អានតួអត្ថបទ
តួកគី-ចិន

ប្រធានាធិបតី​តួកគី​ទៅ​ចិន ដើម្បី ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំង២ ដែល​ចុះ​ស្រអាប់​ដោយសារ​វិបត្តិ​អ៊ុយហ្គួរ

ប្រធានាធិបតី​តួកគី​រេស៊ីប អ៊ែរដូហ្កាន ផ្តើម​ទស្សនកិច្ច​ផ្លូវរដ្ឋ រយៈពេល ២​ថ្ងៃ នៅថ្ងៃ​ពុធនេះ នៅ​ប្រទេស​ចិន នៅក្នុង​បរិបទ​ដែល​ប្រទេស​ទាំងពីរ​កំពុង​ជួប​ភាពតានតឹង​ការទូត​នឹងគ្នា ដោយសារ​តែ​រឿង​ប្រជាជន​អ៊ុយហ្គួរ ដែលរស់នៅ​តំបន់​ស្វយ័ត ស៊ីនជាំង ក្នុង​ប្រទេស​ចិន។  

ប្រធានាធិបតី​តួកគី​ទទួល​គារវកិច្ច​ដោយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង នៅ​ទីក្រុង​ប៉េកាំង ថ្ងៃ​ទី ២៩ កក្កដា ២០១៥
ប្រធានាធិបតី​តួកគី​ទទួល​គារវកិច្ច​ដោយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង នៅ​ទីក្រុង​ប៉េកាំង ថ្ងៃ​ទី ២៩ កក្កដា ២០១៥ ©REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

នេះ​ជាលើក​ទី ១ ដែល​លោក​រេស៊ីប អែរដូហ្កាន ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ ក្នុង​ប្រទេស​ចិន ក្នុង​នាម​ជា​ប្រធានាធិបតី​តួកគី។ លោក​រេស៊ីប អ៊ែរដូហ្កាន បាន​ក្លាយជា​ប្រធានាធិបតី​តួកគី ​កាលពី​ឆ្នាំ ២០១៤។ នៅ​ទីក្រុង​ប៉េកាំង លោកប្រធានាធិបតី តួកគី មាន​អម​ដំណើរ​ទៅដោយ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ និង​អ្នកវិនិយោគ តួកគី ជាង ១០០នាក់។ ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី អ៊ែរដូហ្កាន នៅ​ប្រទេស​ចិន នឹង​ផ្តោត​ទៅលើ​ការពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ។

 
ចិន តាំង​ពី​ខែ​ឧសភា​មក ចិន​បាន​ក្លាយ​ជា​ប្រទេស​ផ្គត់ផ្គង់ ធំទី​១​របស់​តួកគី ដោយ​ជំនួស​កន្លែង​របស់​អាល្លឺម៉ង់ និង​រុស្ស៊ី។ ការដោះដូរ​ពាណិជ្ជកម្ម ចិន តួកគី មាន​តម្លៃ​កើន​ឡើង​ដល់ ២៤ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំ។ កាលពី​ឆ្នាំ ២០១២ ប្រទេស​ទាំងពីរ បាន​សន្យា​រួចហើយថា នឹង​បង្កើន​ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២ ឲ្យ​ដល់ ១០០​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ ២០២០។

ប្រធានាធិបតី​តួកគី​ទៅ​ចិន ដើម្បី​ស្វែងរកជំនួយ​យោធា​ពី​ចិន
លោក​អ៊ែដូហ្កាន ធ្វើ​ទស្សនកិច្ចទៅ​ប្រទេស​ចិន បន្ទាប់ពី​តួកគី ទើប​បាន​ការគំាទ្រ​ពី អូតង់ សម្រាប់​ប្រតិបត្តិការ ​វាយប្រហារ​ទៅលើ​ទីតាំង​របស់​ក្រុមជីហាត រដ្ឋអ៊ីស្លាម និង​ក្រុមឧទ្ទាម គួឌីស្ថាន ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់ ដែល​​តួកគីប់ើក​ធ្វើ តាំងពី​ថ្ងៃ​សុក្រ​ទី ២៤​កក្កដា។ 

នៅក្នុង​ដំណើរ​ទស្សនកិច្ចទៅ​ប្រទេស​ចិន លោក​ប្រធានាធិបតី អ៊ែរដូហ្កាន នឹង​និយាយ​ ពី​គម្រោង​ទិញ​ខែល​មីស៊ីល របស់​តួកគី ដែល​ក្រុមហ៊ុនរដ្ឋ​ចិន ដេញថ្លៃ​យក​បាន​កាលពី​ឆ្នាំ ២០១៣។ តួកគី ចង់​ទិញ​ខែលមីស៊ីល របស់​ចិន ដើម្បី​យក​មក​បំពាក់ ប្រព័ន្ធ​ការពារ​ប្រទេស។ ប៉ុន្តែ ការចរចា ទិញ​ខែល​មីស៊ីល​របស់​ចិន ដែល​មាន​តម្លៃ ៣ ៤០០​លាន​ដុល្លារ ត្រូវ​បាន​ជាប់គាំង គ្មាន​បាន​ចេញ​កិច្ចព្រមព្រៀង​អ្វី ដោយសារ​តែ​ តួកគី​ សមាជិក​របស់​អូតង់ បាន​រងការដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ពី​ប្រទេស​សមាជិក​អូតង់​ដទៃ ទៀត ជាពិសេស អាមេរិក ដែល​មិនចង់​ឲ្យ​តួកគី​ទិញ​អាវុធ ពី​ប្រទេស​ចិន។ ប្រាកដណាស់ ថា អាមេរិក​ពិតជា​មិនចង់​ឲ្យ​តួកគី​របូតពី​ដៃ ធ្លាក់ក្រោម​ឥទ្ធិពល​របស់​ចិន។

ដោយសារ​គំនាប​របស់​សម្ព័ន្ធមិត្ត​នៅក្នុង​អង្គការ​អូតង់ តួកគី​មិន​ទាន់​បាន​ចុះកិច្ចព្រមព្រៀង​ទិញ ខែល​មីស៊ីល​ពី​ចិន ហើយ​ជាមួយគ្នានោះ ក៏​បាន​បើក​ការចរចា​ជាមួយ​ក្រុមហ៊ុន​ផលិត​អាវុធ​អាមេរិក និង​អ៊ីតាលី។ ទោះចរចា​ជាមួយ​ក្រុមហ៊ុន​អាមេរិក ឬ​តួកគី ប៉ុន្តែ តួកគី​នៅ​តែ​ចិញ្ចឹមចិត្ត​ចង់​បាន​ខែល​មីស៊ីល​របស់​ចិន ដែលមាន​តម្លៃ​ថោក ហើយ​មាន​គុណភាព។ នៅមួយថ្ងៃ​មុន​ទៅដល់​ប្រទេស​ចិន លោក​ប្រធានាធិបតី​តួកគី​បាន​បញ្ជាក់​ថា លោក​នឹង​និយាយ​សាជាថ្មី ជាមួយ លោក​ប្រធានាធិបតី ពី​សំណើ​លក់​ខែល​មីស៊ីល ចិន ទៅឲ្យ​តួកគី។

ក្នុង​កាលៈទេសៈ ដែល​តួកគី​កំពុង​បើក​ប្រតិបត្តិការ​វាយប្រហារ​ទៅលើ​ក្រុមជីហាត​រដ្ឋអ៊ីស្លាម នៅ​ស៊ីរី យ៉ាង​ដូច្នេះ តួកគី​ប្រហែល​ជា​អាច​និយាយ​បញ្ចុះបញ្ចូល​សម្ព័ន្ធមិត្ត ឲ្យ​អនុញ្ញាត​ឲ្យ​តួកគី បាន​ទិញ​ខែល​មីស៊ីល​ពី​ចិន ដើម្បី ទុក​គ្រាន់ការពារ​ប្រទេស​ពី​ការវាយប្រហារ​ពី​ក្រុមជីហាត។ នៅ​ចិន ប្រធានាធិបតី​តួកគី ទំនង​ចង់​បញ្ចុះបញ្ចូល​ផងដែរ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​ឲ្យ​គាំទ្រ ចូលរួម​ជាមួយ​តួកគី ដើម្បី​ប្រយុទ្ធ ប្រឆាំង​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី និង​អ៊ីរ៉ាក់។ ប៉ុន្តែ លោក​អ៊ែរដូហ្កាន ទំនង​នឹង​មិន​បាន​ទទួល​ចម្លើយ​វិជ្ជមានទេ ព្រោះថា ចិន​ធ្លាប់​បាន​បដិសេធ​រួចហើយ មិន​ចូលរួម នៅក្នុង​សម្ព័ន្ធ​អន្តរជាតិ ដឹកនាំ​ដោយ​អាមេរិក ដើម្បី ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត នៅ​ស៊ីរី។
 
ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន នៅ​ ប្រទេស​ចិន ​ធ្វើឡើង នៅក្នុង​បរិបទ​មួយ ដែល ទំនាក់ទំនង​ចិន និង​តួកគី​កំពុង​ត្រូវ​បំពុល ដោយសារ​វិបត្តិ​ជនជាតិ​អ៊ុយហ្គួរ
ដំណើរទស្សនកិច្ច​របស់​ប្រធានាធិបតី​តួកគី ទៅទីក្រុង​ប៉េកាំង ធ្វើ​ឡើង នៅ​ប៉ុន្មាន​សប្តាហ៍​ក្រោយ ដែល​ប្រជាជន​តួកគី​ធ្វើ​បាតុកម្ម ដុត​ទង់ជាតិ​ចិន ដើម្បី ប្រឆាំង​នឹង​ការបង្រ្កាប បិទ​សិទ្ធិ​សេរីភាព ប្រជាជន​អ៊ុយហ្គួរ នៅ​តំបន់​ស៊ីនជាំង ដែល​ប្រជាជន​តួកគី ចាត់ទុក​ជា​បងប្អូន សាច់ឈាម​តែមួយ របស់​តួកគី។

កាលពី​ដើម​ខែ​មិថុនា  អ៊ែដូហ្កាន បាន​ផ្ញើ​សារ មិនពេញចិត្ត​ទៅ​ទីក្រុង​ប៉េកាំង បន្ទាប់ពី​មានដំណឹង​ចុះផ្សាយ​ថា ប្រជាជន​អ៊ុយហ្គួរ​នៅ​ខេត្ត​ស៊ីនជាំង ត្រូវ​បាន​អាជ្ញាធរ​ចិន​រារំាង​មិន​ឲ្យ​គោរព​ទំនៀមទម្លាប់​តមអាហារ នៅ​រដូវ​បុណ្យ​បួស រ៉ាម៉ាដង់ ដែល​ជា​ទម្លាប់​របស់​ប្រជាជន​កាន់សាសនា​អ៊ីស្លាម។ សម្រាប់​តួកគី ចិន​កំពុង​ធ្វើបាប បិទ​សេរីភាព​គោរព​សាសនា​អ៊ីស្លាម​និង​វប្បធម៌ របស់ ប្រជាជន​អ៊ុយហ្គួរ ដែល​ជា​បងប្អូន​របស់​តួកគី។ ការចោទប្រកាន់​ដែល​ទីក្រុង​ប៉េកាំង បដិសេធ​រុញច្រានចោល។
 
រដ្ឋាភិបាល​តួកគី ដែល​មក​ពី​ក្រុមអភិរក្ស​អ៊ីស្លាម​និយម បាន​ចេញមុខ​ការពារ​ប្រជាជន​អ៊ុយហ្គួរ រស់នៅ​ខេត្ត​ស៊ីនជាំង ដែល​និយាយ​ភាសា និង​កាន់​សាសនា​អ៊ីស្លាម ដូច​ប្រជាជន​តួកគី។ កាលពី​ឆ្នាំ ២០០៩ លោក​ប្រធានាធិបតី​តួកគី អ៊ែរដូហ្កាន ដែល​កាលណោះ​មានតំណែង​ជា​នាយករដ្ឋមន្រ្តី បាន​ចាត់ទុក ការបង្រ្កាប​របស់​ទាហាន​ចិន ទៅលើ​ប្រជាជន​អ៊ុយហ្គួរ នៅ​ស៊ីនជាំង ថា ជាអំពើប្រល័យពូជសាសន៍។

តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស​Reuters ដែល​បាន​ស្រង់​សំដី​របស់​ប្រជាជន​អ៊ុយហ្គួរ នៅ​តួកគី ស្ថានទូត​តួកគី នៅ​តាម​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ បាន​ជួយសម្រួល​ផ្តល់​ក្រដាស​ស្នាម ដើម្បី​ជួយ​ជនភៀសខ្លួន​អ៊ុយហ្គួរ ដែល​រត់ពី​ទឹកដី​ចិន ទៅ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ដូចជា​ម៉ាឡេស៊ី បាន​ធ្វើដំណើរ​បន្ត​ទៅ​ប្រទេស​តួកគី។ ចុងក្រោយនេះ តួកគី​បាន​ទទួល​ប្រជាជន​អ៊ុយហ្គួរ ជាង ១០០នាក់​ដែល​បញ្ជូន​ពី​ប្រទេស​ថៃ។ បាតុកម្ម​ប្រឆាំង​ចិន និង​ថៃ កាលពី​ពេលថ្មីៗនេះ នៅក្នុង​ប្រទេស​តួកគី កើតមានឡើង ក៏ដោយសារ​តែ​ថៃ បាន​ចាប់បញ្ជូន​ជនជាតិ​អ៊ុយហ្គួរ​ផ្សេងទៀត ទៅ​ប្រទេស​ចិន​វិញ​ដែរ។ តាម​តួកគី ជនជាតិ​អ៊ុយហ្គួរ​ដែល​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ចិន នឹង​ត្រូវ​ប្រឈម​នឹង​ការធ្វើបាប ឬ​ការផ្តន្ទាទោស ដាក់គុក ដោយសារ​តែពួកគេ​មានលិខិត​ឆ្លងដែន​ខុសច្បាប់។

ខ្លួនមួយ​ចង់​ជិះទូក​ពីរ
រឿង​ប្រជាជន​អ៊ុយហ្គួរ​បាន​ធ្វើ​ឲ្យ​ចិន និង​តួកគី​មាន​ផល​រមាស់​ជាមួយគ្នា រាប់​ឆ្នាំមកហើយ។ ចិន​មិនមែន​មិនដឹង​ថា តួកគី​កំពុង​ជួយ​ផ្តល់​ក្រដាសស្នាម ដើម្បី ទទួល​ជនជាតិ​អ៊ុយហ្គួរ​នោះ​ទេ ប៉ុន្តែ ចិន​មើល​ឃើញ​ប្រយោជន៍​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​តួកគី ធំជាង​សំណុំរឿង​អ៊ុយហ្គួរ។ ចិន​ត្រូវការ​តួកគី ដែល​ស្ថិតនៅ​លើ​ផ្លូវសូត្រ របស់​ចិន ដើម្បី ធ្វើ​ជាស្ពាន​ឆ្លង​នាំទំនិញ ពាណិជ្ជកម្ម​ចិន ទៅ​កាន់​អឺរ៉ុបកណ្តាល និង​អឺរ៉ុប​ខាងលិច។ យ៉ាងណាក៏ដោយ ចិន​ក៏ធ្លាប់​បាន​សំដែង​ក្តីកង្វល់​ពី​លំហូរ​ចូលជនជាតិ​អ៊ុយហ្គួរ ទៅ​ក្នុង​ទឹកដី​តួកគី។ តាម​ទីក្រុង​ប៉េកាំង ជនជាតិ​អ៊ុយហ្គួរ មួយចំនួន ដែល​ចិន​ចាត់ទុក​ជា​ក្រុមភេរវនិយម​បាន​ប្រើ​ទឹកដី​តួកគី ដើម្បី​ចូល​ទៅ​ប្រយុទ្ធ​ក្នុង​ក្រុមជីហាត​រដ្ឋអ៊ីស្លាម បន្ទាប់មក ក្រុមនេះ បាន​ត្រលប់​ទៅ​បង្ក​ភេរវកម្ម នៅតំបន់​ស៊ីនជាំង ក្នុង​ប្រទេស​ចិន​វិញ។

ប្រធានាធិបតី​អ៊ែរដូហ្កាន កំពុង​ឈរនៅ​កន្លែង​មួយ ដែល​គាត់​ពិបាក​នឹង​សម្រេចចិត្ត ថា តើ​ត្រូវ​ដើរ​ទៅ​ផ្លូវណា។ ម្យ៉ាង​ត្រូវ​ចេញមុខ​ការពារ​ជនជាតិ​អ៊ុយហ្គួរ ដើម្បី​បំពេញ​ចិត្ត​មតិសាធារណៈ​តួកគី ប៉ុន្តែ ធ្វើដូច្នេះ នឹង​អាច​ធ្វើ​ឲ្យ​ចិន​អន់ចិត្ត។ ដោយ​រិះគន់​ចិន ពីរឿង​បង្រ្កាប​ទៅលើ​ជនជាតិ​អ៊ុយហ្គួរ​ដែល​ជា​បងប្អូន តួកគី ប៉ុន្តែ ជាមួយ​គ្នានោះ ក៏​ទៅ​យកចិត្ត​ចិន ដើម្បី​បាន​ប្រយោជន៍​សេដ្ឋកិច្ច និង​យោធា​យ៉ាងដូច្នេះ លោក​អ៊ែរដូហ្កាន​គឺ​កំពុង​​ធ្វើ​នយោបាយ ក្រោមរូបភាព ខ្លួន​មួយ​ចង់​ជិះទូក​ពីរ។

កាលពី​ពីរអាទិត្យ​មុននេះ នៅ​មុខ​មន្រ្តីទូត​បរទេស ដែល​មានផងដែរ ឯកអគ្គរដ្ឋទូត​ចិន នៅតួកគី លោកអ៊ែរដូហ្កាន ​បាន​និយាយ​កែតម្រូវ​ស្ថានការណ៍​ដែល​ថា គេ​អាច​សំដែង សាមគ្គីភាព​ជាមួយ​ជនជាតិ​អ៊ុយហ្គួរ ដោយ​មិន​ចាំបាច់ ធ្វើ​សកម្មភាព​ប្រឆាំង​ចិន។ សាររបស់​លោកប្រធានាធិបតី ធ្វើឡើង នៅ​តែ ២​សប្តាហ៍​មុន​ទស្សនកិច្ច​របស់លោក​ទៅចិន ហាក់​ចង់​បញ្ជាក់​ថា រឿង​អ៊ុយហ្គួរ នឹង​អាច​ត្រូវ​លុបបាំង​ជិត ដោយ​ផលប្រយោជន៍​សេដ្ឋកិច្ច និង​យោធា​របស់​តួកគី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ