អានតួអត្ថបទ
ថៃ

ព្រះមហាក្សត្រថៃ​ប្រកាស​ទទួលស្គាល់​របបថ្មី​ក្នុង​ក្រុងបាងកក​ដឹកនំា​ដោយ​មេទ័ព​ប្រាយុទ្ធ ចាន់អូចា

នៅ​ក្នុង​ប្រទេស​ថៃ នា​ថ្ងៃចន្ទ ទី២៦ ឧសភា​នេះ មេទ័ព​ប្រាយុទ្ធ ចាន់អូចា​ដែល​បាន​ធ្វើ​រដ្ឋប្រហារ ក្តោប​យក​អំណាច​កាល​ពី ៤ថ្ងៃ​មុន ទើប​បាន​ទទួល​ការ​គំាទ្រ​ជា​ផ្លូវការ​ពី​ព្រះមហាក្សត្រ ព្រះចៅ​ភូមិបុល អាឌូយ៉ាដេត។ តែ​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ និង​ទោះបី​ជា​របបសឹក​បាន​ហាម​មិន​ឲ្យ​រៀបចំ​បាតុកម្ម​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​មាន​ប្រជារាស្រ្ត​ថៃ​កាន់​តែ​ច្រើន​ឡើងៗ​បាន​នំា​គ្នា​ចុះ​ផ្លូវ​ប្រឆំាង​នឹង​រដ្ឋប្រហារ។ នៅ​ថ្ងៃ​នេះ របបសឹក​បាន​ព្រមាន​ទុក​ជា​មុន​ថា កងទ័ព​នឹង​ចេញ​ប្រតិបត្តិការ​បង្រ្កាប​លើ​គ្រប់​បាតុកម្ម​ទំាង​អស់​ដែល​កើត​មាន​ចាប់​ពី​ថ្ងៃ​នេះ​ទៅ។

មេទ័ពប្រាយុទ្ធ ចាន់អូចា និងក្រុមរបស់លោកមានសម្លៀកបំពាក់ពណ៌ ស នាឱកាស​អានព្រះរាជក្រឹត្យរបស់ព្រះចៅ​ភូមិវិបុល
មេទ័ពប្រាយុទ្ធ ចាន់អូចា និងក្រុមរបស់លោកមានសម្លៀកបំពាក់ពណ៌ ស នាឱកាស​អានព្រះរាជក្រឹត្យរបស់ព្រះចៅ​ភូមិវិបុល Reuters
ផ្សាយពាណិជ្ជកម្ម

 

មិន​មាន​អ្វី​ថ្មី​ទេ តែ​គ្រាន់​ជា​ការ​បំពេញ​បន្ថែម​លើ​ទម្រង់​បែបបទ​មួយ​ដែល​បញ្ជាក់​ពី​ភាព​ស្របច្បាប់​របស់​របបសឹក​តែ​ប៉ុណ្ណោះ។ គឺ​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ដែល​គេ​បាន​ឃើញ​រូប​មេទ័ព​ប្រាយុទ្ធ ចាន់អូចា និង​ក្រុម​របស់​លោក​មាន​សម្លៀកបំពាក់​ពណ៌ ស និង​បាន​អង្គុយ​លត់ជង្គង់​នៅ​ចំពោះ​មុខ​រូបថត​ព្រះចៅ​ភូមិវិបុល​នា​ឱកាស​អាន​ព្រះរាជក្រឹត្យ​របស់​ព្រះអង្គ។ ពិធី​នោះ​ត្រូវ​បាន​របបសឹក​រៀបចំ​នៅ​ទីស្នាក់ការកណ្តាល​របស់​កងទ័ព និង​ដែល​ត្រូវ​បាន​គេ​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍។ « គឺ​ដើម្បី​ស្តារ​សន្តិភាព​ឡើង​វិញ និង​រៀបចំ​សណ្តាប់ធា្នប់សង្គម​ក្នុង​ប្រយោជន៍​ឯកភាពជាតិ ព្រះមហាក្សត្រ​បាន​តែងតំាង​លោក​ឧត្តមសេនីយ​ប្រាយុទ្ធ ចាន់អូចា​ឲ្យ​បំពេញ​បេសកកម្ម​ជា​អ្នក​ដឹកនំា​ប្រទេស​ចាប់​ពី​ពេល​នេះ​ត​ទៅ » នេះ​ជា​ខ្លឹមសារ​នៅ​ក្នុង​ព្រះរាជក្រឹត្យ​របស់​ព្រះចៅ​ភូមិវិបុល​ដែល​អាន​ដោយ​លោក​ប្រាយុទ្ធ ចាន់អូចា​ផ្ទាល់​ខ្លួន។

បន្ទាប់​ពី​បាន​អាន​ព្រះរាជក្រឹត្យ​របស់​ព្រះចៅ​ភូមិបុល អាឌូយ៉ាដេត​ចប់​ភ្លាម មនុស្សខ្លំាង​ថ្មី​ក្នុង​ទីក្រុង​បាងកក​ក៏​បាន​ប្រកាស​ព្រមាន​ដល់​ក្រុមប្រឆំាង​នឹង​រដ្ឋប្រហារ​ថា លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​បាតុកម្ម​ថ្មី​ណា​មួយ​ទៀត​ទេ​ចាប់​ពី​ថ្ងៃចន្ទ ទី២៦ ឧសភា​នេះ​ទៅ។ « បើ​ពួក​ប្រឆំាង​ហ៊ាន​ធ្វើ​បាតុកម្ម​ជា​ថ្មី ខ្ញុំ​នឹង​អនុវត្តន៍​ច្បាប់ ហើយ​អ្នកចាប់ខ្លួន​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​យោធា » នេះ​ជា​ថ្លែង​របស់​លោក​ប្រាយុទ្ធ ចាន់អូចា​នៅ​ក្នុង​សន្និសីត​កាសែត​មួយ​នា​រសៀល​ថ្ងៃ​នេះ។ ការ​ព្រមាន​របស់​លោក​ចាន់អូចា​ពេល​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​ប្រជារាស្រ្ត​ថៃ​ជាង ១ ០០០នាក់​បាន​បំពាន​លើ​ច្បាប់​អាជ្ញាសឹក ដោយ​នំា​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆំាង​រដ្ឋប្រហារ​នៅ​ថ្ងៃ​អាទិត្យ ទី២៥ ឧសភា​ម្សិលមិញ។

ជាមួយ​នឹង​ព្រះរាជ្យក្រឹត្យ​របស់​ព្រះមហាក្សត្រ​ពេល​នេះ មេរដ្ឋប្រហារ​ប្រាយុទ្ធ ចាន់អូចា​អាច​ប្រើ​ជា​មូលដ្ឋាន​មួយ​ដើម្បី​បញ្ជាក់​ពី​ភាព​ស្របច្បាប់​នៃ​របបសឹក​របស់​លោក។ ដោយឡែក​ក្នុង​ពេល​នេះ គ្រប់គ្នា​កំពុង​បារម្ភ​ពី​ការ​ដែល​របបសឹក​បាន​ចាប់​ខ្លួន​ឥស្សរជន​នយោបាយ និង​សកម្មជន​របស់​សង្គម​ស៊ីវិល​ជា​ច្រើន​នាក់​យក​ទៅ​ឃុំ ពិសេស​លោកស្រី​អតីត​នាយករដ្ឋមន្រ្តី​យីងឡាក់។ របបសឹក​ធ្លាប់​បាន​ប្រកាស​ថា អ្នកចាប់ខ្លួន​ទំាង​អស់​នឹង​ត្រូវ​ឃុំទុក​យ៉ាង​យូរ​បំផុត​រយៈពេល ១សប្តាហ៍។ តាម​ធម្មតា ពួក​គេ​នឹង​ត្រូវ​ដោះលែង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ ឧសភា​ខាង​មុខ និង​ដោយ​មិន​ត្រូវ​ទទួល​ទោស​អ្វី​ទេ។ និយាយ​ពី​មេបាតុករ​អាវលឿង​លោក​ស៊ូថេប តុលាការ​ទើប​បាន​ដោះលែង​ឲ្យ​រួច​ខ្លួន​ក្នុង​ថ្ងៃចន្ទ ទី២៦ ឧសភា​នេះ ជា​ថ្នូរ​នឹង​ការ​តម្កល់ប្រាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ