អានតួអត្ថបទ
ថៃ-ការ​ជួញដូរ​មនុស្ស

នគរបាល​ថៃ​រក​ឃើញ​សាកសព​មនុស្ស​៨​នាក់ ​ក្នុង​ជំរុំ​ជន​ភៀស​ខ្លួន​ ក្បែរ​ព្រំដែន​ម៉ាឡេស៊ី

សមត្ថកិច្ច​ថៃ ​ទើប​បាន​ជីក​យក​សាកសព​មនុស្ស​៨នាក់ ​ក្នុង​ជំរុំ​មួយ​កន្លែង ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ​ក្បែរ​​ព្រំដែន​ជា​មួយ​ប្រទេស​ម៉ាឡេស៊ី។ ជំរុំ​នេះ​ជា​ជំរុំ​ជន​ភៀស​ខ្លួន​មក​ពី​ភូមា ​និង​បង់ក្លាដែស ​ហើយ​ត្រូវ​ក្រុម​ឈ្មួយ​ជួញ​ដូរ​មនុស្ស ​ឃុំ​ទុក ​ទំរាំ​ដល់​វេន​បញ្ជូន​ឆ្លង​ចូល​ទឹកដី​ម៉ាឡេស៊ី​ ដោយ​ខុស​ច្បាប់។ នេះ​ជា​លើក​ទីមួយ​ហើយ ​ដែល​ថៃ​បាន​បង្ហាញ​ជា​សាធារណៈ​ នូវ​ការ​រកឃើញ​ជំរុំ​ជន​ភៀសខ្លួន​ខុស​ច្បាប់​បែប​នេះ ​ស្រប​ពេល​ដែល​សហគមន៍​អន្តរជាតិ​កំពុង​ចោទ​ប្រកាន់​ថា​ សមត្ថកិច្ច​ថៃ ​បាន​ចូល​ដៃ​ចូល​ជើង​​ ជាមួយ​ក្រុម​ទុច្ចរិត​ជួញដូរ​មនុស្ស។

សមត្ថកិច្ចថៃ បង្ហាញ​ឆ្អឹង​លលាដ៍ក្បាល​សាកសព​ ដែលបានជីក​យកចេញ​ពីរណ្តៅ​ក្នុង​ព្រៃ​ ក្បែរ​ព្រំ​ដែន​ម៉ាឡេស៊ី​ នៅថ្ងៃទី​ ២ ឧសភា ២០១៥
សមត្ថកិច្ចថៃ បង្ហាញ​ឆ្អឹង​លលាដ៍ក្បាល​សាកសព​ ដែលបានជីក​យកចេញ​ពីរណ្តៅ​ក្នុង​ព្រៃ​ ក្បែរ​ព្រំ​ដែន​ម៉ាឡេស៊ី​ នៅថ្ងៃទី​ ២ ឧសភា ២០១៥ REUTERS
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​សាកសព​ ទាំង ​៨​ មាន​៤ ​បាន​រលួយ​សល់​តែ​ឆ្អឹង ​ហើយ ​៥​ផ្សេង​ទៀត ​ទំនង​ទើប​តែ​បាន​ស្លាប់​ ថ្មីៗ​នេះ​ប៉ុណ្ណោះ។ សាកសាព​ទាំង​នេះ ​ត្រូវ​បាន​រក​ឃើញ​ក្នុង​រណ្តៅ ​កប់​ខ្មោច​រួម​មួយ​ នៅ​ក្នុង​ព្រៃ ​ចម្ងាយ​ប្រមាណ​ជាង​១០០​ម៉ែត្រ ​ពី​ព្រំដែន​រវាង​ខេត្ត ​សុងក្លា ​និង​ប្រទេស​ម៉ាឡេស៊ី ។ មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត ​ដែល​ស្គម​សល់​តែ​ស្បែក​ដណ្តប់​ឆ្អឹង ​ត្រូវ​បាន​គេ​ឃើញ​នៅ​ក្បែរ​នោះ ​ក្នុង​បន្ទាប់​រនាំង​ឫស្សី។ អាជ្ញាធរ​ថៃ ​បាន​សន្និដ្ឋាន​ថា ​នេះ​ជា​ជំរុំ ​ដែល​ពួក​ឈ្មួញ​ជួញដូរ​មនុស្ស ​បាន​ធ្វើ​ការ​ឃុំ​ជន​ភៀស​ខ្លួន​ទុក ​មុន​នឹង​បញ្ជូន​ចូល​ទៅ​ក្នុង​ទឹកដី​ម៉ាឡេស៊ី។

 
សាកសព ​មនុស្ស​ទាំង៨ ​ក៏​ដូច​ជា ​អ្នក​ដែល​នៅរស់​ទាំង​ពីរ​នាក់ ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ​ជា​ជន​អន្តោប្រវេសន៍​​អ៊ីស្លាម​ ដែល​ធ្វើ​ដំណើរ​មក​ពី ​ប្រទេស​ភូមា ​និង​ប្រទេស​បង់ក្លាដែស។ សមត្ថកិច្ច​ថៃ ​បាន​ដាក់​ការ​សង្ស័យ​ថា​ ជន​អន្តោប្រវេសន៍​ទាំង​នោះ ​អាច​ជា​ក្រុម​ជន​ជាតិ​ភាគ​តិច​ Rohingyas ​មក​ពី​ភូមា ដែល​ទ្រាំទ្រ​លែង​បាន​ ​ពី​ការ​ធ្វើ​បាប​របស់​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​ ​នៅ​ក្នុង​ខេត្ត​ Rakhine ​ប្រទេស​ភូមា។ បុរស​ម្នាក់​អាយុ ​៣៥​ឆ្នាំ ​ដែល​នៅ​រស់​ ក្នុង​ចំណោម​ពីរ​នាក់ ​ហើយ​កំពុង​មាន​ជំងឺ​គ្រុនចាញ់​យ៉ាង​ធ្ងន់ធ្ងរ ​បាន​និយាយ​ថា ​គាត់​ត្រូវ​បាន​គេ​ឃុំ​ទុក​ ជា​យូរ​ខែ​មក​ហើយ ​ដោយសារ​គ្មាន​ប្រាក់​បង់​ឲ្យ​គេ ​ដើម្បី​បាន​ឆ្លង​ទៅ​ម៉ាឡេស៊ី។

អង្គការ​សហ​ប្រជាជាតិ ​ក៏ដូច​ជា​ អង្គការ​ Human Rights Watch ​បាន​បញ្ជាក់​ថា ​គេ​គ្មាន​អ្វី​ភ្ញាក់​ផ្អើល​ទេ ចំពោះ​ការ​រក​ឃើញ​កន្លែង​ឃុំ​ទុក​ជន​ភៀស​ខ្លួន ​របស់​ក្រុម​ឈ្មួញ​ទុច្ចរិក ​នៅ​ក្បែរ​ព្រំដែន​ម៉ាឡេស៊ីនេះ។ មាន​ជនជាតិ ​ភាគ​តិច​អ៊ីស្លាម ​មក​ពី​ភូមា ​និង​បង់ក្លាដែស ​រាប់ពាន់​នាក់​ដែល​ធ្វើ​ដំណើរ​ចង់​ឆ្លង​ទៅ​ម៉ាឡេស៊ី។ ប៉ុន្តែ​អ្វី​ដែល​គេ​ភ្ញាក់​ផ្អើល ​គឺ​ថា ​នេះ​ជា​លើក​ទីមួយ​ហើយ ​ដែល​អាជ្ញាធរ​ថៃ ​បង្ហាញ​ជា​សាធារណៈ​ ពី​ការ​រក​ឃើញ​សាកសព​មនុស្ស ​និង​ជំរុំ​នេះ។

សូម​បញ្ជាក់​ថា ​កន្លង​មក​ អង្គការ​សិទ្ធិមនុស្ស ​ក៏​ដូច​ជា​សហគមន៍​អន្តរជាតិ​ បាន​ចោទ​ប្រកាន់​មន្ត្រី​ថៃ មួយ​ចំនួន ​ថា​បាន​ឃុបឃិត ​ជាមួយ​ឈ្មួញ​ទុច្ចរិត ​ជម្រឹត​យក​ប្រាក់​ពី​ក្រុម​ជន​ភៀស​ខ្លួន ​ដើម្បី​បញ្ជូន​ពួក​គេ​ ឆ្លង​ចូល​ទៅ​ទឹកដី​ម៉ាឡេស៊ី ​ដោយ​ខុស​ច្បាប់។ ជា​ទូទៅ ​ជន​ភៀស​ខ្លួន ​ត្រូវ​បាន​ពួក​ឈ្មួញ​ថៃ ​ធ្វើ​ទារុណកម្ម​ និង​ឃុំ​ទុក​យ៉ាង​អមនុស្សធម៌​ ជា​ទី​បំផុត។

យ៉ាង​ណា​មិញ ​ការ​បង្ហាញ​ជា​សាធារណៈ​នូវ​ការ​រក​ឃើញ​ជំរុំ​មរណៈ​នេះ​ វា​ស្រប​ពេល​ដែល ​រដ្ឋាភិបាល​​យោធា​ថៃ ​បាន​ប្រកាស​ធ្វើ​ការ​បោស​សម្អាត ​មេ​ទាហាន​ និង​មន្រ្តី​ធំៗ​ដែល​ពុក​រលួយ។ កាល​ពី​ខែ​មករា ​កន្លង​ទៅ ​មាន​មេ​នគរបាល ​ជា​ច្រើន​នាក់ ​រួម​ទាំង​មេ​ទាហាន​ជើងទឹក​ម្នាក់​ផង ​ត្រូវ​បាន​ជាប់​ទោស ​ពី​បទ​ជួញ​ដូរ​មនុស្ស។ ក្រោម​ក្រសែ​ភ្នែក​សំឡក់​សំឡឹង ​ពី​សហគមន៍​អន្តរជាតិ ​តាម​រយៈ​ប្រតិបត្តិការ​នេះ ​ថៃ​កំពុង​តែ​ធ្វើ​ការ​លាង​សម្អាត​មុខ​មាត់ ​ដ៏​ក្រខ្វក់​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ