រមាណ​ជា​១លាន​នាក់​ផ្សេងទៀត​ក៏​កំពុងតែ​ប្រឈមមុខ​នឹង​ការ​រារាំង​មិន​ឲ្យ​ទៅ​បោះឆ្នោត​ផងដែរ។ ពួកជនជាតិ​រ៉ូហ៊ីងយ៉ា​អស់ទាំងនេះ​​បាន​រស់នៅ​​នៅក្នុង​ប្រទេស​ភូមា​តាំង​ឆ្នាំ​១៩៤៨ ហើយ​​កាល​ពី​ពេល​កន្លងមក​ពួកគេ​ធ្លាប់​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​បោះឆ្នោត​។ ក៏ប៉ុន្តែ កាលពីខែ​មិថុនា​កន្លងទៅ​ថ្មីៗ​នេះ សភា​ភូមា​បាន​ចេញច្បាប់ដកហូត​​អត្តសញ្ញាណប័ណ្ណ​បណ្តោះអាសន្ន​ ដែល​កាន់ដោយ​ជនជាតិ​រ៉ូហ៊ីងយ៉ា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ទៅ​បោះឆ្នោត​បាន។

ការ​ផាត់​ជនជាតិ​រ៉ូហ៊ីងយ៉ា​ចេញ​ពី​ដំណើរការ​បោះឆ្នោត​នៅពេលនេះ ត្រូវ​បាន​គេ​មើលឃើញ​ថា គឺ​ដោយសារ​តែ​មាន​សម្ពាធ​ពី​សំណាក់​ក្រុម​អ្នក​កាន់​ពុទ្ធសាសនា​ជ្រុល​និយម ដែល​មាន​ចលនា​រីកដុះដាល​កាន់តែ​ខ្លាំង​នៅ​ភូមា ហើយ​ដែល​សូម្បីតែ​លោកស្រី​ជ័យលាភី​ណូបែល​សន្តិភាព អ៊ុង សានស៊ូជី ក៏​ហាក់ដូចជា​មិនហ៊ាន​ធ្វើ​អ្វី ឬ​និយាយ​អ្វី​ឲ្យ​ក្រុមនេះ​ឃ្នើសចិត្ត​នោះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ