អានតួអត្ថបទ
ថៃ

ថៃ៖១ភាគ៣ នៃ​សមាជិក​រដ្ឋាភិបាល​ថ្មី​មាន​ប្រភព​ចេញ​ពី​កងទ័ព

នៅ​ក្នុង​ប្រទេស​ថៃ បន្ទាប់​ពី​បាន​តែងតំាង​ខ្លួន​ឯង​ជា​នាយករដ្ឋមន្រ្តី​មក ឧត្តមសេនីយ​ប្រាយុទ្ធ ចាន់អូចា​ដែល​ជា​មេរដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​កាល​ពី​ខែ​ឧសភា​ទើប​បាន​ប្រកាស​ឲ្យ​ដឹង​នូវ​សមាសភាព​រដ្ឋាភិបាល​ថ្មី​របស់​លោក​ដែល​មាន​សមាជិក​ភាគច្រើន​ជា​កងទ័ព។ ការ​ដាក់​បញ្ចូល​មន្រ្តី និង​អតីត​មន្រ្តី​យោធា​ទៅ​ក្នុង​រដ្ឋាភិបាល​ថ្មី​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក​ចាន់អូចា​មិន​អាច​ទុក​ចិត្ត​អ្នក​ផ្សេង ក្រៅ​ពី​កងទ័ព និង​ក៏​មាន​ឆន្ទៈ​ចង់​បង្កើន​ឥទ្ធិពល​កងទ័ព​នៅ​ក្នុង​ឆាកនយោបាយ​ដែរ។

លោក ប្រាយុទ្ធ​ចាន់អូចា ប្រកាស​រៀប​ចំ​បោះឆ្នោត​ យ៉ាង​ឆាប់​នៅ​ឆ្នាំ​ក្រោយ
លោក ប្រាយុទ្ធ​ចាន់អូចា ប្រកាស​រៀប​ចំ​បោះឆ្នោត​ យ៉ាង​ឆាប់​នៅ​ឆ្នាំ​ក្រោយ AFP
ផ្សាយពាណិជ្ជកម្ម

ដូច​ដែល​បាន​គ្រោង​ទុក សមាសភាព​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនំា​ដោយ​នាយករដ្ឋមន្រ្តី ឧត្តមសេនីយ​ប្រាយុទ្ធ ចាន់អូចា​ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះចៅ​ភូមិបុល​ចេញ​ព្រះរាជក្រិត្យ​ទទួល​យល់ព្រម​ជា​ផ្លូវការ​នៅ​ថ្ងៃ​អាទិត្យ ទី៣១ សីហា។ អ្វី​ជា​ការ​កត់សម្គាល់ មាន​សមាជិក​ជិត ១ភាគ៣ នៃ​សមាជិក​សរុប​ទំាង ៣២រូប​នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី​មាន​ប្រភព​ចេញ​មក​ពី​មន្រ្តី​កងទ័ពជាន់ខ្ពស់ ពិសេស​ច្រើន​ជា​មនុស្ស​ជំនិត​របស់​លោក​ប្រាយុទ្ធ ចាន់អូចា។ តែ​យ៉ាង​ណា​ក៏​ដោយ តំណែង​របស់​រដ្ឋមន្រ្តី​ម្នាក់​ដែល​ស្នើ​ដោយ​លោក​ចាន់អូចា​នឹង​ត្រូវ​ទទួល​ការ​បញ្ជាក់​យល់ព្រម​ពី​ព្រះមហាក្សត្រ​នៅ​ក្នុង​ពិធី​រៀបចំ​ប្រគល់​តំណែង​ដែល​គ្រោង​ធ្វើ​ក្នុង​សប្តាហ៍​នេះ​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ស្ថិត​ក្នុង​ទីក្រុង​បាងកង​ដែល​ព្រះចៅ​ភូមិបុល​កំពុង​សម្រាក​ព្យាបាល​ជំងឺ។ គួរ​ជម្រាប​ជូន​ថា​មាន​ព្រះជន្ម ៨៦ព្រះវស្សា ព្រះចៅ​ភូមិបុល​ត្រូវ​បាន​ប្រជារាស្រ្ត​គោរព​ដូច​ព្រះអាទិទេព។

មាន​ក្រសួង​សំខាន់ៗ​មួយ​ចំនួន​ត្រូវ​បាន​លោក​ចាន់អូចា​ប្រគល់​ទៅ​ឲ្យ​មន្រ្តីយោធាជាន់ខ្ពស់​កាន់កាប់ ដូច​ជា​ក្រសួង​យុត្តិធម៌ ការបរទេស ពាណិជ្ជកម្ម ឬ​មួយ​ក៏​ក្រសួង​មហាផ្ទៃ។ មួយ​វិញ​ទៀត ក្នុង​ចំណោម​មន្រ្តី​យោធាជាន់ខ្ពស់​ដែល​បាន​ទទួល​តំណែង​ជា​រដ្ឋមន្រ្តី ក៏​មាន​មន្រ្តី​ខ្លះ​ជាប់​ឈ្មោះ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ព្រឹត្តិការណ៍​វាយបង្រ្កាប​លើ​ពួក​បាតុករ​អាវក្រហម​​កាល​ពី​ឆ្នំា ២០១០។ ជាក់ស្តែង គឺ​ឧត្តមសេនីយ​អានុពុង ប៉ាវជិនដា​ដែល​បាន​ទទួល​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ។ ជា​រួម​គេ​សង្កេត​ឃើញ​ថា សមាជិក​រដ្ឋាភិបាល​ថ្មី​របស់​លោក​ចាន់អូចា​មិន​មាន​វត្តមាន​ចូលរួម​ពី​ឥស្សរជន​នយោបាយ​កណ្តាលនិយម​ទេ។ នេះ​ជា​សញ្ញា​មួយ​បញ្ជាក់​ឲ្យ​ឃើញ​ថា របបសឹក​ពិត​ជា​គ្មាន​បំណង​ណា​មួយ​ដើម្បី​ផ្សះផ្សា​ជាមួយ​ក្រុមអ្នកគំាទ្រ​លោក​អតីត​នាយករដ្ឋមន្រ្តី​ថាក់ស៊ីន​ទេ។

គួរ​រម្លឹក​ជូន​ថា តំាង​តែ​ពី​ថ្ងៃទី២២ ឧសភា​មក ឥស្សរជន​នយោបាយ​ភាគច្រើន​បាន​បាត់​ស្រមោល​ពី​បណ្តាញ​ឃោសនាមហាជន រីឯ​សិទ្ធិសេរីភាព​បញ្ចេញ​មតិ​រិះគន់​ក៏​ត្រូវ​គេ​ហាមប្រាម​ដែរ។ ចំណែក​ស្ថានប័ន​កងទ័ព​ធ្លាប់​បាន​ព្រមាន​រួច​ហើយ​ថា ទោះបី​ជា​មាន​ការប្រសូត្រ​ចេញ​នូវ​រដ្ឋាភិបាល​ស៊ីវិល​មួយ​នា​ថ្ងៃ​ខាង​មុខ​ក៏​ដោយ ក៏​របបសឹក​នៅ​តែ​មាន​វត្តមាន​ទន្ទឹម​នឹង​រដ្ឋាភិបាល​ស៊ីវិល​ជានិច្ច។ តែ​មក​ដល់​ថ្ងៃ​នេះ ការ​រៀបចំ​បោះឆ្នោត​ត្រូវ​បាន​របបសឹក​លើក​ពេល​រហូត​ដល់​ខែ​តុលា ឆ្នំា ២០១៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ