អានតួអត្ថបទ
ថៃ

របបសឹក​បញ្ចេញ​​ឲ្យ​ឃើញ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី

ក្រុមប្រឹក្សា​កំណែទម្រង់​ជាតិ ដែល​បង្កើត​ឡើង​ដោយ​របប​សឹក​ថៃ ចាប់ផ្តើម ​នៅថ្ងៃ​ចន្ទ​ទី ២០​មេសា បើកការពិភាក្សា​លើ​សេចក្តី​ព្រាងច្បាប់​រដ្ឋធម្មនុញ្ញ ដែល​គណៈកម្មការ​ចងក្រង​ធម្មនុញ្ញ​ទើប​តែ​សរសេរ​បញ្ចប់ កាលពីថ្ងៃ​សុក្រ​ទី ១៧​មេសា។ សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​មាន​សរសេរ​បញ្ចូល​មាត្រា​មួយចំនួន​ដែល​នឹង​បិទផ្លូវ​មិន​ឲ្យ​គណបក្ស​ណាមួយ ឈ្នះឆ្នោត ទទួល​បាន​សំឡេង​ផ្តាច់មុខ នៅ​រដ្ឋសភា។ 

នៅថ្ងៃ​សុក្រ​ទី ១៧​មេសា លោក​ប្រាយុទ្ធ ចាន់អូចា​ប្រារព្ធខួប​៦​ខែ​ដែល​ចូល​កាន់អំណាច​ជា​នាយករដ្ឋមន្រ្តី​ថៃ ក្រោយ​រដ្ឋប្រហារ
នៅថ្ងៃ​សុក្រ​ទី ១៧​មេសា លោក​ប្រាយុទ្ធ ចាន់អូចា​ប្រារព្ធខួប​៦​ខែ​ដែល​ចូល​កាន់អំណាច​ជា​នាយករដ្ឋមន្រ្តី​ថៃ ក្រោយ​រដ្ឋប្រហារ ©REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

ជិតមួយ​ឆ្នាំក្រោយ រដ្ឋប្រហារ​យោធា នៅ​ប្រទេស​ថៃ គណៈកម្មាធិការ​ចងក្រង​រដ្ឋធម្មនុញ្ញ​បាន​សរសេរ​បញ្ចប់​សេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ក្រុមប្រឹក្សា​កំណែទម្រង់​ជាតិ ចាប់​ពិភាក្សា កែតម្រូវ ចាប់​ពីថ្ងៃ​ចន្ទនេះ​តទៅ។ បើសិន​ជា​របបសឹក​មិន​ប្រកាស​បើក​ធ្វើ​ការបោះឆ្នោត​ប្រជាមតិ ដើម្បី​ទទួល​ភ្លើងខៀវ​ពី​ប្រជាជន​ទេ នោះ​សេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ​ចុងក្រោយ​នឹងត្រូវ​ដាក់​ឲ្យ​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ត​លេខា ចូលជា​ធរមាន យ៉ាងឆាប់​បំផុត ខែ កញ្ញា​ចុងឆ្នាំ​នេះ។

 
មេដឹកនាំ​របបសឹក លោក​ប្រាយុទ្ធ ចាន់អូចា ធ្លាប់​បាន​ការពារ​ឲ្យ​មាន​ការសរសេរ​រដ្ឋធម្មនុញ្ញ​ថៃ​ថ្មី​មួយ ដើម្បី​ជៀសវាង​វិបត្តិ​ហែកហួរ​នយោបាយ ជាពិសេស នៅពេល​ដែល​ប្រទេស​ថៃ​ត្រូវ​រៀបចំ​ការបោះឆ្នោត​ជាតិ​ឡើងវិញ នៅ​ឆ្នាំក្រោយ។

តាម​គណៈកម្មការ​ចងក្រង​រដ្ឋធម្មនុញ្ញ ដែល​មាន​សមាជិក​៣៦​នាក់ រដ្ឋធម្មនុញ្ញ​ថ្មី​ចែង​ពី​មាន​ចំណុច​ថ្មីៗ​មួយ​ចំនួន ដើម្បី​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ប្រទេស​ថៃ​ជួប​ស្ថានភាព​ដូចមុន ដូចជា អំពើ​ពុករលួយ​របស់​អ្នកនយោបាយ ឬ​ការក្តោបក្តាប់​អំណាច​តែម្នាក់ឯង​របស់​គណបក្ស​ឈ្នះឆ្នោត​ជាដើម។ នៅថ្ងៃ​ចន្ទ ប្រធាន​គណៈកម្មាធិការ​ចងក្រង​រដ្ឋធម្មនុញ្ញ លោក​បវ៉នសាក់ អ៊ូវ៉ាន់ណូ បាន​បដិសេធ​នឹង​ការចោទ​ប្រកាន់​ដែល​ថា រដ្ឋធម្មនុញ្ញ​ថ្មី​ត្រូវ​បាន​បង្កើតឡើង​ដើម្បី ទប់ស្កាត់​កុំ​ឲ្យ​គ្រួសារ​បក្សពួក​របស់​លោក​ថាក់ស៊ីន​ចូល​កាន់អំណាច​ក្នុង​រដ្ឋាភិបាល។ ប៉ុន្តែ លោក​ទទួល​ស្គាល់​ថា សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី នឹង​ហាម​មិន​ឲ្យ​រដ្ឋាភិបាល​មាន​សំឡេង​ភាគច្រើន បង្កើត​អំណាច​ផ្តាច់ការ​នៅ​សភា។

គួរ​រំលឹក​ថា តាំង​ពី​ឆ្នាំ ២០០១ គណបក្ស​ដឹកនាំ​ដោយ​គ្រួសារ បក្ស​ពួក​របស់​លោកថាក់ស៊ីន​តែង​ទទួល​ជ័យជំនះ នៅរាល់​ការបោះឆ្នោត​ជាតិ ប៉ុន្តែ យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ពីរលើក បន្ទាប់​ពីមាន​ការប្រឆាំង​ជំទាស់​ពី​គណបក្ស​ប្រឆាំង ដែល​គាំទ្រ​ដោយ​ព្រះរាជវាំង និង​កងទ័ព។

យោងតាម​សេចក្តី​ព្រាង​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី ការបោះឆ្នោត​នឹង​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​សមាមាត្រ យក​តាម​គំរូ​របស់​ប្រទេស​អាល្លឺម៉ង់ ពោល​គឺ​អនុញ្ញាត​ឲ្យ​គណបក្ស​តូចតាច អាច​ទទួល​សំឡេង​ឆ្នោត នៅ​សភា ដើម្បី​ចូលរួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ។ ក្នុង​ករណី​កើតមាន​វិបត្តិ​នយោបាយ នៅក្រោយ​ការបង្កើត​រដ្ឋាភិបាល​ចម្រុះ មន្រ្តី​ម្នាក់ ដែល​មិន​ចេញ​មក​ពី​ការបោះឆ្នោត​ជាតិ​ទាល់តែសោះ នឹង​ត្រូវ​ជ្រើសតាំង​ជា​នាយករដ្ឋមន្រ្តី​ដឹកនាំ​រដ្ឋាភិបាល។ តាម​រដ្ឋធម្មនុញ្ញ​ចាស់ នាយករដ្ឋមន្រ្តី​ត្រូវ​តែ​ជា​អ្នកតំណាងរាស្រ្ត ដែល​ជ្រើសតាំង​ដោយ​សភា។ តាម​គណៈកម្មាធិការ​ចងក្រង​រដ្ឋធម្មនុញ្ញ សេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី មាន​ទិសដៅ​ផ្តល់​អំណាច​ដល់​ប្រជាជន។ គេ​នឹង​បង្កើត​ក្រុមប្រឹក្សា​ជាតិ មួយ ដើម្បី​តាមដាន​ការងារ និង​សីលធម៌​របស់​អ្នកនយោបាយ។ ចំណែក​អនាគត​សមាជិក​ព្រឹទ្ធសភា​ថៃ ទៀតសោត នឹង​លែង​ចេញ​មក​ពី​ការបោះឆ្នោត​នៅ​តាម​ខេត្ត​ដូចមុន​ទៀតហើយ។ គឺ​គណៈកម្មាធិការ​រដ្ឋ ដែល​ដឹកនាំ​ដោយ​ព្រះមហាក្សត្រ​ដែល​ជាអ្នកតែងតាំង​សមាជិក​ព្រឹទ្ធសភា។

អ្នកវិភាគ​ថៃ​ជាច្រើន​យល់ថា សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​កំពុង​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ដើរ​ថយក្រោយ។ នោះ​ក៏ព្រោះថា ប្រជាជន​​ថៃ​រំដោះ​ខ្លួន​ចេញ​ផុត​ពី​អំណាច​គ្រប់គ្រង​របស់​​ព្រះមហាក្សត្រ នៅ​ឆ្នាំ ១៩៣២ និង​បាន​បង្កើត​ការបោះឆ្នោត ដើម្បី​ជ្រើសរើស​មេដឹកនាំ តាម​លក្ខណៈ​ប្រជាធិបតេយ្យ ប៉ុន្តែ រដ្ឋធម្មនុញ្ញ​ថ្មី បែរ​ជាផ្តល់​អំណាច​ដល់​ក្រុម​យោធា និង​ព្រះរាជវាំង​ឲ្យ​ត្រលប់​មក​​កាន់អំណាច​ទៅវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ